ពេលដែលឌែនីស(Denise) ចាប់ផ្តើមណាត់ជួបជាទៀងទាត់ជាមួយមិត្តប្រុសរបស់នាង នាងបានព្យាយាមថែរាង្គឲ្យនៅស្គមស្អាត ហើយបានស្លៀកពាក់ឲ្យទាន់សម័យ ដោយជឿថា វានឹងធ្វើឲ្យនាងកាន់តែមានភាពទាក់ទាញចំពោះគាត់។ តាមពិតទៅ វាជាអ្វីដែលទស្សនាវដ្តីស្រ្តីបានឲ្យយោបលដល់នាង។ ប៉ុន្តែ ក្រោយមក នាងក៏បានដឹងថា គាត់គិតយ៉ាងណាចំពោះនាង ពេលដែលគាត់ប្រាប់នាងថា គាត់ស្រឡាញ់នាងជានិច្ច ទោះនាងធាត់ជាងនោះ ហើយមានការស្លៀកពាក់បែបណាក៏ដោយ។
ដេនីសក៏បានដឹងថា មនុស្សមានការយល់ឃើញខុសៗគ្នា អំពីសម្រស់របស់មនុស្ស។ ទស្សនៈដែលយើងមានចំពោះសម្រស់ ក៏ងាយនឹងទទួលឥទ្ធពលពីអ្នកដទៃផងដែរ។ ជាញឹកញាប់ មនុស្សច្រើនតែផ្តោតទៅលើសម្បកក្រៅ ហើយភ្លេចតម្លៃនៃសម្រស់ដែលនៅខាងក្នុង។ ប៉ុន្តែ ព្រះជាម្ចាស់បានទតមកយើង ហើយឃើញថា យើងជាកូនដ៏ស្រស់ស្អាត និងជាទីស្រឡាញ់របស់ទ្រង់។ ពេលដែលព្រះជាម្ចាស់បង្កើតពិភពលោកមក មនុស្សគឺជាស្នាព្រះហស្តល្អបំផុតរបស់ទ្រង់។ អ្វីៗដែលទ្រង់បានបង្កើត គឺសុទ្ធតែល្អ ប៉ុន្តែ យើងពិសេសលើសស្នាព្រះហស្តដទៃទៀត ព្រោះទ្រង់បានបង្កើតយើង ឲ្យត្រូវនឹងរូបអង្គទ្រង់(លោកុប្បត្តិ ១:២៧)។
ព្រះជាម្ចាស់បានចាត់ទុកយើង ជាស្នាព្រះហស្តដ៏ស្រស់ស្អាត។ ហេតុនេះហើយ បានជាអ្នកនិពន្ធបទទំនុកដំកើង មានការស្ញែងខ្លាច ពេលដែលគាត់បានប្រៀបធៀបភាពអស្ចារ្យនៃធម្មជាតិ ជាមួយនឹងមនុស្ស។ គាត់សួរថា “នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ?(ទំនុកដំកើង ៨:៤)។ តែទ្រង់បានសម្រេចព្រះទ័យប្រទានឲ្យមនុស្ស នូវសិរីល្អ និងកេរ្តិ៍ឈ្មោះ លើសស្នាព្រះហស្តផ្សេងទៀត(ខ.៥)។
សេចក្តីពិតនេះបានផ្តល់ឲ្យយើងនូវការធានា និងហេតុផលដែលត្រូវសរសើរដំកើងព្រះអង្គ(ខ.៩)។ ទោះអ្នកដទៃគិតពីយើងយ៉ាងដូចម្តេច ឬយើងគិតយ៉ាងណា ចំពោះខ្លួនឯងក្តី ចូរយើងចាំថា យើងមានភាពស្រស់ស្អាត ចំពោះព្រះជាម្ចាស់។—LESLIE KOH