ក្នុងអំឡុងពេលនៃថ្នាក់រៀនគូរគំនូរទេសភាព គ្រូបង្រៀនដែលជាវិចិត្រករអាជីព ដែលមានបទពិសោធន៍ខ្ពស់ បានធ្វើការពិនិត្យមើលកិច្ចការដំបូងរបស់ខ្ញុំ ដែលគាត់បានដាក់ឲ្យធ្វើ។ គាត់បានឈរមើលដោយភាពស្ងប់ស្ងាត់ នៅពីមុខផ្ទំាងគំនូររបស់ខ្ញុំ ដោយដៃម្ខាងគ្របពីក្រោមចង្ការរបស់គាត់។ ពេលនោះ ខ្ញុំស្មានថា គាត់នឹងនិយាយថា ផ្ទាំងគំនូររបស់ខ្ញុំពិតជាយ៉ាប់ណាស់។
តែគាត់មិនបាននិយាយអញ្ចឹងទេ។
គាត់និយាយថា គាត់ចូលចិត្តការដាក់ពណ៌ និងការបង្ហាញចេញអារម្មណ៍ដ៏ទូលាយ នៅក្នុងផ្ទាំងគំនូររបស់ខ្ញុំ។ បន្ទាប់មក គាត់ក៏បានលើកឡើងថា ខ្ញុំគួរតែគូរដើមឈើដែលនៅឆ្ងាយៗ ដោយប្រើពណ៌ស្រាលៗ ហើយខ្ញុំចាំបាច់ត្រូវគូរកញ្ចុំស្មៅ ឲ្យមានចុងស្រួចៗជាងនោះ។ គាត់មានសិទ្ធិរិះគន់ស្នាដៃគំនូររបស់ខ្ញុំ ផ្អែកទៅលើក្បួនច្បាប់នៃទស្សនៈ និងការប្រើពណ៌ តែការរិះគន់របស់គាត់ គឺពិតត្រង់ ហើយសប្បុរស។
ព្រះយេស៊ូវមានសិទ្ធិអំណាចដ៏គ្រប់លក្ខណ៍ ដើម្បីថ្កោលទោសមនុស្ស ដោយសារអំពើបាបដែលពួកគេបានប្រព្រឹត្ត តែទ្រង់មិនបានប្រើក្រឹត្យវិន័យដប់ប្រការ ដើម្បីវាយប្រហារមកលើស្តី្រសាសន៍សាំម៉ារី ដែលទ្រង់បានជួប នៅក្បែរអណ្តូងទឹកនោះទេ។ ផ្ទុយទៅវិញ ទ្រង់បានរិះគន់នាង តាមរបៀបដ៏សុភាព ដោយប្រើព្រះបន្ទូលដ៏មានន័យរបស់ទ្រង់។ ព្រះបន្ទូលទ្រង់ក៏បានបង្ហាញឲ្យនាងដឹងថា ការស្វែងរកភាពស្កប់ចិត្ត នៅកន្លែងខុស បាននាំឲ្យនាងធ្លាក់ចូលអំពើបាបកាន់តែខ្លាំង។ ដោយសារព្រះយេស៊ូវជ្រាបអំពីបញ្ហានេះ ទ្រង់ក៏បានបើកបង្ហាញព្រះអង្គទ្រង់ ឲ្យនាងដឹងថា ទ្រង់ជាប្រភពតែមួយគត់ នៃភាពស្កប់ស្កល់ដ៏អស់កល្បជានិច្ច(យ៉ូហាន ៤:១០-១៣)។
ព្រះយេស៊ូវបានបង្ហាញចេញនូវការគួបផ្សំនៃព្រះគុណ និងសេចក្តីពិត ក្នុងរឿងនេះ ក៏ដូចជាក្នុងទំនាក់ទំនងដែលយើងមានជាមួយទ្រង់ផងដែរ(១:១៧)។ សេចក្តីពិតក៏បានដាស់តឿនយើង កុំឲ្យគិតថា អំពើបាបរបស់យើងមិនមែនជារឿងធំដុំ តែព្រះគុណទ្រង់បានជួយឲ្យយើងរួចពីបាប។
ចូរយើងទូលសូមឲ្យព្រះយេស៊ូវបង្ហាញយើង នូវផ្នែកណាខ្លះក្នុងជីវិតយើង ដែលយើងចាំបាច់ត្រូវលូតលាស់ ដើម្បីឲ្យយើងកាន់តែមានលក្ខណៈដូចទ្រង់។—JENNIFER BENSON SCHULDT