តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Amy Peterson

ផ្លូវនៃជីវិតថ្មី ដែលជាសេចក្តីចំកួត

មាន​រឿង​ខ្លះ​ដែល​យើង​មិន​យល់ ទាល់​តែ​យើង​បាន​ជួប​រឿង​នោះ​ខ្លួន​ឯង។  កាល​ខ្ញុំ​មាន​ផ្ទៃ​ពោះ​កូន​ដំបូង ខ្ញុំ​បាន​អានសៀវភៅ​ជា​ច្រើន ដែល​និយាយ​អំពី​ការ​ប្រសូត្រ និង​ស្តាប់​ស្រ្តី​ជា​ច្រើន​នាក់​ចែក​ចាយ​បទ​ពិសោធន៍ ដែល​ពួក​គេ​ធ្លាប់​ឆ្លង​កាត់ នៅ​ក្នុង​ការ​ពរពោះ និង​ឆ្លង​ទន្លេ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​មិន​អាច​ស្រមៃ​ថា បទ​ពិសោធន៍​នោះ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច​ទេ។ ​អ្វី​ដែល​រូប​កាយ​ខ្ញុំ​នឹង​ធ្វើ​នៅ​ពេល​នោះ ហាក់​ដូច​ជា​រឿង​ដែល​មិន​អាច​ធ្វើ​ទៅ​បាន។​

ក្នុង​បទ​គម្ពីរ ១កូរិនថូស សាវ័ក​ប៉ុល​បាន​បង្រៀន​អំពី​ការ​ចាប់​កំណើត ចូល​នគរ​ព្រះ គឺ​សេចក្តី​សង្រ្គោះ ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​តាម​រយៈ​ព្រះ​គ្រីស្ទ។ អ្នក​ដែល​មិន​ធ្លាប់​បាន​ឆ្លង​កាត់​ការ​ចាប់​កំណើត​នោះ ហាក់​ដូច​ជា​មិន​អាច​យល់អំពី​រឿង​នេះ។ សម្រាប់​អ្នក​ដែល​កំពុង​វិនាស ដំណឹង​ល្អ​ពី​ឈើ​ឆ្កាង គឺ​ជា “សេចក្តីចំកួត” ព្រោះគេ​មិន​ជឿ​ថា សេចក្តី​សង្រ្គោះ​អាច​កើត​មាន ពី​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដែល​ជា​សញ្ញា​សំគាល់​នៃ​ភាព​កម្សោយ បរា​ជ័យ និង​ការ​បន្ទាប​បន្ថោ​កនោះឡើយ។ ប៉ុន្តែ សាវ័ក​ប៉ុល​នៅ​តែ​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្តី​សង្រ្គោះ ទោះ​គេ​គិត​ថា វា​ជា​សេចក្តី​ចំកួត​ក៏​ដោយ។​

អ្នក​មិន​ជឿ​​នឹក​ស្មាន​ថា សេចក្តី​សង្រ្គោះ​នឹង​មាន​លក្ខណៈ​ដូច​ម្តេច​ឡើយ។ អ្នក​ខ្លះ​គិត​ថា សេចក្តី​សង្រ្គោះ នឹង​កើត​មានតាម​រយៈ​អ្នក​ដឹក​នាំ​នយោបាយ​ដ៏​រឹង​មាំ ឬ​តាម​រយៈ​ទីសំគាល់​នៃ​ការ​អស្ចារ្យ។ អ្នក​ខ្លះ​ទៀត​គិត​ថា ជោគ​ជ័យ​នៅ​ក្នុង​ការ​សិក្សា ឬ​ទស្សន​វិជ្ជា គឺ​ជា​សេចក្តី​សង្រ្គោះ​របស់​ពួក​គេ​(១កូរិនថូស ១:២២)។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​ឲ្យ​គេ​រាល់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ប្រទាន​សេចក្តី​សង្រ្គោះ តាម​របៀប​មួយ ដែល​មាន​តែ​អ្នក​ជឿ និង​អ្នក​ដែល​បាន​ពិសោធន៍​នឹង​សេចក្តី​សង្រ្គោះ​ទេ ដែល​អាច​យល់​បាន។

