ផ្ទះសំណាក់របស់ពួករ៉ូម៉ាំង នៅសម័យព្រះយេស៊ូវ មានកេរ្តិ៍ឈ្មោះអាក្រក់យ៉ាងខ្លាំង បានជាពួកគ្រូក្រឹត្យវិន័យរបស់សាសន៍យូដា មិនអនុញ្ញាតឲ្យគេយកសត្វពាហនៈមកចងទុកក្បែរផ្ទះសំណាក់ទំាងនោះឡើយ។ ដោយសារស្ថានភាពដ៏ពិបាកយ៉ាងនេះ ពេលណាគ្រីស្ទបរិស័ទត្រូវធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ តាមធម្មតា ពួកគេស្វែងរកកន្លែងស្នាក់នៅ ក្នុងផ្ទះរបស់អ្នកជឿដទៃទៀត។
ក្នុងចំណោមអ្នកដំណើរនៅសម័យនោះ មានពួកគ្រូក្លែងក្លាយ ដែលបានបដិសេធថា ព្រះយេស៊ូវមិនមែនជាព្រះមែស៊ីឡើយ។ ហេតុនេះហើយ ក្នុងសំបុត្រទី២របស់សាវ័កយ៉ូហាន គាត់បានប្រាប់អ្នកអានសំបុត្រគាត់ អំពីពេលដែលពួកគេមិនត្រូវស្វាគមន៍ពួកនោះឡើយ។ លោកយ៉ូហានបានមានប្រសាសន៍នៅក្នុងសំបុត្រមុនថា ពួកគ្រូក្លែងក្លាយទាំងនោះ គឺជា “ពួកទទឹងព្រះគ្រីស្ទ ដែលមិនទទួលស្គាល់ទាំងព្រះវរបិតា និងព្រះរាជបុត្រា”(១យ៉ូហាន ២:២២)។ ក្នុងសំបុត្រយ៉ូហានទី២ គាត់បានពន្យល់ ដោយប្រាប់អ្នកអានសំបុត្រគាត់ថា អ្នកណាក៏ដោយដែលជឿថា ព្រះយេស៊ូវជាព្រះមែស៊ី គឺ“មានទាំងព្រះវរបិតា និងព្រះរាជបុត្រា”(ខ.៩)។
បន្ទាប់មក គាត់ក៏បានដាស់តឿនថា “បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្តីនេះ នោះកុំឲ្យទទួលអ្នកនោះ នៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង”(ខ.១០)។ ការស្វាគមន៍អ្នកផ្សាយដំណឹងល្អក្លែងក្លាយ ឲ្យចូលផ្ទះ គឺជាការជំរុញឲ្យមនុស្ស នៅតែបន្តដាច់ចេញពីព្រះ។
សំបុត្រទីពីររបស់លោកយ៉ូហាន បានបង្ហាញផ្នែកម្ខាងទៀតនៃសេចក្តីស្រឡាញ់របស់ព្រះ។ យើងបម្រើព្រះមួយអង្គ ដែលស្វាគមន៍មនុស្សម្នាក់ៗ ដោយព្រះហស្តបើកចំហរ។ ប៉ុន្តែ ក្តីស្រឡាញ់ពិត មិនបណ្តោយឲ្យនរណាម្នាក់ធ្វើអាក្រក់មកលើខ្លួនឯង និងអ្នកដទៃ ដោយចិត្តពុតត្បុតនោះឡើយ។ ព្រះជាម្ចាស់ស្វាគមន៍អ្នកដែលចូលមករកទ្រង់ ដោយការប្រែចិត្ត តែទ្រង់មិនដែលឱបក្រសោបការកុហកនោះឡើយ។—TIM GUSTAFSON