លោកយូជិន ភីធ័រសិន(Eugene Peterson) គឺជាគ្រូគង្វាល និងអ្នកនិពន្ធម្នាក់ ដែលមានឱកាសស្តាប់ការបង្រៀន របស់លោកប៉ុល ទួរនា(Paul Tournier) ដែលជាវេជ្ជបណ្ឌិត និងអ្នកប្រឹក្សាយោបលគ្រូគង្វាល ដែលបានទទួលការគោរពពីមនុស្សជាច្រើន។ លោកភីធ័រសិនបានអានអត្ថបទ ដែលនិយាយអំពីការងាររបស់លោកវេជ្ជបណ្ឌិត ហើយក៏បានកោតសរសើរវិធីសាស្រ្តដែលគាត់ប្រើ នៅក្នុងការព្យាបាលជម្ងឺ។ ការបង្រៀននៅថ្ងៃនោះ បាននាំឲ្យលោកភីធ័រសិនមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះគាត់។ ពេលដែលគាត់បានស្តាប់ការបង្រៀននោះ គាត់យល់ថា លោកទួរនាបានរស់នៅ ដូចអ្វីដែលខ្លួននិយាយ ហើយក៏បាននិយាយ ស្របតាមការរស់នៅរបស់ខ្លួន។ អ្វីដែលគាត់ចាប់អារម្មណ៍បំផុត នៅថ្ងៃនោះ គឺការរស់នៅឲ្យស្របនឹងអ្វីដែលខ្លួនបង្រៀន។
ការរស់នៅឲ្យស្របនឹងអ្វីដែលខ្លួនបង្រៀន គឺមានភាពចាំបាច់ណាស់។ សាវ័កយ៉ូហានបាននិយាយសង្កត់ធ្ងន់ថា “អ្នកណាដែលថា ខ្លួននៅក្នុងពន្លឺ តែស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្តីងងឹត ដរាបដល់សព្វថ្ងៃនេះ”(១យ៉ូហាន ២:៩)។ បានសេចក្តីថា បើយើងមិនស្រឡាញ់បងប្អូនរួមជំនឿរបស់យើងទេ នោះការរស់នៅរបស់យើង មិនស្របនឹងពាក្យសម្តីរបស់យើងទេ។
លោកយ៉ូហានក៏បាននិយាយទៀតថា អ្នកទាំងនោះ “មិនដឹងជាខ្លួនទៅឯណាផង”(ខ.១១) បានសេចក្តីថា សេចក្តីងងឹតបានបំបាំងភ្នែកគេហើយ។
សេចក្តីងងឹតនឹងឈប់បាំងភ្នែកយើងទៀត ពេលដែលយើងរស់នៅឲ្យត្រូវតាមបំណងព្រះទ័យព្រះ ដោយដើរតាមពន្លឺនៃព្រះបន្ទូលទ្រង់។ ជាលទ្ធផល យើងនឹងមានទស្សនៈដែលត្រូវនឹងព្រះទ័យព្រះ ដោយមានគំនិតភ្លឺច្បាស់ ហើយការប្រព្រឹត្តរបស់យើង នឹងសមស្របនឹងការបង្រៀនរបស់យើង។ ពេលអ្នកដទៃសង្កេតមើលយើង គេនឹងចាប់អារម្មណ៍ចំពោះព្រះដែលយើងដឹងច្បាស់ថា យើងកំពុងតែដើរតាម។ —JOHN BLASÉ