ព្រះ​ជាម្ចាស់​ប្រើ​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដែល​ជា​រឿង​ខ្មាស់​អៀន និង​ទន់​ខ្សោយ ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ប្រាជ្ញា និង​អំណាច​ចេស្តា។ ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​នូវ​រឿង​ដែល​មនុស្ស​មិន​នឹក​ស្មាន​ដល់។…

បន្តកេរដំណែលនៃជំនឿ

កូន​ស្រី​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ តួអង្គ នេនស៊ី ឌ្រូ(Nancy Drew)។ ក្នុង​អំឡុង​ពេល​៣​សប្តាហ៍​នោះ នាង​បាន​អាន​រឿង​ប្រលោម​លោក​ជាង​១០​ក្បាល ដែល​និយាយ​អំពី​តួ​អង្គ​នេះ ដែល​ជា​អ្នក​ស៊ើប​អង្កេត​វ័យ​ក្មេង​ដ៏​ចំណាន។​ នាងចូល​ចិត្ត​អាន​រឿង​ប្រលោម​លោក​បែប​ស៊ើប​អង្កេត ហើយ​ខ្ញុំ​ក៏​ចូល​ចិត្ត​តួ​អង្គ​នេនស៊ី ឌ្រូ​ផង​ដែរ ហើយ​សៀវភៅ​រឿង​ដែលមាន​គ្រប​ពណ៌​ខៀវ ដែល​ម្តាយ​ខ្ញុំ​បាន​អាន កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ នៅ​មាន​តម្រៀប​នៅ​លើ​ធ្នើ ក្នុង​ផ្ទះ​របស់​គាត់។

ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ចំណង់​ចំណូល​ចិត្ត​នេះ ត្រូវ​បាន​ផ្ទេរ​ឲ្យ​ពី​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់​ទៀត អស់​បី​ជំនាន់ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​មាន​អ្វី​ផ្សេង​ទៀត ដែល​ខ្ញុំ​កំពុង​តែ​ផ្ទេរ​ឲ្យ​កូន​របស់​ខ្ញុំឬ​​ទេ។ ក្នុង​កណ្ឌ​សំបុត្រ​ទីពីរ ដែល​សាវ័ក​ប៉ុល​បាន​សរសេរផ្ញើ​ទៅ​លោក​ធីម៉ូថេ គាត់​បាន​សរសេរ​ថា ពេល​គាត់​បាន​គិត​ដល់​លោក​ធីម៉ូថេ ពេល​ដែល​គាប់​បាន​នឹក​ចាំ អំពី “ជំនឿ​ដ៏ស្មោះ​ត្រង់” ដែល​ជី​ដូន និង​ម្តាយ​របស់​លោក​ធីម៉ូថេ​មាន។ ខ្ញុំ​ក៏​សង្ឃឹម​ផង​ដែរ​ថា កូន​ស្រី​ខ្ញុំ​មិន​គ្រាន់​តែ​ចូល​ចិត្ត​អាន​រឿងអាថ៌​កំបាំង​ប៉ុណ្ណោះ​ទេ តែ​ក៏​កំពុង​តែ​ទទួល​កេរ​ដំណែល​នៃ​ជំនឿ​លើ​ព្រះ​ផង​ដែរ ដើម្បី​ឲ្យ​នាង​បាន “បម្រើ” ដូច​ជីដូន​ជីតា​របស់​នាង និង​អធិស្ឋាន ហើយ​តោង​ឲ្យ​ជាប់ “សេចក្តី​សន្យា​ឲ្យ​បាន​ជីវិត ក្នុង​ព្រះ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ”(២ធីម៉ូថេ ១:១)។

