កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ ១៩៨៩ ពិភពលោកមានការភ្ញាក់ផ្អើល ចំពោះដំណឹងនៃការដួលរលំនៃកំផែងក្រុងប៊ែរឡាំង។ កំផែងនោះបានចែកទីក្រុងប៊ែរឡាំង និងប្រទេសអាឡឺម៉ង់ជាពីរ តែនៅថ្ងៃនោះ វាក៏បានដួលរលំ ហើយទីក្រុងដែលបានចែកជាពីរ អស់រយៈពេល២៨ឆ្នាំ មានការរួបរួមគ្នាឡើងវិញ។ ប្រទេសអាឡឺម៉ងទាំងមូលមានភាពសប្បាយរីករាយយ៉ាងខ្លាំង ប៉ុន្តែ ពិភពលោកដែលបានតាមដានព្រឹត្តិការនេះ ក៏រំភើបរីករាយផងដែរ។ រឿងដ៏អស្ចារ្យបានកើតឡើងហើយ!
ប្រជាជនអ៊ីស្រាអែលបានវិលត្រឡប់មកស្រុកកំណើតវិញ ក្នុងឆ្នាំ៥៣៨ មុនគ្រីស្ទសករាជ បន្ទាប់ពីពួកគេត្រូវបាននិរទេសអស់រយៈពេលប្រហែល៧០ឆ្នាំ។ ពេលនោះ ពួកគេក៏មានក្តីអំណរដ៏ពោរពេញផងដែរ។ បទគម្ពីរទំនុកដំកើង ជំពូក១២៦ បានពិពណ៌នាអំពីពេលដែលពេញដោយអំណរ ក្នុងប្រវត្តិសាស្រ្តនៃប្រជាជាតិអ៊ីស្រាអែល។ ពេលនោះ គេឮសម្លេងសើច ការច្រៀងដោយអំណរ និងការទទួលស្គាល់ជាអន្តរជាតិថា ព្រះជាម្ចាស់បានធ្វើនូវការដ៏អស្ចារ្យ សម្រាប់រាស្រ្តរបស់ទ្រង់(ខ.២)។ តើពួកគេមានការឆ្លើយតបយ៉ាងណា ពេលដែលបានទទួលសេចក្តីមេត្តារបស់ទ្រង់ ដែលបានជួយសង្រ្គោះពួកគេ? ការដ៏អស្ចារ្យដែលព្រះទ្រង់បានធ្វើ នាំឲ្យមានភាពត្រេកអរជាពន់ពេក(ខ.៣)។
ជាងនេះទៅទៀត ព្រះរាជកិច្ចដែលទ្រង់បានធ្វើកាលពីមុន គឺជាមូលហេតុដែលយើងអធិស្ឋាន សម្រាប់ពេលបច្ចុប្បន្ន និងជាក្តីសង្ឃឹមដ៏ភ្លឺស្វាង សម្រាប់ពេលអនាគត(ខ.៤-៦)។
បើសិនជាយើងបានទទួលជឿព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះហើយ យើងនឹងមិនពិបាកស្វែងរកការដ៏អស្ចារ្យពីព្រះជាម្ចាស់ឡើយ។ ព្រោះទ្រង់បានបង្រៀនការដ៏អស្ចារ្យដល់យើង ទ្រង់បានធ្វើការដ៏អស្ចារ្យសម្រាប់យើង ហើយយើងមានក្តីអំណរដ៏អស្ចារ្យ តាមរយៈព្រះអង្គ។ សូមថ្វាយសិរីល្អដល់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើនូវការដ៏អស្ចារ្យ! —ARTHUR JACKSON