មានពេលមួយ ខ្ញុំបានទិញតុក្កតា “ខ្លាឃ្មំ” ធ្វើជាអំណោយ សម្រាប់ចៅរបស់ខ្ញុំ។ វាជាតុក្កតាដ៏ធំមួយ ដែលគេបានញាត់គខាងក្នុង ដែលបានជួយឲ្យខ្ញុំបង្ហាញចេញនូវក្តីស្រឡាញ់ចំពោះគាត់។ ពីដំបូង ចៅរបស់ខ្ញុំបានឆ្លើយតប ដោយការងឿងឆ្ងល់។ បន្ទាប់មក គាត់ក៏បានភ្ញាក់ផ្អើល។ ហើយដោយសារការចង់ដឹងចង់យល់ គាត់ក៏បានធ្វើការពិនិត្យមើល យ៉ាងក្លាហាន។ គាត់យកម្រាមដៃរបស់គាត់ទៅប៉ះច្រមុះខ្លាឃ្មំនោះ ហើយពេលដែលខ្លាឃ្មំដួលទៅមុខ មកលើដៃរបស់គាត់ គាត់ក៏បានឆ្លើយតបទៅវិញ ដោយអំណរ។ ចៅរបស់ខ្ញុំក៏បានផ្អែកទៅលើទ្រូងដ៏ស្រមូវរបស់ខ្លាឃ្មំ ហើយឱបវាយ៉ាងណែន។ ស្នាមញញឹមរបស់គាត់បានលេចឡើងនៅថ្ពាល់គាត់ ខណៈពេលដែលគាត់ក្រាបពីលើរោមទន់ៗរបស់ខ្លាឃ្មំ។ ក្មេងតូចម្នាក់នេះ មិនដឹងថា តុក្កតាខ្លាឃ្មំមិនអាចស្រឡាញ់គាត់នោះទេ។ គាត់មានអារម្មណ៍ថា តុក្កតាខ្លាឃ្មំនោះស្រឡាញ់គាត់ ហើយក៏បានតបស្នងវិញ ដោយក្តីស្រឡាញ់របស់គាត់ អស់ពីចិត្ត។
ក្នុងសំបុត្រទីមួយ ក្នុងចំណោមសំបុត្របីច្បាប់ដំបូង ដែលសាវ័កយ៉ូហានសរសើរផ្ញើទៅពួកជំនុំដំបូង គាត់បានបង្រៀនដោយចិត្តក្លាហានថា ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ គឺដូចដែលគាត់បានសរសេរថា “យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួសេចក្តីស្រឡាញ់”(១យ៉ូហាន ៤:១៦)។
ព្រះជាម្ចាស់ស្រឡាញ់យើងរាល់គ្នា ដោយព្រះហស្តបើកចំហរចាំទទួលយើង ដោយព្រះទ័យស្មោះ(យ៉ូហាន ៣:១៦)។ ព្រះជាម្ចាស់បានបង្ហាញចេញនូវសេចក្តីស្រឡាញ់ចំពោះយើង ដោយការលះបង់ ដោយឥតសំចៃ តាមរយៈព្រះយេស៊ូវ។
លោកយ៉ូហានក៏បានមានប្រសាសន៍ទៀតថា “ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន”(១យ៉ូហាន ៤:១៩)។ ពេលយើងជឿថា ព្រះស្រឡាញ់យើង នោះយើងក៏បង្ហាញចេញនូវសេចក្តីស្រឡាញ់តបស្នងមកវិញ។ សេចក្តីស្រឡាញ់ដ៏ពិតរបស់ព្រះជាម្ចាស់ ធ្វើឲ្យយើងអាចស្រឡាញ់ព្រះអង្គ និងអ្នកដទៃអស់ពីចិត្ត។ —ELISA MORGAN