ត្រង់​ចំណុច​នេះ អ្នក​ដែល​មិន​មាន​ឪពុក​ម្តាយ ឬ​ជី​ដូន​ជីតា ដែល​មិន​ទាន់​ជឿ​ព្រះ​យេស៊ូវ ក៏​អាច​មាន​ក្តី​សង្ឃឹម​នេះ​ផង​ដែរ។​ ទោះ​ឪពុក​របស់​លោក​ធីម៉ូថេ មិន​ត្រូវ​បាន​លើក​យក​មក​និយាយ សាវ័ក​ប៉ុល​បាន​ហៅ​លោក​ធីម៉ូថេ​ថា “កូន​ស្ងួន​ភ្ងា”(ខ.២)។ អ្នក​ដែល​មិន​មាន​ក្រុម​គ្រួសារ​នាំ​ឲ្យ​ទទួល​ជឿ​ព្រះ នៅ​តែ​អាច​រក​ឃើញ​ឪពុក​ម្តាយ និង​ជីដូន​ជីតា​ខាង​វិញ្ញាណ ដែល​អាចជួយ​បង្រៀន​ អំពី​របៀប​រស់​នៅ​ក្នុង “ជីវិត​ដែល​បរិសុទ្ធ” (ខ.៩)…

ថ្វាយទឹកភ្នែកអ្នកទៅព្រះជាម្ចាស់

កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន សត្វ​ត្រី​បាឡែន​ពិឃាត​មួយ​ក្បាល​ទៀត ឈ្មោះ តាលេខ្វះ(Talequah)បាន​បង្កើត​កូន។ ហ្វូងរបស់​ត្រី​បាឡែន​ពិឃាត តាលេខ្វះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សត្វ​ដែល​ជិត​ផុត​ពូជ ហើយ​កូន​របស់​វា ដែល​ទើប​តែ​កើតថ្មី​នោះ គឺ​ជា​ក្តី​សង្ឃឹម​របស់​ពួក​គេ សម្រាប់​ពេល​អនា​គត។ ប៉ុន្តែ កូន​របស់​វា​ក៏​បាន​ស្លាប់ បន្ទាប់​ពី​កើត​បាន​រយៈពេល​មិន​ដល់​១​ម៉ោង។ ​មេត្រី​បាឡែន​មួយ​ក្បាល​នេះបាន​រុញ​សាក​សព​របស់​កូន​វា កាត់​តាម​តំបន់​ទឹក​ត្រជាក់ ក្នុង​មហាសមុទ្រ​បាស៊ីភិច អស់​រយៈ​ពេល​៧០​ថ្ងៃ ទំរាំ​តែ​វា​អាច​ព្រលែង​សាក​សព​របស់​កូន​វា។ គេ​ក៏​បាន​ថតព្រឹត្តិការណ៍ដ៏​សោក​សៅ​នេះ ហើយ​ចាក់​ផ្សាយ​ឲ្យ​មនុស្ស​ទូទាំង​ពិភព​លោក​ទស្សនា។

ជួន​កាល អ្នក​ជឿ​ព្រះ​យេស៊ូវ ក៏​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ជម្នះ​ភាព​សោក​សង្រេង​ផង​ដែរ។ ជួន​កាល យើង​ខ្លាច​គេគិត​ថា ភាព​សោក​សង្រេង​របស់​យើង គឺ​ជា​សញ្ញា​បង្ហាញ​ថា យើង​កំពុង​តែ​ខ្វះ​សេចក្តី​សង្ឃឹម។ ប៉ុន្តែ ព្រះ​គម្ពីរ​បានចែង​អំពី​មនុស្ស​ជា​ច្រើន ដែល​បាន​ស្រែក​រក​ព្រះ  ពេល​ដែល​ពួក​គេ​សោក​សង្រេង។ ការ​ពោល​ទំនួញ និង​ក្តី​សង្ឃឹម អាច​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប ដ៏​ស្មោះ​ត្រង់។

កណ្ឌ​គម្ពីរ​បរិទេវ ជា​កណ្ឌ​គម្ពីរ​ដែល​មាន​បទ​កំណាព្យ​៥​បទ ដែល​បង្ហាញ​ភាព​សោក​សង្រេង​របស់​អ្នក​ដែល​បានបាត់​បង់​ផ្ទះ​សម្បែង ត្រូវ​ពួក​ខ្មាំង​សត្រូវ​តាម​សម្លាប់ ហើយ​ក៏​ស្ទើរ​តែ​បាត់​បង់​ជីវិត(៣:៥២-៥៤) ហើយ​ពួក​គេ​ក៏​បានទួញ​យំ និង​ទូល​អង្វរ​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ភាព​យុត្តិ​ធម៌​(ខ.៦៤)។ ពួក​គេ​ស្រែក​រក​ព្រះ មិន​មែន​ដោយ​សារ​ពួក​គេអស់​សង្ឃឹម​នោះ​ទេ តែ​គឺ​ដោយ​សារ​ពួក​គេ​ជឿ​ថា​ ព្រះ​ជា​ម្ចាស់​កំពុង​តែ​ស្តាប់​ពួក​គេ។ ហើយ​ពេល​ដែល​ពួក​គេស្រែក​រក​ព្រះ​អង្គ ព្រះជា​ម្ចាស់​ក៏​បាន​យាង​មក​ជិត​ពួក​គេ​(ខ.៥៧)។

