ដើមផ្កាឈូករតន៍បានដុះដោយសេរី នៅទូទាំងពិភពលោក។ សត្វឃ្មំបានជួយឲ្យរុក្ខជាតិនេះបង្ករកំណើត។ គេឃើញពួកវាដុះនៅសងខាងផ្លូវជាតិ និងនៅកន្លែងដាក់ចំណីឲ្យសត្វបក្សី ហើយនៅតាមទីវាល វាលស្មៅ និងវាលទំនាប។ ទោះជាយ៉ាងណាក៏ដោយ បើសិនជាគេចង់ដាំដើមផ្កាឈូករតន៍ ដើម្បីប្រមូលផល គេត្រូវដាំវានៅកន្លែងដែលមានដីល្អ។ ទស្សនាវដ្តីកសិករបានចេញផ្សាយថា ដើមផ្កាឈូករតន៍ត្រូវការដីដែលមានសំណើមល្អ មានជាតិអាស៊ីតបន្តិចបន្តួច និងសម្បូរជីវជាតិ ដោយសារជីសរីរាង្គ ឬជីកំប៉ុស ដើម្បីឲ្យគ្រាប់ពួកវាមានរស់ជាតិឆ្ងាញ់ មានប្រេងសុទ្ធល្អ និងជួយដល់ជីវភាពរបស់កសិករដែលបានប្រឹងប្រែងដាំពួកវា ។
យើងក៏ត្រូវការ “ដីល្អ” សម្រាប់ការលូតលាស់ខាងវិញ្ញាណផងដែរ(លូកា ៨:១៥)។ តាមការបង្រៀនរបស់ព្រះយេស៊ូវ ជាពាក្យប្រៀបប្រដូច អំពីកសិករដែលព្រោះគ្រាប់ពូជ ព្រះបន្ទូលព្រះក៏អាចដុះ នៅក្នុងដីដែលមានថ្មច្រើន ឬមានបន្លា(មើលខ.៦-៧)។ ប៉ុន្តែ ព្រះបន្ទូលទ្រង់អាចលូតលាស់បានល្អ តែនៅក្នុងដី ដែល”ដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្តីអត់ធន់”(ខ.១៥)។
ដើមផ្កាឈូករតន៍ដែលនៅតូច ក៏មានការអត់ធន់នៅក្នុងការលូតលាស់ផងដែរ។ ពួកវាបានបែរទៅរកទិសដែលមានថ្ងៃរះ ជារៀងរាល់ថ្ងៃ។ ដើមផ្កាឈូករតន៍ដែលពេញវ័យក៏អត់ធន់ក្នុងការលូតលាស់ផងដែរ។ ពួកវាងាកទៅទិសខាងលិចជារៀងរហូត ដើម្បីកម្តៅផ្ទៃមុខផ្ការបស់ពួកវាដែលបានរីក និងដើម្បីទាក់ទាញសត្វឃ្មំកាន់តែច្រើន ឲ្យមកជួយពួកវាបង្ករកំណើត។ ការនេះបានជួយពួកវាបង្កើនទិន្នផលឲ្យកាន់តែច្រើន។
យ៉ាងណាមិញ ព្រះបន្ទូលព្រះក៏អាចលូតលាស់ នៅក្នុងជីវិតយើងបានល្អផងដែរ ពេលដែលយើងតោងព្រះបន្ទូលទ្រង់ឲ្យជាប់ ហើយងាកទៅរកព្រះរាជបុត្រាទ្រង់ជាប់ជានិច្ច ដោយចិត្តដែលស្មោះត្រង់ និងមានចិត្តដ៏ល្អ សម្រាប់ឲ្យព្រះបន្ទូលទ្រង់លូតលាស់ក្នុងយើង។ យើងត្រូវអនុវត្តដូចនេះជារៀងរាល់ថ្ងៃ។ សូមយើងងាកទៅរកព្រះរាជបុត្រាទ្រង់ ហើយលូតលាស់ខាងវិញ្ញាណ។ —PATRICIA RAYBON