មានប្តីប្រពន្ធមួយគូរបានបើកឡានកុងតៃន័រ កាត់តាមតំបន់ដ៏ស្ងួតហួតហែង នៅភាគខាងជើងនៃរដ្ឋកាលីហ្វូញ៉ា។ ពេលកំពុងធ្វើដំណើរ ពួកគេក៏បានដឹងថា កង់ឡានរបស់ពួកគេបានផ្ទុះអស់មួយគ្រាប់ ហើយពួកគេក៏បានឮសម្លេងដែកកកិតនឹងផ្លូវថ្នល់។ ដែកនោះបានកកិតនឹងថ្នល់ចេញផ្កាភ្លើង ហើយក៏បានក្លាយជាដើមហេតុនៃភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វូញ៉ា កាលពីឆ្នាំ២០១៨ គឺភ្លើងឆេះព្រៃ ដែលបានដុតបំផ្លាញព្រៃឈើអស់ជិត ៩៣០០ហិចតា ហើយបានបណ្តាលឲ្យមនុស្សមួយចំនួននាក់បាត់បង់ជីវិត។
ពេលដែលអ្នករួចជីវិត ពីភ្លើងឆេះព្រៃនោះ បានឮដំណឹងថា ប្តីប្រពន្ធមួយគូរនេះបានសោកសង្រេង ពួកគេក៏បានបង្កើតទំព័រហ្វេសប៊ុកមួយ ដើម្បីបង្ហាញ “ព្រះគុណ និងសេចក្តីសប្បុរស … សម្រាប់អ្នកទាំងពីរដែលកំពុងតែមានក្តីអាម៉ាស់ និងភាពអស់សង្ឃឹម”។ មានស្រ្តីម្នាក់បានសរសេរសារមួយថា “ក្នុងនាមខ្ញុំជាជនរងគ្រោះដែលបានបាត់បង់ផ្ទះសម្បែង ដោយសារភ្លើងឆេះព្រៃនេះ ខ្ញុំចង់ឲ្យអ្នកដឹងថា ក្រុមគ្រួសារខ្ញុំមិនបានបន្ទោសអ្នកទេ ហើយក្រុមគ្រួសារដទៃទៀតដែលបាត់បង់បង់ផ្ទះដូចខ្ញុំដែរ ក៏មិនស្តីបន្ទោសអ្នកដែរ … វាជាឧបទេវហេតុទេ។ ខ្ញុំសង្ឃឹមថា សារដ៏សប្បុរសនេះ នឹងបានជួយកាត់បន្ថយបន្ទុកដែលអ្នកមាននៅក្នុងចិត្ត។ យើងនឹងឆ្លងកាត់រឿងនេះទាំងអស់គ្នាណា”។
ការថ្កោលទោស ឬការភ័យខ្លាច ដោយសារយើងបានធ្វើអ្វីមួយ ដែលមិនអាចប៉ះប៉ូវបាន អាចបំផ្លាញព្រលឹងរបស់យើង។ តែអរព្រះគុណព្រះអង្គ ដែលព្រះគម្ពីរបានបង្ហាញថា “ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង”(១យ៉ូហាន ៣:២០)។ ទោះយើងមានភាពអាម៉ាស់ ដែលបានលាក់ទុកក៏ដោយ ក៏ព្រះទ្រង់នៅតែធំជាងភាពអាម៉ាស់នោះ។ ព្រះយេស៊ូវបានត្រាស់ហៅយើង ឲ្យមានការប្រែចិត្ត ដែលនាំឲ្យមានការប្រោសឲ្យជា ឬដោះចេញភាពអាម៉ាស់ ដែលកំពុងតែស៊ីបំផ្លាញយើង។ បន្ទាប់មក ពេលដែលយើងទទួលការប្រោសលោះពីព្រះអង្គ ចិត្តយើងនឹងបានសម្រាក នៅចំពោះព្រះអង្គ(ខ.១៩)។
ព្រះទ្រង់នៅតែចូលមកជិតយើងជានិច្ច ទោះយើងមានវិប្បដិសារី ចំពោះការអ្វីក៏ដោយ។ ព្រះយេស៊ូវញញឹមដាក់យើង ហើយមានបន្ទូលថា “ខ្ញុំបានរំដោះចិត្តអ្នក ឲ្យមានសេរីភាពហើយ”។ —WINN COLLIER