ការ​សោក​សង្រេង​អំពី​រឿង​ដ៏​សោក​សៅ​ក្នុង​ពិភព​លោក ឬ​ក្នុង​ជីវិត​យើង គឺ​មិន​មែន​ជា​ទង្វើរ​ខុស​ឆ្គង​ទេ។ ព្រះ​ជាម្ចាស់​តែង​តែ​ស្តាប់​យើង​អធិស្ឋាន​ជា​និច្ច ហើយ​យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​ជា​ម្ចាស់​ប្រាកដ​ជា​នឹង​ទត​មើល​យើង ពីស្ថាន​សួគ៌​មក​មិន​ខាន។—Amy Peterson

ព្រះអង្គជ្រាប មុនពេលអ្នកទូលសូម

លោក​រ៉ូបឺត(Robert) និង​អ្នក​ស្រី​ខូលីន(Colleen) បាន​រស់​នៅ​ជា​ប្តី​ប្រពន្ធ យ៉ាង​សុខ​សាន្ត​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​មើល​មិត្ត​ភក្តិ​ទាំង​ពីរ​នាក់​នេះ​ទំនាក់​ទំនង​គ្នា​។ ខ្ញុំ​ឃើញ​ពួកគេ​ហុច​បឺរ​ឲ្យ​គ្នា ក្នុង​ពេល​អាហារ​ពេល​ល្ងាច ទាំង​មុន​ពេល​ដែល​ពួក​គេ​ណា​ម្នាក់​សុំ​បឺរ​នោះ។ ពួក​គេ​ក៏​បាន​ចាក់​ទឹក​ចូល​កែវ​ឲ្យ​គ្នា ចំ​ពេល​ដែលគូរ​ស្នេហ៍​របស់​ខ្លួន​ត្រូវ​ការទឹក។ ពេល​ពួក​គេ​និយាយ​រឿង ពួក​គេ​ក៏​បាន​ជួយ​បញ្ចប់​ឃ្លា​ប្រយោគ​ឲ្យ​គ្នា​ទៀត។ ជួន​កាល ពួក​គេ​ហាក់​ដូច​ជា​ដឹង​ថា ស្វាមី​ឬ​ភរិយា​ខ្លួន​កំពុង​គិត​ពី​អ្វី។​

យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា​ ព្រះ​ជា​ម្ចាស់​ជ្រាប ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង លើស​លទ្ធភាព​ដែល​មនុស្ស​អាច​ស្គាល់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ ពេល​ដែល​ហោរា​អេសាយ​ពិពណ៌នា អំពី​ទំនាក់ទំនង​ដែល​ព្រះ​ជា​ម្ចាស់ មាន​ជា​មួយ​រាស្រ្ត​របស់​ព្រះ​អង្គ នៅ​ក្នុង​នគរ​ដែល​ត្រូវ​មក​ដល់ គាត់​បាន​និយាយ​ថា​ ព្រះ​អង្គមាន​ទំនាក់​ទំនង​ដ៏​ទន់​ភ្លន់ និង​ជិត​ស្និទ្ធ​ជា​មួយ​ពួក​គេ។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មានប​ន្ទូល​អំពី​រាស្រ្ត​របស់​ព្រះ​អង្គ​ថា មុន​ពេល​ដែល​ពួក​គេ​អំពាវ​នាវ​រក​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ក៏​បាន​ឆ្លើយ​តប​រួច​ទៅ​ហើយ ហើយ​កាល​ដែល​ពួក​គេ​កំពុង​តែនិយាយ នោះ​ព្រះ​អង្គ​ក៏​ជ្រាប​ថា ពួក​គេ​នឹង​និយាយ​ពី​អ្វី​(អេសាយ ៦៥:២៤)។

