មានពេលមួយ ខ្ញុំបាននាំអនាគតភរិយារបស់ខ្ញុំ ទៅជួបក្រុមគ្រួសារខ្ញុំ។ វាជាពេលដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។ បងៗរបស់ខ្ញុំទាំងពីរនាក់បានមើលទៅគាត់ដោយទឹកមុខរីករាយ ហើយសួរគាត់ថា តើខ្ញុំមានចំណុចអ្វី ដែលធ្វើឲ្យគាត់ព្រមរៀបការជាមួយ? គាត់ក៏បានញញឹម ហើយបញ្ជាក់ថា គឺដោយសារព្រះគុណព្រះ ដែលខ្ញុំបានលូតលាស់ ក្លាយជាបុរស ដែលគាត់ស្រឡាញ់។

ខ្ញុំមានការពេញចិត្ត ចំពោះចម្លើយដ៏ឆ្លាតវ័យនេះ ព្រោះវាក៏បានឆ្លុះបញ្ចាំងឲ្យឃើញថា ព្រះអម្ចាស់មិនផ្តោតទៅលើអតីតកាលរបស់យើងនោះឡើយ។ ក្នុងបទគម្ពីរកិច្ចការ ជំពូក៩ ទ្រង់បានបង្គាប់អាន៉្នានាស ឲ្យអធិស្ឋានប្រោសភ្នែកសុលឲ្យជា។ សុលជាអ្នកបៀតបៀនពួកជំនុំដ៏ល្បីល្បាញ ដែលព្រះជាម្ចាស់បានធ្វើឲ្យខ្វាក់ភ្នែក។ ពេលនោះ អាន៉្នានាសមានការស្ទាក់ស្ទើរ នៅក្នុងការទទួលបេសកកម្មនេះ ដោយគាត់បានលើកឡើងថា សុលបានតាមបៀតបៀន និងសម្លាប់អ្នកជឿព្រះយេស៊ូវ។ ព្រះជាម្ចាស់ក៏បានប្រាប់អាន៉្នានាសកុំឲ្យផ្តោតទៅលើអតីតកាលរបស់សុល តែឲ្យគិតអំពីអនាគតរបស់គាត់ ដែលនឹងក្លាយជាអ្នកផ្សាយដំណឹងល្អ ដែលនឹងប្រកាស់ព្រះនាមព្រះយេស៊ូវ ទៅដល់ពួកសាសន៍ដទៃ(ដែលមិនមែនជាសាសន៍យូដា) និងពួកស្តេច(ខ.១៥)។ អាន៉្នានាសបានមើលឃើញថា សុលគឺជាពួកផារិស៊ី និងអ្នកបៀតបៀនពួកជំនុំ តែព្រះជាម្ចាស់បានទតឃើញថា គាត់ជាសាវ័ក និងអ្នកផ្សាយដំណឹងល្អ។

ជួនកាល យើងគិតអំពីខ្លួនឯង ដោយផ្អែកទៅលើអតីតកាលរបស់យើង ដែលមានបរាជ័យ និងចំណុចខ្វះខាតជាច្រើន។ ប៉ុន្តែ ព្រះជាម្ចាស់បានទតឃើញថា យើងជាមនុស្សដែលបានកើតជាថ្មី មិនមែនដោយសារអតីតកាលរបស់យើង តែដោយសារទ្រង់ជ្រាបថា យើងជានរណាក្នុងព្រះយេស៊ូវ ហើយយើងនឹងមានការផ្លាស់ប្រែយ៉ាងណា ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។ ឱព្រះអម្ចាស់ សូមបង្រៀនយើងខ្ញុំ ឲ្យគិតអំពីខ្លួនឯង និងអំពីអ្នកដទៃ ដូចដែលព្រះអង្គគិតអំពីទូលបង្គំផងដែរ។—PETER CHIN