ក្នុង​ការងារ​របស់​ខ្ញុំ​ជា​សាស្រ្តា​ចារ្យ ជា​ញឹក​ញាប់ មាន​និសិ្សត​ជា​ច្រើន​បាន​សុំ​ឲ្យ​ខ្ញុំ​សរសេរ​សំបុត្រ​បញ្ចាក់​ឲ្យ​ពួក​គេ សម្រាប់​មុខ​តំណែង​ជា​អ្នក​ដឹក​នាំ សម្រាប់​កម្ម​វិធី​សិក្សា​នៅ​បរទេស សម្រាប់​ការ​ចូល​រៀន​ថ្នាក់​ឧត្តម​សិក្សា​ជាន់​ខ្ពស់ និង​សម្រាប់​ការ​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ជា​ដើម។ នៅ​ក្នុង​សំបុត្រ​នីមួយ​ៗ ខ្ញុំ​មាន​ឱកាស​និយាយ​សរសើរ អំពី​ចរិយា​សម្បត្តិ និង​សមត្ថ​ភាព​របស់​និសិ្សត​ម្នាក់​ៗ​។

នៅ​សម័យ​ពួក​ជំនុំ​ដំបូង កាល​គ្រីស្ទ​បរិស័ទ​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត ជា​ញឹក​ញាប់ ពួក​គេ​ក៏​ត្រូវ​ការ​សំបុត្រ​បញ្ជាក់ ពី​ព្រះ​វិហារ​របស់​ពួក​គេ​ផង​ដែរ សម្រាប់​ដាក់​ជាប់​តាម​ខ្លួន។ សំបុត្រ​ប្រភេទ​នេះ​បាន​ជួយ​ឲ្យ​ពួក​គេ​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ ពី​បង​ប្អូន​រួម​ជំនឿ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​មិន​ត្រូវ​ការ​សំបុត្រ​បញ្ជាក់ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​ចែក​ចាយ​ព្រះ​បន្ទូល ក្នុង​ព្រះ​វិហារ នៅ​ទីក្រុង​កូរិនថូស​ឡើយ ព្រោះ​គេ​ស្គាល់​គាត់​ហើយ។ ក្នុង​សំបុត្រ​ទីពីរ ដែល​គាត់​បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ​នេះ គាត់​បាន​សរសេរ​ថា គាត់​បាន​ផ្សាយ​ដំណឹង​ល្អ ដោយ​ចិត្ត​ស្មោះ​ត្រង់ គឺ​មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ​(២កូរិនថូស ២:១៧)។ ប៉ុន្តែ ត្រង់​ចំណុច​នេះ តើ​អ្នក​អាន​សំបុត្រ​របស់​គាត់​គិត​ថា គាត់​កំពុង​តែ​សរសេរ​សំបុត្រ​បញ្ជាក់​ដើម្បី​ការពារ​ខ្លួន​ឬ?

គាត់​ប្រាប់​ពួក​គេ​ថា គាត់​មិន​ត្រូវ​ការ​សំបុត្រ​ប្រភេទ​នេះ​ឡើយ ព្រោះ​ពួក​ជំនុំ នៅ​ទីក្រុង​កូរិនថូស គឺ​ប្រៀប​បាន​នឹង​សំបុត្រ​បញ្ជាក់​ទៅ​ហើយ។ ព្រះ​រាជ​កិច្ច​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​ក្នុង​ជីវិត​ពួក​គេ គឺ​ជា​ប្រៀប​ដូច​ជា សំបុត្រ​ព្រះ​គ្រីស្ទ “មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​វិញ”(៣:៣)។ ជីវិត​ផ្លាស់​ប្រែរបស់​ពួក​គេ​បាន​ធ្វើ​បន្ទាល់​ចំពោះ​ដំណឹង​ល្អ​ដ៏​ពិត ដែល​សាវ័ក​ប៉ុល​បាន​ផ្សាយ​ដល់​ពួក​គេ និយាយ​រួម  ជីវិត​ផ្លាស់​ប្រែ​របស់​ពួក​គេ​ជា​សំបុត្រ​ “ដែល​មនុស្ស​ទាំង​អស់​ក៏​ដឹង ហើយ​អាន​មើល​ដែរ”(៣:២)។ ពេល​ណា​យើង​ដើរ​តាម​ព្រះយេស៊ូវ ជីវិត​របស់​យើង​ក៏នឹង​ក្លាយ​ជា​សំបុត្រ ដែល​ថ្លែង​អំពី​សេចក្តី​ល្អ​នៃ​ដំណឹង​ល្អ​ផង​ដែរ។ —AMY PETERSON