កាលអាប៊ី(Abby)រៀននៅវិទ្យាល័យ នាងនិងម្តាយរបស់នាង បានស្តាប់ឮពត៌មានផ្សាយ អំពីយុវជនម្នាក់ ដែលមានរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលបានឆក់យកជីវិតឪពុកបង្កើត និងម្តាយចុងរបស់ខ្លួន។ ទោះពួកគេមិនដែលស្គាល់គ្នាក្តី ម្តាយរបស់អាប៊ីបាននាំអាប៊ីអធិស្ឋានឲ្យគាត់ និងក្រុមគ្រួសារគាត់។
ពីរបីឆ្នំាក្រោយមក ថ្ងៃមួយ ពេលដែលអាប៊ីកំពុងតែពិបាករកកន្លែងអង្គុយក្នុងថ្នាក់រៀន មានសិស្សម្នាក់បានហៅនាងឲ្យអង្គុយក្បែរគាត់។ សិស្សនោះមានឈ្មោះ អូស្ទីន ហាច(Austin Hatch) ដែលជាជនរងគ្រោះធ្លាក់យន្តហោះ ដែលនាងបានអធិស្ឋានឲ្យនោះ។ មិនយូរប៉ុន្មាន ពួកគេក៏បានណាត់ជួបគ្នា ហើយនៅឆ្នាំ២០១៨ ពួកគេក៏បានរៀបការ។
ក្នុងការសំភាស នៅពេលដែលពួកគេជិតដល់ពេលរៀបការ អាប៊ីក៏បាននិយាយថា នាងមិននឹកស្មានសោះថា កាលនោះ នាងកំពុងតែអធិស្ឋានឲ្យគាត់ ដោយមិនដឹងថា គាត់ជាអនាគតស្វាមីរបស់នាង។ យើងងាយនឹងអធិស្ឋាន សម្រាប់តម្រូវការផ្ទាល់ខ្លួន និងសម្រាប់អ្នកដែលជិតស្និទ្ធនឹងយើងបំផុត ដោយមិនបានចំណាយពេលអធិស្ឋានឲ្យអ្នកដទៃទៀត។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅគ្រីស្ទបរិស័ទ នៅទីក្រុងអេភេសូរ គាត់បានប្រាប់ពួកគេឲ្យ “ប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយនូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់”(អេភេសូរ ៦:១៨)។ ហើយក្នុងបទគម្ពីរ ១ធីម៉ូថេ ២:១ បានប្រាប់យើងឲ្យអធិស្ឋានឲ្យ “មនុស្សទាំងអស់” ដោយរាប់បញ្ចូលទាំងអ្នកកាន់អំណាចផងដែរ។
ចូរយើងអធិស្ឋានឲ្យអ្នកដទៃ គឺសូម្បីតែអ្នកដែលយើងមិនស្គាល់ក៏ដោយ។ កាលណាយើងធ្វើដូចនេះ យើងអាចជួយសម្រាលបន្ទុកពួកគេផងដែរ(កាឡាទី ៦:២)។—DAVE BRANON