លោកស្ទីហ្វឹន ខាស(Stephen Cass) ជាអ្នកកែសម្រួលអត្ថបទ ឲ្យទស្សនាវដ្តីឌីសខោវើ។ គាត់បានតាំងចិត្តថា នឹងស៊ើបអង្កេតមកលើអ្វីដែលគាត់មិនអាចមើលឃើញ ដែលជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃរបស់គាត់។ ពេលដែលគាត់កំពុងតែដើរទៅរកការិយាល័យរបស់គាត់ នៅទីក្រុងញូយ៉ក គាត់ក៏បានគិតថា បើសិនជាគាត់អាចមើលឃើញរលកវិទ្យុ នោះពេលគាត់មើលទៅអគារអ៊ីមផាយអឺ ស្តេត(ដែលនៅលើដំបូលរបស់វា មានអង់តែនវិទ្យុ និងទូរទស្សន៍ជាច្រើន) គាត់នឹងឃើញវាបញ្ចេញពន្លឺភ្លើងពណ៌ចម្រុះ ជារលកវិទ្យុដែលបាញ់ទៅគ្រប់ទិសទីក្នុងទីក្រុង។ គាត់ដឹងថា នៅជុំវិញខ្លួនគាត់ មានពេញទៅដោយដែនម៉ាញេទិចអគ្គីសនី ជារលកវិទ្យុ ដែលបានចេញពីអង់តែនវិទ្យុ ទូរទស្សន៍ វ៉ាយហ្វាយ ។ល។
នៅពេលព្រឹកថ្ងៃមួយ អ្នកបម្រើរបស់លោកអេលីសេបានដឹងអំពីពិភពដែលមើលមិនឃើញមួយប្រភេទទៀត គឺពិភពខាងវិញ្ញាណ។ កាលនោះ គាត់បានភ្ញាក់ពីដំណេក ហើយក៏បានឃើញកងទ័ពរបស់នគរស៊ីរីព័ទជុំវិញ គាត់ និងចៅហ្វាយរបស់គាត់។ ភ្នែករបស់គាត់បានឃើញពួកទាហានជិះសេះ និងរទេះចម្បាំងដ៏ខ្លាំងក្លា(២ពង្សាវតាក្សត្រ ៦:១៥)។ អ្នកបម្រើនោះក៏មានការភ័យខ្លាច តែលោកអេលីសេមានទំនុកចិត្ត ព្រោះគាត់បានឃើញពលទេវតា ដែលកំពុងហ៊ុមព័ទ្ធពួកគេ។ លោកអេលីសេក៏បានប្រាប់គាត់ថា “កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត”(ខ.១៦)។ បន្ទាប់មក លោកអេលីសេក៏បានទូលសូមព្រះអម្ចាស់បើកភ្នែកអ្នកបម្រើគាត់ ឲ្យអាចមើលឃើញព្រះអម្ចាស់ហ៊ុមព័ទ្ធខ្មាំងសត្រូវរបស់ពួកគេ ហើយទ្រង់កំពុងតែគ្រប់គ្រងស្ថានការណ៍ផងដែរ(ខ.១៧)។
តើអ្នកមានអារម្មណ៍ថា ខ្លួនកំពុងតែជួបការលំបាកដែលលើសសមត្ថភាព ហើយធ្វើឲ្យអ្នកអស់សង្ឃឹមឬទេ? សូមចាំថា ព្រះអម្ចាស់ កំពុងតែគ្រប់គ្រងស្ថានការណ៍ ហើយក៏ប្រយុទ្ធជំនួសយើងផង។ ដ្បិតមានសេចក្តីចែងថា “ទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ ពីដំណើរឯង ឲ្យបានថែរក្សាឯង ក្នុងគ្រប់ទាំងផ្លូវរបស់ឯង”(ទំនុកដំកើង ៩១:១១)។—POH FANG CHIA