លោកហ្សាក អេស្វាញ(Zack Eswine) បាននិពន្ធសៀវភៅមានចំណងជើងថា គ្រូគង្វាល ដែលមិនល្អឥតខ្ចោះ ។ ក្នុងសៀវភៅនោះ គាត់បានសរសេរថា “ជួនកាល ក្នុងផ្លូវអារម្មណ៍របស់យើង ការធ្វើការមួយម៉ោង គឺប្រៀបដូចជាការធ្វើការពេញមួយថ្ងៃ”។ ត្រង់ចំណុចនេះ គាត់កំពុងតែនិយាយសំដៅទៅលើបន្ទុក ដែលគ្រូគង្វាលបានទទួល ជាញឹកញាប់ ក្នុងការងារបម្រើព្រះ ប៉ុន្តែ យើងម្នាក់ៗក៏សុទ្ធតែអាចមានបន្ទុកធ្ងន់ដូចគ្នា។ បន្ទុកផ្លូវអារម្មណ៍ និងការទទួលខុសត្រូវដ៏ធ្ងន់ អាចធ្វើឲ្យយើងខ្សោះអស់កម្លាំងទាំងផ្លូវកាយ ផ្លូវចិត្ត និងវិញ្ញាណ។ ពេលនោះ យើងមិនចង់ធ្វើអ្វី ក្រៅពីប្រះខ្លួនដេក។
ក្នុងបទគម្ពីរ ១ពង្សាវតាក្សត្រ ជំពូក១៩ ហោរាអេលីយ៉ា បានធ្លាក់ចូលក្នុងស្ថានភាពមួយ ដែលធ្វើឲ្យគាត់មានការហត់នឿយ គ្រប់ផ្នែកទាំងអស់នៃជីវិតគាត់។ យើងឃើញថា ក្សត្រីយេសិបិលបានគំរាមថា នឹងសម្លាប់គាត់(ខ.១-២) បន្ទាប់ពីព្រះនាងរកឃើញថា គាត់បានឲ្យគេសម្លាប់ពួកហោរារបស់ព្រះបាល(មើល ១៨:១៦-៤០)។ លោកអេលីយ៉ាមានការភ័យខ្លាចយ៉ាងខ្លាំង បានជាគាត់រត់គេចខ្លួន ហើយបានអធិស្ឋានសូមព្រះជាម្ចាស់ដកជីវិតគាត់(១៩:៣-៤)។
គាត់ក៏បានប្រះខ្លួនដេកចុះ ដោយទុក្ខព្រួយជាខ្លាំង។ ទេវតាក៏បានពាល់គាត់ពីរដង ហើយប្រាប់គាត់ឲ្យ “ក្រោកឡើង ហើយបរិភោគអាហារ”(ខ.៥,៧)។ បន្ទាប់ពីទេវតាបានពាល់គាត់ជាលើកទីពីរ គាត់ក៏មានកម្លាំងឡើង ដោយសារអាហារដែលព្រះជាម្ចាស់ប្រទាន ហើយគាត់ក៏បានធ្វើដំណើរ៤០យប់ ៤០ថ្ងៃ រហូតទៅដល់រូងភ្នំមួយ(ខ.៨-៩)។ នៅទីនោះ ព្រះអម្ចាស់ក៏បានបង្ហាញព្រះអង្គទ្រង់ ឲ្យគាត់ឃើញ ហើយបង្គាប់គាត់ ឲ្យបន្តធ្វើការថ្វាយទ្រង់(ខ.៩-១៨) ហើយគាត់ក៏មានភាពស្រស់ស្រាយឡើងវិញ ហើយអាចបន្តការងារដែលព្រះជាម្ចាស់ឲ្យគាត់ធ្វើ។
ជួនកាល យើងក៏ត្រូវការការលើកទឹកចិត្ត ក្នុងព្រះអម្ចាស់ផងដែរ។ យើងអាចទទួលការលើកទឹកចិត្ត តាមរយៈការជជែកជាមួយគ្រីស្ទបរិស័ទម្នាក់ទៀត ឬការស្តាប់បទថ្វាយបង្គំ ឬក៏ការចំណាយពេលអធិស្ឋាន និងអានព្រះគម្ពីរ។
តើអ្នកមានអារម្មណ៍ថា អស់កម្លាំងមែនទេ? ចូរថ្វាយបន្ទុករបស់អ្នកដល់ព្រះ នៅថ្ងៃនេះ ដើម្បីឲ្យមានភាពស្រស់ថ្លាឡើងវិញ។ ព្រះអង្គនឹងទទួលបន្ទុករបស់អ្នក។ —JULIE SCHWAB