ប៉ុន្តែ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ដឹង​ថា នេះ​ជា​ការ​ពិត​មែន? មាន​ការ​ជា​ច្រើន ដែល​ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​អស់​ជាច្រើន​ឆ្នាំ តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប។ តែ​ខ្ញុំ​ជឿ​ថា​ ពេល​ណា​យើង​មាន​ការ​លូត​លាស់ នៅ​ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ ដោយ​មាន​ចិត្ត​ដែល​ស្រប​នឹង​ព្រះ​ទ័យ​ព្រះ​អង្គ នោះ​យើង​អាច​រៀន​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ឆ្លើយ​តបតាម​ពេល​វេលា និង​ព្រះ​ទ័យ​របស់​ព្រះ​អង្គ។ ពេល​នោះ យើង​អាច​ចាប់​ផ្តើម​មាន​សេចក្តី​ប្រាថ្នា ដែល​ត្រូវ​តាម​បំណង​ព្រះ​ទ័យ​ទ្រង់។ ពេល​យើង​អធិ​ស្ឋាន យើង​អាច​ទូល​សូម​នូវ​សេចក្តី ដែល​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក​៦៥ ដែល​មាន​ដូច​ជា : ចុង​បញ្ចប់​នៃ​ការ​សោក​សង្រេង​(ខ.១៩) គ្រួសារ​ដ៏​សុខ​សាន្ត…

ការរង់ចំារបស់សត្វអណ្តើក

រៀង​រាល់​ឆ្នាំ ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ពេល​ដែល​សត្វ​អណ្តើក​ពណ៌​ដឹង​ថា រដូវ​រងា​ជិត​មក​ដល់​ហើយ វា​ក៏​បាន​ជ្រមុជ​ទៅ​បាត​ស្រះ ដោយ​កប់​ខ្លួន​វា​នៅ​ក្នុង​ភក់។ ជើង និង​ក្បាល​របស់​វា​ក៏​បាន​លិប​ចូល​ទៅ​ក្នុង​ស្នូក ហើយ​វា​ក៏​នៅ​ស្ងៀម ដោយ​ចង្វាក់​បេះ​ដូង​របស់​វាបាន​ថយ​ចុះ គឺ​ស្ទើរ​តែ​លែង​ដើរ។ កម្តៅ​ក្នុង​ខ្លួន​របស់​វា​ក៏​បាន​ធ្លាក់​ចុះ គឺ​គ្រាន់​តែ​មាន​សីតុណ្ហ​ភាព​ត្រជាក់​លើស​ទឹកកក​តែ​បន្តិច​ប៉ុណ្ណោះ។ វា​ក៏​ឈប់​ដក​ដង្ហើម ហើយ​ក៏​បាន​នៅ​រង់​ចាំ។ វា​ក៏​បាន​នៅ​កប់​ក្នុង​ភក់​អស់​រយៈ​ពេល​៦​ខែ ហើយ​រាង​កាយ​របស់​វា​ក៏​បានបញ្ចេញ​ជាតិ​កាល់​ស្យូម​ពី​ក្នុង​ឆ្អឹង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ឈាម​របស់​វា ដើម្បី​ឲ្យ​ខ្លួន​វា​ចុះ​ស្គម​យឺត​ៗ។

ប៉ុន្តែ ពេល​ដែល​ទឹកក​ក្នុង​ស្រះ​រលាយ វា​ក៏​បាន​អណ្តែត​មក​ខាង​លើ ហើយ​ចាប់​ផ្តើម​ដក​ដង្ហើម​ឡើង​វិញ។ ឆ្អឹង​របស់​វា​នឹង​លូតលាស់​ឡើង​វិញ ហើយ​វា​នឹង​ទទួល​កម្តៅ​ថ្ងៃ ដែល​បាន​ចាំង​មក​លើ​ស្នូក​របស់​វា។

