ការញៀនថ្នាំគឺជាសោកនាដកម្មដែលនាំមកនូវវិប្បដិសារីធ្ងន់ធ្ងរ។ អ្នកប្រើប្រាស់ថ្នាំញៀនមានការស៊ាំនឹងបរិមាណថ្នាំញៀនដែលខ្លួនធ្លាប់ប្រើ បានជាពួកគេចេះតែបង្កើនបរិមាណថ្នាំញៀន កាន់តែច្រើនឡើងៗ។ មិនយូរប៉ុន្មាន បរិមាណថ្នាំញៀនដែលពួកគេចង់បន្ថែមនោះ លើសពីកំរិតដែលអាចសម្លាប់ពួកគេបាន។ ពេលដែលអ្នកញៀនថ្នាំបានទទួលដំណឹងថា មាននរណាម្នាក់ស្លាប់ដោយសារប្រើថ្នាំញៀនហួសកំរិត ពួកគេមិនមានការភ័យខ្លាចទេ តែផ្ទុយទៅវិញ ពួកគេក៏បានសួរថា តើពួកគេអាចទៅរកថ្នាំញៀនខ្លាំងយ៉ាងនោះ នៅកន្លែងណា?
លោកស៊ី អេស លូអ៊ីស(C. S. Lewis) បានដាស់តឿនអំពីការដាំក្បាលចុះក៏គ្រោះថ្នាក់នេះ នៅក្នុងសៀវភៅរឿងដែលគាត់បាននិពន្ធ មានចំណងជើងថា សំបុត្ររបស់អារក្ស ។ សៀវភៅនេះបានពន្យល់អំពីល្បិចដែលអារក្សប្រើ ដើម្បីល្បួងមនុស្ស។ ពីដំបូង វាប្រើការសប្បាយដើម្បីល្បួងយើង។ បើសិនជាអាច វាប្រើការសប្បាយដែលត្រូវតាមព្រះហឬទ័យព្រះ តែវាបាននាំយើងសប្បាយ តាមរបៀបដែលព្រះបានហាមឃាត់។ កាលណាយើងបានខាំនុយរបស់វាហើយ យើងក៏កើតមានចិត្តស្រេកឃ្លានចង់សប្បាយកាន់តែខ្លាំងជាងនេះទៀត។ វាក៏បាននាំយើងសប្បាយដែលកាន់តែខុសនឹងព្រះ ហើយទីបំផុត យើងក៏បានប្រគល់វិញ្ញាណយើងឲ្យទៅវា ដោយមិនដឹងខ្លួន ហើយមិនបានចំណេញអ្វីមកវិញសោះឡើយ។
បទគម្ពីរសុភាសិត ជំពូក៧ បានពន្យល់ អំពីការញៀនដ៏គ្រោះថ្នាក់នេះ នៅក្នុងការល្បួងខាងផ្លូវភេទ។ ការរួមដំណេកគឺជាអំណោយរបស់ព្រះជាម្ចាស់ ប៉ុន្តែ ពេលដែលគេស្វែងរកការសប្បាយនៅក្នុងផ្លូវភេទ ជាមួយអ្នកដែលមិនមែនជាប្តី ឬប្រពន្ធរបស់ខ្លួន នោះគេមិនខុសពីគោដែលគេកំពុងដឹកយកទៅសម្លាប់(ខ.២២)។ មនុស្សដែលរឹងមាំជាងយើង បានបំផ្លាញខ្លួនឯង ដោយដេញតាមការសប្បាយ ដែលគ្រោះថ្នាក់ ដូចនេះ ចូរយើងប្រុងប្រយ័ត្ន ហើយមិនត្រូវបណ្តោយឲ្យចិត្តយើងវង្វេង ទៅតាមផ្លូវខុសនោះឡើយ(ខ.២៤-២៥)។ អំពើបាបអាចមានការទាក់ទាញ ហើយធ្វើឲ្យយើងញៀនចេះតែប្រព្រឹត្តវា ប៉ុន្តែ ទីបញ្ចប់របស់វាគឺជាសេចក្តីស្លាប់(ខ.២៧)។ កាលណាយើងព្យាយាមជៀសវាង ឬជម្នះការល្បួង ដោយពឹងផ្អែកកម្លាំងរបស់ព្រះ យើងនឹងអាចរកឃើញអំណរ និងការស្កប់ស្កល់ដ៏ពិត ក្នុងព្រះអង្គ។ —MIKE WITTMER