កាលនៅតូចខ្ញុំជាក្មេងរពឹស ដូចក្មេងដទៃទៀត ហើយក៏បានព្យាយាមលាក់បាំងអាកប្បកិរិយ៉ាដ៏អាក្រក់របស់ខ្ញុំ ដើម្បីកុំឲ្យមានរឿង។ តែតាមធម្មតា ម្តាយរបស់ខ្ញុំក៏បានដឹងអំពីកំហុសរបស់ខ្ញុំ។ ខ្ញុំនៅចាំថា ខ្ញុំមានការស្ញើចសរសើរចំពោះគាត់ ដែលឆាប់រកឃើញកំហុសរបស់ខ្ញុំ។ ពេលខ្ញុំសួរគាត់ថា គាត់បានដឹងដោយរបៀបណា គាត់តែងតែឆ្លើយថា គាត់មានភ្នែកមួយគូរទៀត នៅក្រោយក្បាលរបស់គាត់។ ជាការពិតណាស់ រឿងនេះបានធ្វើឲ្យខ្ញុំខំរកមើលភ្នែកមួយគូរនោះ ពេលណាគាត់បែរខ្នងមកខ្ញុំ។ ខ្ញុំឆ្ងល់ថា តើភ្នែកទំាងនោះចេះបំបាំងខ្លួន ឬគ្រាន់តែបង្កប់ពីក្រោមសក់របស់គាត់? ពេលខ្ញុំធំឡើង ខ្ញុំក៏ឈប់រកមើលភ្នែករបស់គាត់ទៀត ហើយក៏បានដឹងថា គាត់មិនមានភ្នែកនៅខាងក្រោយក្បាលគាត់ទេ។ តាមពិត ការដែលគាត់តាមដានកូនៗរបស់គាត់ គឺជាភស្តុតាងបង្ហាញថា គាត់យកចិត្តទុកដាក់ចំពោះកូនរបស់គាត់ ដោយក្តីស្រឡាញ់។

ខ្ញុំក៏មានការដឹងគុណចំពោះគាត់ ដែលបានចិញ្ចឹមបីបាច់ខ្ញុំ ដោយក្តីស្រឡាញ់(ទោះពេលខ្លះ ខ្ញុំមានការខកចិត្ត ដែលមិនអាចរួចខ្លួន ពីកំហុសរបស់ខ្ញុំ)។ ខ្ញុំកាន់តែមានការដឹងគុណចំពោះព្រះជាម្ចាស់ ដែលទ្រង់បានទតឃើញមនុស្សទាំងអស់ ពេលដែលទ្រង់មើលមកយើង ពីស្ថានសួគ៌(ទំនុកដំកើង ៣៣:១៣)។ ទ្រង់បានទតឃើញ លើសពីអ្វីដែលយើងធ្វើ គឺទ្រង់ទតឃើញទុក្ខព្រួយ ក្តីអំណរ និង
សេចក្តីស្រឡាញ់ដែលយើងមានចំពោះគ្នាទៅវិញទៅមក។

ព្រះជាម្ចាស់ទតឃើញចរិយាសម្បត្តិពិតប្រាកដរបស់យើង ហើយតែងតែជ្រាបថា យើងពិតជាត្រូវការអ្វី។ ទ្រង់ទតឃើញគ្មានកន្លែងចន្លោះ ហើយថែមទាំងទតឃើញអ្វីដែលមានក្នុងចិត្តយើងផងដែរ។ ព្រះអង្គថែរក្សាអ្នកដែលស្រឡាញ់ព្រះអង្គ ហើយដាក់ក្តីសង្ឃឹមរបស់ពួកគេ នៅក្នុងព្រះអង្គ(ខ.១៨)។ ព្រះអង្គជាព្រះបិតាដែលតែងតែយកព្រះទ័យទុកដាក់ និងស្រឡាញ់យើងជានិច្ច។—KIRSTEN HOLMBERG