ខ្ញុំ​បាន​នឹក​ចាំ អំពី​សត្វ​អណ្តើក​ពណ៌​នេះ ពេល​ដែល​ខ្ញុំ​អាន​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​ពិពណ៌នា អំពី​ការ​រង់​ចាំ​ព្រះ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ជាប់​នៅ​ក្នុង​អន្លង់​ភក់​ស្អិត ប៉ុន្តែ ព្រះ​ជា​ម្ចាស់​បាន​ស្តាប់​ឮ​សម្រែក​របស់​គាត់(ទំនុកដំកើង ៤០:២)។ ព្រះ​ជា​ម្ចាស់​ក៏​បាន​លើក​គាត់​ឡើង ហើយ​ក៏​បាន​ប្រទាន​កន្លែង​ដ៏​រឹង​មាំ សម្រាប់​ឲ្យ​គាត់​ឈរ។ គាត់​ក៏​បាន​បន្លឺ​សម្លេង​ច្រៀង​ថា “ព្រះ​អង្គ​ជា​ជំនួយ និង​ជា​អ្នក​ប្រោស​ឲ្យ​ទូល​បង្គំ​រួច”(ខ.១៧)។

អ្នក​ប្រហែល​ជា​កំពុង​តែ​រង់​ចាំ​ការ​ផ្លាស់​ប្តូរ ទំាង​ពី​យូរ​មក​ហើយ ដែល​មាន​ដូច​ជា​ទិស​ដៅ​ថ្មី នៅ​ក្នុង​អាជីព ការ​ផ្សះ​ផ្សា​ទំនាក់​ទំនង ការ​ជម្នះ​ទម្លាប់​អាក្រក់ ឬ​រង់​ចំា​ការ​រំដោះ​ឲ្យ​រួច​ពី​ស្ថាន​ភាព​ដ៏​ពិបាក​ណា​មួយ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​រំឭក​យើង​ថា យើង​ត្រូវ​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់ ដ្បិត​ព្រះ​អង្គ​ស្តាប់​ឮ ហើយ​ព្រះ​អង្គ​នឹង​រំដោះ​យើង​ឲ្យ​រួច។—AMY PETERSON

កត់ជាប់នៅក្នុងចិត្ត

ក្នុង​ការងារ​របស់​ខ្ញុំ​ជា​សាស្រ្តា​ចារ្យ ជា​ញឹក​ញាប់ មាន​និសិ្សត​ជា​ច្រើន​បាន​សុំ​ឲ្យ​ខ្ញុំ​សរសេរ​សំបុត្រ​បញ្ចាក់​ឲ្យ​ពួក​គេ សម្រាប់​មុខ​តំណែង​ជា​អ្នក​ដឹក​នាំ សម្រាប់​កម្ម​វិធី​សិក្សា​នៅ​បរទេស សម្រាប់​ការ​ចូល​រៀន​ថ្នាក់​ឧត្តម​សិក្សា​ជាន់​ខ្ពស់ និង​សម្រាប់​ការ​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ជា​ដើម។ នៅ​ក្នុង​សំបុត្រ​នីមួយ​ៗ ខ្ញុំ​មាន​ឱកាស​និយាយ​សរសើរ អំពី​ចរិយា​សម្បត្តិ និង​សមត្ថ​ភាព​របស់​និសិ្សត​ម្នាក់​ៗ​។

នៅ​សម័យ​ពួក​ជំនុំ​ដំបូង កាល​គ្រីស្ទ​បរិស័ទ​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត ជា​ញឹក​ញាប់ ពួក​គេ​ក៏​ត្រូវ​ការ​សំបុត្រ​បញ្ជាក់ ពី​ព្រះ​វិហារ​របស់​ពួក​គេ​ផង​ដែរ សម្រាប់​ដាក់​ជាប់​តាម​ខ្លួន។ សំបុត្រ​ប្រភេទ​នេះ​បាន​ជួយ​ឲ្យ​ពួក​គេ​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ ពី​បង​ប្អូន​រួម​ជំនឿ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​មិន​ត្រូវ​ការ​សំបុត្រ​បញ្ជាក់ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​ចែក​ចាយ​ព្រះ​បន្ទូល ក្នុង​ព្រះ​វិហារ នៅ​ទីក្រុង​កូរិនថូស​ឡើយ ព្រោះ​គេ​ស្គាល់​គាត់​ហើយ។ ក្នុង​សំបុត្រ​ទីពីរ ដែល​គាត់​បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ​នេះ គាត់​បាន​សរសេរ​ថា គាត់​បាន​ផ្សាយ​ដំណឹង​ល្អ ដោយ​ចិត្ត​ស្មោះ​ត្រង់ គឺ​មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ​(២កូរិនថូស ២:១៧)។ ប៉ុន្តែ ត្រង់​ចំណុច​នេះ តើ​អ្នក​អាន​សំបុត្រ​របស់​គាត់​គិត​ថា គាត់​កំពុង​តែ​សរសេរ​សំបុត្រ​បញ្ជាក់​ដើម្បី​ការពារ​ខ្លួន​ឬ?

