លោកហារ៉ាឡាន ប៉ូប៉ូវ(Haralan Popov) មិនដឹងថា ជីវិតគាត់នឹងទៅជាយ៉ាងណាទេ ពេលដែលកន្តឹងទ្វារផ្ទះគាត់បានរោទ៍ឡើង នៅពេលព្រឹកថ្ងៃមួយ កាលពីឆ្នាំ១៩៤៨។ ប៉ូលីសនៃប្រទេសប៊ុលការីក៏បានចាប់គាត់ដាក់គុក ដោយគ្មានការព្រមានជាមុន ដោយសារគាត់មានជំនឿលើព្រះគ្រីស្ទ។ គាត់ក៏បានជាប់គុក១៣ឆ្នាំ តែគាត់បានអធិស្ឋានសូមកម្លាំង និងសេចក្តីក្លាហានពីព្រះជាម្ចាស់ជាប្រចាំ។ ទោះគេធ្វើបាបគាត់យ៉ាងណាក៏ដោយ គាត់ដឹងថា ព្រះជាម្ចាស់គង់នៅជាមួយគាត់ ហើយគាត់ក៏បានផ្សាយដំណឹងល្អនៃព្រះយេស៊ូវ ដល់អ្នកទោសដទៃទៀត ដែលក្នុងនោះ ពួកគេជាច្រើននាក់ក៏បានទទួលជឿព្រះអង្គ។
ក្នុងរឿងដែលបានកត់ទុកក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក៣៧ លោកយ៉ូសែបក៏មិនដឹងថា នឹងមានអ្វីកើតឡើងចំពោះគាត់ដែរ បន្ទាប់ពីគាត់ត្រូវបងប្អូនគាត់លក់ឲ្យទៅឈ្មួញ ដោយគ្មានក្តីមេត្តា ហើយឈ្មួញនោះក៏បាននាំគាត់ទៅនគរអេស៊ីព្ទ ហើយក៏បានលក់គាត់ឲ្យទៅលោកប៉ូទីផា ដែលជាមន្ត្រីរបស់នគរអេស៊ីព្ទ។ គាត់ក៏បានរស់នៅក្នុងវប្បធម៌ ដែលហ៊ុមព័ទ្ធដោយមនុស្ស ដែលជឿលើព្រះក្លែងក្លាយរាប់ពាន់អង្គ។ ដែលកាន់តែអាក្រក់ជាងនេះទៀតនោះ ភរិយារបស់លោកបូទីផាក៏បានចោទបង្ខូចគាត់ ធ្វើឲ្យគាត់ក្លាយជាអ្នកទោស(៣៩:១៦-២០)។ តែព្រះជាម្ចាស់មិនបានបោះបង់ចោលគាត់ឡើយ។ ទ្រង់មិនគ្រាន់តែបានគង់នៅជាមួយលោកយ៉ូសែបប៉ុណ្ណោះទេ តែទ្រង់ក៏បានប្រទានពរគាត់ “ឲ្យមានជោគជ័យ នៅក្នុងការអ្វីដែលគាត់ធ្វើ” ហើយ “បានបង្ហាញសេចក្តីសប្បុរសដល់គាត់
ហើយឲ្យពួកអ្នកកាន់អំណាចស្រឡាញ់គាត់ផងដែរ”(៣៩:៣,២១)។
តើលោកយ៉ូសែបមានការភ័យខ្លាចប៉ុណ្ណា ពេលដែលជួបប្រទះរឿងអាក្រក់ជាច្រើនដូចនេះ? ប៉ុន្តែ គាត់នៅតែមានចិត្តស្មោះត្រង់ ហើយរក្សាភាពសុចរិត។ ព្រះជាម្ចាស់បានគង់នៅជាមួយលោកយ៉ូសែប ក្នុងដំណើរជីវិតដ៏ពិបាករបស់គាត់ ហើយមានផែនការដ៏ធំសម្រាប់គាត់។ ទ្រង់ក៏មានផែនការដ៏ល្អសម្រាប់យើងម្នាក់ៗផងដែរ។ ចូរមានសង្ឃឹមឡើង ហើយដើរដោយជំនឿ ដោយទុកចិត្តថា ព្រះអង្គទតឃើញ ហើយក៏ជ្រាបអំពីបញ្ហាដែលយើងកំពុងជួបប្រទះផងដែរ។—ESTERA PIROSCA ESCOBAR