មានពេលមួយ ខ្ញុំមានចិត្តអន្ទះសារចង់វិលត្រឡប់ទៅមន្ទីរចាស់ជរា សេនត៍ ចេមស៍ នៅតំបន់ឆ្នេរម៉ុនតេហ្គូ ប្រទេសចាម៉ៃកា ដើម្បីភ្ញាប់ទំនាក់ទំនងជាមួយលោករែនឌល(Rendell) ឡើងវិញ ដែលប្រហែលពីរឆ្នាំមុន គាត់បានយល់អំពីសេចក្តីស្រឡាញ៉ ដែលព្រះយេស៊ូវមានចំពោះគាត់។ អេវី(Evie) ជាក្មេងជំទង់ នៅក្នុងក្រុមចម្រៀងវិទ្យាល័យ ដែលខ្ញុំបានធ្វើដំណើរជាមួយ រៀងរាល់រដូវផ្ការីកមកដល់។ អេវីបានអានព្រះគម្ពីរជាមួយលោករែនឌល ហើយក៏បានបកស្រាយពន្យល់ អំពីដំណឹងល្អ ឲ្យគាត់ស្តាប់ ហើយគាត់ក៏បានទទួលជឿព្រះ ជាព្រះអង្គសង្រ្គោះរបស់គាត់។
ពេលដែលខ្ញុំបានចូលទៅក្នុងផ្ទះ នៅផ្នែកដែលគេបានបែកចែកសម្រាប់ប្រុសៗ ខ្ញុំក៏បានរកមើលលោករែនឌល នៅគ្រែគេងរបស់គាត់ តែមិនឃើញគាត់សោះ។ ខ្ញុំក៏បានទៅកន្លែងប្រចាំការរបស់ក្រុមពេទ្យ ហើយគេក៏បានប្រាប់ខ្ញុំ នូវរឿងដែលខ្ញុំមិនចង់ឮ។ គាត់បានលាចាកលោក មុនពេលខ្ញុំមកដល់ប្រាំថ្ងៃ។
ខ្ញុំក៏បានផ្ញើសារទៅអេវី ទាំងទឹកភ្នែក ដើម្បីប្រាប់ដំណឹងដ៏សោកសៅនេះ។ នាងក៏បានឆ្លើយតប តាមរបៀបដ៏សាមញ្ញថា “ពេលនេះ លោករែនឌលកំពុងតែសប្បាយរីករាយ ជាមួយព្រះយេស៊ូវ។ អរព្រះគុណព្រះអង្គ ដែលយើងបាននាំគាត់ឲ្យទទួលជឿព្រះយេស៊ូវ កាលគាត់នៅរស់”។
ពាក្យសម្តីរបស់នាង បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសារៈសំខាន់នៃការត្រៀមខ្លួន ដើម្បីចែកចាយ ដោយក្តីស្រឡាញ់ ឲ្យអ្នកដទៃបានស្គាល់ក្តីសង្ឃឹម ដែលយើងមានក្នុងព្រះគ្រីស្ទ។ ជាការពិតណាស់ យើងមិនតែងតែមានភាពងាយស្រួល នៅក្នុងការផ្សាយដំណឹងល្អ អំពីព្រះមួយអង្គ ដែលតែងតែគង់នៅក្បែរយើងជានិច្ចនោះទេ(ម៉ាថាយ ២៨:២០) តែពេលដែលយើងគិតអំពីការផ្លាស់ប្តូរ ដែលយើង និងមនុស្សដូចលោករែនឌល អាចទទួលបាន ពីការផ្សាយដំណឹងល្អនោះ យើងប្រហែលជាមានទឹកចិត្ត នៅក្នុងការត្រៀមខ្លួនជាស្រេច ដើម្បី “បង្កើតសិស្ស” នៅកន្លែងណាដែលយើងទៅដល់(ខ.១៩)។
ខ្ញុំនៅតែមានអារម្មណ៍សោកសៅ ពេលដែលខ្ញុំគិតដល់គ្រែគេងរបស់លោករែនឌលដែលនៅទទេ តែខ្ញុំក៏មានអំណរផងដែរ ដែលបានដឹងអំពីការផ្លាស់ប្តូរ ដែលបានកើតមានក្នុងជីវិតរបស់លោករែនឌល ដោយសារយុវជនដ៏ស្មោះត្រង់ម្នាក់។—DAVE BRANON