គាត់​ប្រាប់​ពួក​គេ​ថា គាត់​មិន​ត្រូវ​ការ​សំបុត្រ​ប្រភេទ​នេះ​ឡើយ ព្រោះ​ពួក​ជំនុំ នៅ​ទីក្រុង​កូរិនថូស គឺ​ប្រៀប​បាន​នឹង​សំបុត្រ​បញ្ជាក់​ទៅ​ហើយ។ ព្រះ​រាជ​កិច្ច​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​ក្នុង​ជីវិត​ពួក​គេ គឺ​ជា​ប្រៀប​ដូច​ជា សំបុត្រ​ព្រះ​គ្រីស្ទ “មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​វិញ”(៣:៣)។ ជីវិត​ផ្លាស់​ប្រែរបស់​ពួក​គេ​បាន​ធ្វើ​បន្ទាល់​ចំពោះ​ដំណឹង​ល្អ​ដ៏​ពិត ដែល​សាវ័ក​ប៉ុល​បាន​ផ្សាយ​ដល់​ពួក​គេ និយាយ​រួម  ជីវិត​ផ្លាស់​ប្រែ​របស់​ពួក​គេ​ជា​សំបុត្រ​ “ដែល​មនុស្ស​ទាំង​អស់​ក៏​ដឹង ហើយ​អាន​មើល​ដែរ”(៣:២)។ ពេល​ណា​យើង​ដើរ​តាម​ព្រះយេស៊ូវ ជីវិត​របស់​យើង​ក៏នឹង​ក្លាយ​ជា​សំបុត្រ ដែល​ថ្លែង​អំពី​សេចក្តី​ល្អ​នៃ​ដំណឹង​ល្អ​ផង​ដែរ។ —AMY PETERSON

ការជជែកគ្នាអំពីព្រះ

ការ​សិក្សា​មួយ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​បាម៉ា កាល​ពី​ឆ្នាំ​២០១៨ រក​ឃើញ​ថា ជន​ជាតិ​អាមេរិក​ភាគ​ច្រើន​ មិន​ចូល​ចិត្ត​និយាយ​អំពី​ព្រះ​ទេ។​ មាន​ជន​ជាតិ​អាមេរិក​តែ​៧​ភាគ​រយ​ប៉ុណ្ណោះ ដែល​និយាយ​ថា ពួក​គេ​បាន​ជជែក​គ្នា​អំពី​បញ្ហា​ខាង​ព្រលឹង​វិញ្ញាណ​ជា​ទៀង​ទាត់ ហើយ​គ្រីស្ទ​បរិស័ទ​ដែល​អនុវត្ត​ជំនឿ​របស់​ខ្លួន​នៅ​អាមេរិក ក៏​មិន​មាន​អ្វី​ខុស​ប្លែក​ពី​នេះ​ដែរ។ មាន​តែ​៣០​ភាគ​រយ​នៃអ្នក​ទៅ​ព្រះវិហារ​ទៀង​ទាត់​ប៉ុណ្ណោះ ដែល​បាន​និយាយ​ថា ពួក​គេ​មាន​ការ​សន្ទនា​អំពី​រឿង​ខាង​ព្រលឹង​វិញ្ញាណ មួយ​សប្តាហ៍​ម្តង។

