មាន​ប្តី​ប្រពន្ធ​មួយ​គូរ​បាន​បើក​ឡាន​កុង​តៃន័រ កាត់​តាម​តំបន់​ដ៏​ស្ងួត​ហួត​ហែង នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ​កាលីហ្វូញ៉ា។ ពេល​កំពុង​ធ្វើ​ដំណើរ ពួកគេ​ក៏​បាន​ដឹង​ថា កង់​ឡាន​របស់​ពួក​គេ​បាន​ផ្ទុះ​អស់​មួយ​គ្រាប់ ហើយ​ពួក​គេ​ក៏​បាន​ឮ​សម្លេង​ដែក​កកិត​នឹង​ផ្លូវ​ថ្នល់។ ដែក​នោះ​បាន​កកិត​នឹង​ថ្នល់​ចេញ​ផ្កា​ភ្លើង ហើយ​ក៏​បាន​ក្លាយ​ជា​ដើម​ហេតុ​នៃ​ភ្លើង​ឆេះ​ព្រៃ នៅ​រដ្ឋ​កាលីហ្វូញ៉ា កាល​ពី​ឆ្នាំ​២០១៨ គឺ​ភ្លើង​ឆេះ​ព្រៃ ដែល​បាន​ដុត​បំផ្លាញ​ព្រៃ​ឈើ​អស់​ជិត ៩៣០០ហិចតា ហើយ​បាន​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​នាក់​បាត់​បង់​ជីវិត។​

ពេល​ដែល​អ្នក​រួច​ជីវិត ពី​ភ្លើង​ឆេះ​ព្រៃ​នោះ បាន​ឮ​ដំណឹង​ថា ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​បាន​សោក​សង្រេង ពួក​គេ​ក៏​បាន​បង្កើត​ទំព័រ​ហ្វេស​ប៊ុក​មួយ ដើម្បី​បង្ហាញ “ព្រះ​គុណ និង​សេចក្តី​សប្បុរស … សម្រាប់​អ្នក​ទាំង​ពីរ​ដែល​កំពុង​តែ​មាន​ក្តី​អាម៉ាស់ និង​ភាព​អស់​សង្ឃឹម”។ មាន​ស្រ្តី​ម្នាក់​បាន​សរសេរ​សារ​មួយ​ថា “ក្នុង​នាម​ខ្ញុំ​ជា​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ផ្ទះ​សម្បែង ដោយ​សារ​ភ្លើង​ឆេះព្រៃ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា ក្រុម​គ្រួសារ​ខ្ញុំ​មិន​បាន​បន្ទោស​អ្នក​ទេ ហើយ​ក្រុម​គ្រួសារ​ដទៃ​ទៀត​ដែល​បាត់​បង់​បង់​ផ្ទះ​ដូច​ខ្ញុំ​ដែរ ក៏​មិន​ស្តី​បន្ទោស​អ្នក​ដែរ … ​វា​ជា​ឧបទេវហេតុ​ទេ​។ ខ្ញុំ​សង្ឃឹម​ថា សារ​ដ៏​សប្បុរស​នេះ នឹង​បាន​ជួយ​កាត់​បន្ថយ​បន្ទុក​ដែល​អ្នក​មាន​នៅ​ក្នុង​ចិត្ត។ យើង​នឹង​ឆ្លង​កាត់​រឿង​នេះ​ទាំង​អស់​គ្នា​ណា”។

ការ​ថ្កោល​ទោស ឬ​ការ​ភ័យ​ខ្លាច ដោយ​សារ​យើង​បាន​ធ្វើ​អ្វី​មួយ ដែល​មិន​អាច​ប៉ះ​ប៉ូវ​បាន​ អាច​បំផ្លាញ​ព្រលឹង​របស់​យើង។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា “ដ្បិត​បើ​សិន​ជា​ចិត្ត​យើង​ចោទ​ប្រកាន់​ខ្លួន នោះ​ព្រះ​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង”(១យ៉ូហាន ៣:២០)។ ទោះ​យើង​មាន​ភាព​អាម៉ាស់ ដែល​បាន​លាក់​ទុក​ក៏​ដោយ ក៏​ព្រះ​ទ្រង់​នៅ​តែ​ធំ​ជាង​ភាព​អាម៉ាស់​នោះ។ ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​យើង ឲ្យ​មាន​ការ​ប្រែ​ចិត្ត ដែល​នាំ​ឲ្យ​មាន​ការ​ប្រោស​ឲ្យ​ជា ឬ​ដោះ​ចេញ​ភាព​អាម៉ាស់ ដែល​កំពុង​តែ​ស៊ី​បំផ្លាញ​យើង។ បន្ទាប់​មក ពេល​ដែល​យើង​ទទួល​ការ​ប្រោស​លោះ​ពី​ព្រះ​អង្គ ចិត្ត​យើងនឹង​បាន​សម្រាក នៅ​ចំពោះ​ព្រះ​អង្គ​(ខ.១៩)។

ព្រះ​ទ្រង់​នៅ​តែ​ចូល​មក​ជិត​យើង​ជា​និច្ច ទោះ​យើង​មាន​វិប្បដិសារី ចំពោះ​ការ​អ្វី​ក៏​ដោយ។ ព្រះ​យេស៊ូវ​ញញឹម​ដាក់​យើង ហើយ​មាន​បន្ទូល​ថា “ខ្ញុំ​បាន​រំដោះ​ចិត្ត​អ្នក ឲ្យ​មាន​សេរីភាព​ហើយ”។ —WINN COLLIER