លោកអេដវើត ផេយសិន(Edward Payson ឆ្នាំ ១៧៨៣-១៨២៧) បានជួបការពិបាកជាពន់ពេក នៅក្នុងការរស់នៅ។ ការស្លាប់របស់ប្អូនប្រុសគាត់បានធ្វើឲ្យគាត់ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ គាត់បានតយុទ្ធនឹងជម្ងឺខួរក្បាលខុសប្រក្រតី ហើយគាត់ក៏ឈឺក្បាលប្រកាំងធ្ងន់ធ្ងរ ដែលមួយលើកៗមានរយៈពេលជាច្រើនថ្ងៃ។ មិនតែប៉ុណ្ណោះ គាត់ក៏បានពិការដៃមួយចំហៀង ដោយសារធ្លាក់ពីលើខ្នងសេះ ហើយគាត់ស្ទើរតែបាត់បង់ជីវិត ដោយសារជម្ងឺរបេងទៀត! អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺគាត់មិនបានឆ្លើយតប ចំពោះទុក្ខលំបាក ដោយភាពអស់សង្ឃឹមនោះឡើយ។ មិត្តភក្តិគាត់បាននិយាយថា មុនពេលលោកអេដវើតលាចាកលោក គាត់មានក្តីអំណរយ៉ាងខ្លាំង នៅក្នុងជីវិត។ តើគាត់អាចមានក្តីអំណរដោយរបៀបណា?
ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅទីក្រុងរ៉ូម គាត់បានបង្ហាញចេញនូវការទុកចិត្តទាំងស្រុង ចំពោះភាពពិតនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ទោះគាត់ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ គាត់ក៏បានចោទជាសំណួរ ដោយចិត្តក្លាហានថា “បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន(រ៉ូម ៨:៣១)។ បើសិនជាព្រះប្រទានព្រះរាជបុត្រាតែមួយ ព្រះនាមយេស៊ូវ ដើម្បីជួយសង្រ្គោះយើង នោះទ្រង់ក៏នឹងប្រទានអ្វីៗគ្រប់យ៉ាង ដែលយើងត្រូវការ ដើម្បីរស់នៅឲ្យបានល្អ។ សាវ័កប៉ុលក៏បានលើកឡើង អំពីបញ្ហា៧មុខ ដែលគាត់បានជួបប្រទះ ដែលមានដូចជា: សេចក្តីទុក្ខលំបាក ឬសេចក្តីវេទនា សេចក្តីបៀតបៀន សេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវ(ខ.៣៥)។ ត្រង់ចំណុចនេះ គាត់មិនបាននិយាយថា សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ នឹងការពារមិនឲ្យការអាក្រក់កើតឡើង ចំពោះយើងនោះឡើយ។ ប៉ុន្តែ គាត់បាននិយាយថា “គឺក្នុងសេចក្តីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង”(ខ.៣៧)។
ក្នុងលោកិយដែលពេញដោយភាពមិនច្បាស់លាស់ យើងនៅតែអាចទុកចិត្តព្រះទាំងស្រុង ដោយដឹងថា គ្មានអ្វី “ពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ”(ខ.៣៩)។—ESTERA PIROSCA ESCOBAR