កាលខ្ញុំកំពុងតែប្រចាំការក្នុងជួរកងទ័ព នៅប្រទេសអាឡឺម៉ង់ ខ្ញុំបានទិញរថយន្តវ៉កវេហ្គិន ប៊ីធល សេរីឆ្នាំ១៩៦៩ថ្មីមួយគ្រឿង។ ឡាននោះស្អាតណាស់។ តួខាងក្រៅរបស់វាមានពណ៌សម្បកឪឡឹក ដែលស៊ីនឹងផ្ទៃខាងក្នុង ដែលបានតុបតែង ដោយស្បែកសត្វពណ៌ត្នោត។ ខណៈពេលដែលអាយុរបស់វាកាន់តែចាស់ មានរឿងជាច្រើនបានចាប់ផ្តើមកើតឡើង ដែលរាប់បញ្ចូលទាំងគ្រោះថ្នាក់ ដែលបានបំផ្លាញឈ្នាន់នៅចំហៀងឡាន ហើយធ្វើឲ្យខូចទ្វារអស់មួយ។ ខ្ញុំក៏បាននឹកស្រមៃចង់ជួសជុលវាឲ្យស្អាតដូចដើមវិញ ពេលដែលខ្ញុំមានលុយបន្ថែមទៀត ប៉ុន្តែ ការជួសជុលនោះមិនដែលបានចាប់ផ្តើមសោះ។
តែអរព្រះគុណព្រះជាម្ចាស់ ដែលមានចក្ខុវិស្ស័យដ៏ល្អឥតខ្ចោះ និងធនធានដែលគ្មានដែនកំណត់។ ទ្រង់សព្វព្រះទ័យនឹងស្អាងមនុស្សដែលខ្ទេចខ្ទាំ និងដុនដាបឡើងវិញ ដោយមិនទុកពួកគេចោលដោយងាយៗឡើយ។ បទគម្ពីរទំនុកដំកើង ជំពូក៨៥ បានពិពណ៌នា អំពីមនុស្សដែលសក្តិសមនឹងទទួលការស្អាងឡើងវិញ និងអំពីព្រះជាម្ចាស់។ បរិបទនៃបទគម្ពីរនេះ ប្រហែលជានិយាយសំដៅទៅលើរឿងរបស់ពួកអ៊ីស្រាអែល ដែលបានវិលត្រឡប់មកពីការនិរទេស អស់៧០ឆ្នាំ(ដែលជាទោស ដែលពួកគេបានទទួល ដោយសារការបះបោរទាស់នឹងព្រះជាម្ចាស់)។
ពួកគេក៏បាននឹកចាំថា ពួកគេអាចទទួលសេចក្តីស្រឡាញ់ពីព្រះអង្គ ដែលរាប់បញ្ចូលទាំងការអត់ទោសបាបផងដែរ(ខ.១-៣)។ ពួកគេក៏បានទទួលការជំរុញចិត្ត ឲ្យទូលសូមជំនួយពីព្រះអង្គ(ខ.៤-៧) ហើយរំពឹងថានឹងទទួលការល្អពីព្រះអង្គ(ខ.៨-១៣)។
ក្នុងចំណោមយើង តើមាននរណាខ្លះ ដែលមិនធ្លាប់មានអារម្មណ៍ថា ដុនដាប ប្រេះស្រាំ ឬខ្ទេចខ្ទាំ? ហើយជួនកាល យើងមានអារម្មណ៍បែបនេះ ដោយសារការអ្វីដែលយើងបានធ្វើមកលើខ្លួនឯង។ ប៉ុន្តែ ដោយសារព្រះអម្ចាស់ជាព្រះនៃការស្អាងឡើងវិញ និងការអត់ទោសបាប អស់អ្នកដែលបន្ទាបខ្លួន ចូលមករកព្រះអង្គ និងមិនដែលអស់សង្ឃឹមឡើយ។ ទ្រង់បើកព្រះហស្តស្វាគមន៍ អ្នកដែលងាកមករកព្រះអង្គ និងអ្នកដែលរកឃើញសុវត្ថិភាព នៅក្នុងព្រះហស្តព្រះអង្គ។ —ARTHUR JACKSON