ក្នុងរយៈពេលតែ៦ខែសោះ ជីវិតរបស់លោកជើរល(Gerald) បានជួបរឿងធំផ្ទួនៗ។ វិបត្តិសេដ្ឋកិច្ចបានបំផ្លាញមុខជំនួញ និងទ្រព្យសម្បត្តិរបស់គាត់ ហើយទន្ទឹមនឹងនោះ គ្រោះថ្នាក់ដ៏សោកសៅបានឆក់យកជីវិតរបស់កូនប្រុសគាត់ទៀត។ រឿងដ៏តក់ស្លត់នេះ បានធ្វើឲ្យម្តាយរបស់គាត់គាំងបេះដូងស្លាប់ ភរិយារបស់គាត់ក៏មានជម្ងឺធ្លាក់ទឹកចិត្ត ហើយគេនៅតែមិនអាចកម្សាន្តចិត្តកូនស្រីទាំងពីរនាក់ ដែលនៅក្មេងនៅឡើយ។ ពេលនោះ គាត់មិនដឹងថា ត្រូវធ្វើអ្វីឡើយ ក្រៅពីទូលសួរព្រះជាម្ចាស់ តាមអ្នកនិពន្ធកណ្ឌទំនុកដំកើងថា “ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ?”(ទំនុកដំកើង ២២:១)។
លោកជើរលអាចបន្តដំណើរទៅមុខទៀតបាន គឺដោយសារតែគាត់មានសង្ឃឹមថា ព្រះដែលបានប្រោសព្រះយេស៊ូវ ឲ្យមានព្រះជន្មរស់ឡើងវិញ នឹងរំដោះគាត់ និងគ្រួសារគាត់ ឲ្យរួចពីការឈឺចាប់ ហើយនឹងទទួលបានក្តីអំណរដ៏អស់កល្បជាជំនួសវិញ។ គឺគាត់សង្ឃឹមថា ព្រះជាម្ចាស់នឹងឆ្លើយតប ចំពោះគាត់ ពេលដែលគាត់ស្រែករកជំនួយពីទ្រង់។ ក្នុងពេលដែលគាត់អស់សង្ឃឹម គាត់បានប្តេជ្ញាចិត្តថា នឹងទុកចិត្តព្រះ ក្នុងពេលដែលគាត់មានទុក្ខវេទនា គឺមិនខុសពីស្តេចដាវីឌដែលជាអ្នកនិពន្ធព្រះគម្ពីរទំនុកដំកើងនោះឡើយ។ គាត់បានប្រកាន់ខ្ជាប់នូវក្តីសង្ឃឹមថា ព្រះជាម្ចាស់នឹងរំដោះ ហើយសង្រ្គោះគាត់(ខ.៤-៥)។
ក្តីសង្ឃឹមនោះ បានចម្រើនកម្លាំងលោកជើរល។ ប៉ុន្មានឆ្នាំក្រោយមក ពេលគេសួរគាត់ថា តើគាត់សុខសប្បាយទេ គាត់គ្រាន់តែអាចឆ្លើយថា គាត់កំពុងតែទុកចិត្តព្រះ។
ដោយសារគាត់បានទុកចិត្តទ្រង់ នោះទ្រង់ក៏បានប្រទានគាត់នូវការកម្សាន្តចិត្ត កម្លាំង និងសេចក្តីក្លាហាន ដើម្បីបន្តដំណើរទៅមុខ ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ។ ក្រុមគ្រួសារគាត់ក៏បានមានភាពល្អប្រសើរឡើងវិញបន្តិចម្តងៗ បន្ទាប់ពីសោកនាដកម្មនោះបានកើតឡើង ហើយមិនយូរប៉ុន្មាន លោកជើរលក៏បានស្វាគមន៍កំណើតរបស់ចៅទីមួយរបស់គាត់។ គាត់បានយំដោយអំណរ ជាទីបន្ទាល់ ចំពោះភាពស្មោះត្រង់របស់ព្រះជាម្ចាស់។ ពីមុនគាត់សួរព្រះជាម្ចាស់ថា ហេតុអ្វីបានជាទ្រង់បោះបង់គាត់ចោល? តែពេលនេះ គាត់ឈប់សួរទ្រង់ដូចនេះទៀតហើយ ព្រោះទ្រង់បានប្រទានពរដល់គាត់។
ពេលដែលយើងហាក់ដូចជាគ្មានសល់អ្វីសោះ យើងត្រូវចាំថា យើងនៅមានសង្ឃឹម។—LESLIE KOH