តើធ្វើដូចម្តេចឲ្យយើងអាចបង្ហាញភាពពិតរបស់យើង? នេះជាសំណួរដ៏ធំមួយ ដែលត្រូវបានឆ្លើយ ក្នុងកូនសៀវភៅរឿងកុមារ ដែលមានចំណងជើងថា តុក្កតាទន្សាយដែលផលិតពីក្រណាត់កាំម្ញី ។ រឿងនេះនិយាយអំពីគ្រឿងលេងរបស់កុមារ ដែលក្នុងនោះតួអង្គតុក្កតាទន្សាយដែលគេបានផលិតពីក្រណាត់កាំម្ញី ព្យាយាមធ្វើខ្លួនវាឲ្យក្លាយជាសត្វទន្សាយពិតៗ ដោយធ្វើឲ្យក្មេងម្នាក់ស្រឡាញ់វា។ ក្នុងចំណោមគ្រឿងក្មេងលេងដទៃទៀត មានតុក្កតាសត្វសោះមួយដែលគេផលិតពីស្បែកសត្វ។ វាមានវ័យចំណាស់ ហើយមានប្រាជ្ញា។ វាបានឃើញគ្រឿងក្មេងលេង ដែលមានគ្រឿងម៉ាស៊ីននៅខាងក្នុងបានមកដល់ ហើយបានអួតអាង ប៉ុន្តែ មិនយូរប៉ុន្មានគ្រឿងក្មេងលេងទាំងនោះក៏បានបែកបាក់ ឬខូច ហើយគេក៏បានទិញគ្រឿងក្មេងលេងផ្សេងទៀតមកជំនួស។ ពួកវាមានរូបរាង្គ និងបញ្ចេញសម្លេងដែលគួរឲ្យស្ញើចសរសើរ ប៉ុន្តែ ការអួតក្អេងក្អាងរបស់ពួកវានឹងលែងមានប្រយោជន៍នៅទីបំផុត ដោយសារមនុស្សមិនបានស្រឡាញ់វាជារៀងរហូតនោះទេ។
ការអួតក្អេងក្អាង ពីដំបូងមើលទៅរឹងប៉ឹងណាស់ ប៉ុន្តែ នៅទីបញ្ចប់ វានឹងសាបរលាបទៅវិញ។ ព្រះគម្ពីរយេរេមាបានចែងអំពីអំណួត នៅក្នុងរឿងបីយ៉ាង ដែលមានដូចជា “ប្រាជ្ញា … កម្លាំង … និងទ្រព្យសម្បត្តិ”(យេរេមា ៩:២៣)។ ហោរាយេរេមាដែលប្រកបដោយប្រាជ្ញា បានរស់នៅយូរល្មមនឹងដឹង អំពីផលវិបាកនៃអំណួត ហើយគាត់ក៏បានប្រឆាំងនឹងអំណួតទាំងនោះ ដោយប្រើសេចក្តីពិតរបស់ព្រះអម្ចាស់ ដូចដែលបានចែងថា “ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ”(ខ.២៤)។
ចូរយើងដែលជាកូនព្រះ អួតតែអំពីព្រះជាម្ចាស់ ដែលជាព្រះបិតាដ៏ល្អរបស់យើង។ នៅក្នុងរឿងនៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ ដែលកំពុងតែបើកសម្តែង យើងចាំបាច់ត្រូវមានការលូតលាស់ ដោយការបន្ទាបខ្លួនកាន់តែខ្លាំង តាមភាពពិតជាក់ស្តែងរបស់យើង។—JOHN BLASÉ