កាល​ពី​ថ្ងៃ​ទី៩​ វិច្ឆិកា ឆ្នាំ ១៩៨៩ ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ដំណឹង​នៃ​ការ​ដួល​រលំ​នៃ​កំផែង​ក្រុង​ប៊ែរឡាំង។ កំផែង​នោះ​បាន​ចែក​ទី​ក្រុង​ប៊ែរឡាំង និង​ប្រទេស​អាឡឺម៉ង់​ជា​ពីរ តែ​នៅ​ថ្ងៃ​នោះ ​វា​ក៏​បាន​ដួល​រលំ ហើយ​ទីក្រុង​ដែល​បាន​ចែក​ជា​ពីរ អស់​រយៈ​ពេល​២៨​ឆ្នាំ ​​មាន​ការ​រួប​រួម​គ្នា​ឡើង​វិញ។ ប្រទេស​អាឡឺម៉ង​ទាំង​មូល​មាន​ភាព​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង ប៉ុន្តែ ពិភព​លោកដែល​បាន​តាម​ដាន​ព្រឹត្តិការ​នេះ ក៏​​រំភើប​រីក​រាយ​ផង​ដែរ។ រឿង​ដ៏​អស្ចារ្យ​បាន​កើត​ឡើង​ហើយ!

ប្រជាជន​អ៊ីស្រាអែល​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ក្នុង​ឆ្នាំ​៥៣៨ មុន​គ្រីស្ទ​សករាជ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​និរទេស​អស់​រយៈ​ពេល​ប្រហែល​៧០​ឆ្នាំ។ ពេល​នោះ ពួក​គេ​ក៏​មាន​ក្តី​អំណរ​ដ៏​ពោរ​ពេញ​ផង​ដែរ។​         បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១២៦ បាន​ពិពណ៌​នា​អំពី​ពេល​ដែល​ពេញ​ដោយ​អំណរ ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល។ ពេល​នោះ គេ​ឮ​សម្លេង​សើច ការ​ច្រៀង​ដោយ​អំណរ និង​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ថា ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​នូវ​ការ​ដ៏​អស្ចារ្យ សម្រាប់​រាស្រ្ត​របស់​ទ្រង់(ខ.២)។ តើ​ពួក​គេមាន​ការ​ឆ្លើយ​តប​យ៉ាង​ណា ពេល​ដែល​បាន​ទទួល​សេចក្តី​មេត្តា​របស់​ទ្រង់ ដែល​បាន​ជួយ​សង្រ្គោះ​ពួក​គេ? ការ​ដ៏​អស្ចារ្យ​ដែលព្រះ​ទ្រង់​បាន​ធ្វើ នាំ​ឲ្យ​មាន​ភាព​ត្រេក​អរ​ជា​ពន់​ពេក​(ខ.៣)។

ជាង​នេះ​ទៅ​ទៀត ព្រះ​រាជ​កិច្ច​ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​មុន គឺ​ជា​មូល​ហេតុ​ដែល​យើង​អធិស្ឋាន សម្រាប់​ពេល​បច្ចុប្បន្ន និងជាក្តី​​សង្ឃឹម​ដ៏​ភ្លឺ​ស្វាង សម្រាប់​ពេល​អនា​គត(ខ.៤-៦)។

បើ​សិន​ជា​យើង​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ហើយ យើង​នឹង​មិន​ពិបា​កស្វែង​រក​ការ​ដ៏​អស្ចារ្យ​ពី​ព្រះ​ជាម្ចាស់​ឡើយ។ ព្រោះ​ទ្រង់​បាន​បង្រៀន​ការ​ដ៏​អស្ចារ្យ​ដល់​យើង ទ្រង់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​សម្រាប់​យើង ហើយ​យើង​មាន​ក្តី​អំណរ​ដ៏អស្ចារ្យ តាម​រយៈ​ព្រះ​អង្គ។ សូម​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អង្គ ដ្បិត​ព្រះ​អង្គ​បាន​ធ្វើ​នូវ​ការ​ដ៏​អស្ចារ្យ! —ARTHUR JACKSON