គេ​ប្រហែល​ជា​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ ដែល​ការ​សន្ទនា​គ្នា អំពី​រឿង​ខាង​ព្រលឹង​វិញ្ញាណ កំពុង​តែ​មាន​ការ​ថយ​ចុះ។ ការ​ជជែក​គ្នាអំពី​ព្រះ អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ យើង​អាច​មាន​អារម្មណ៍​ថា ការ​សន្ទនា​ប្រភេទ​នេះ​ហាក់​ដូច​ជា​មាន​ហានី​ភ័យ​ខ្ពស់ ដោយ​សារ​ច្បាប់​បាន​ហាម​ឃាត់ ឬ​ដោយ​សារ​យើង​ខ្លាច​មាន​ជម្លោះ​នៅ​ក្នុង​ទំនាក់​ទំនង ឬ​ក៏​ដោយសារ​យើង​មិន​ចង់​និយាយ​អំពី​ចំណុច​ខ្វះខាត ដែល​យើង​ចំា​បាច់​ត្រូវ​កែ​ប្រែ​ក្នុង​ជីវិត​យើង​ជា​ដើម។​

ប៉ុន្តែ តាម​ព្រះ​រាជ​បញ្ជា​ដែល​បាន​បង្គាប់​ប្រជាជន​អ៊ីស្រាអែល​ដែល​ជា​រាស្រ្ត​របស់​ព្រះ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ចោទិយកថា ការ​ជជែក​គ្នា​អំពី​ព្រះ អាច​ធ្វើ​ជា​ផ្នែក​ធម្មតា​មួយ នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង។ រាស្រ្ត​របស់​ព្រះ​ត្រូវ​តែ​ទន្ទេញ​ព្រះ​បន្ទូល​ព្រះ​ឲ្យ​ចាំ ហើយ​ត្រូវ​ដាក់​តាំង​ព្រះ​បន្ទូល​ទ្រង់ នៅ​កន្លែង​ណា​ដែល​ពួក​គេ​អាច​មើល​ឃើញ​ញឹក​ញាប់។ ពួក​គេ​ត្រូវ​បង្រៀន​ពាក្យ​ទាំង​នេះ​ដល់​ពួក​កូន​ចៅ​ជំនាន់ក្រោយ ដោយ​និយាយ​ប្រាប់​ក្នុង​កាល​ ដែល “ពួកគេ​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង”(១១:១៩)។

ព្រះ​ជា​ម្ចាស់​ត្រាស់ហៅ​យើង ឲ្យ​ជជែក​គ្នា​អំពី​រឿង​ខាង​វិញ្ញាណ។ ចូរ​យើង​ស្វែង​រក​ឱកាស​ជជែក​គ្នា ដោយ​ពឹង​ផ្អែក​លើ​ព្រះ​វិញ្ញាណ ហើយ​កែ​ប្រែ​ការ​និយាយ​អំពី​រឿង​តូច ទៅ​ជា​ការ​និយាយ​ស៊ី​ជម្រៅ អំពី​រឿង​ខាង​វិញ្ញាណ។ ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​ពរ​ដល់​សហគមន៍​របស់​យើង ពេល​ណា​យើង​ជជែក​គ្នា​អំពី​ព្រះ​បន្ទូល​ទ្រង់ ហើយ​អនុវត្ត​តាម។​—AMY PETERSON

ការជប់លៀងដោយការលះបង់

នៅ​ក្នុង​ខ្សែ​ភាព​យន្ត​របស់​ប្រទេស​ដាណឺម៉ាក មាន​ចំណង​ជើង​ថា ពិធី​ជប់​លៀង​របស់​បាបេត(Babette) គេ​ឃើញ​មាន​ជន​ភាស​ខ្លួន​ម្នាក់​ឈ្មោះ​បាបេត​បាន​បង្ហាញ​មុខ​ក្នុង​ភូមិ​មួយ នៅ​មាត់​សមុទ្រ។ មាន​បង​ប្អូន​ស្រី​ពីរ​នាក់ ដែល​ជា​ចាស់​ទុំ និង​អ្នក​ដឹក​នាំ​ខាង​ជំនឿ នៅ​ក្នុង​សហគមន៍​នោះ បាន​ឲ្យ​នាង​ចូល​ជ្រក​កោន​នៅ​ក្នុង​ភូមិ​របស់​ពួក​គេ ហើយ​បាបេត​ក៏​បាន​ធ្វើ​ការ​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ​របស់​ពួក​គេ​អស់​រយៈ​ពេល​១៤​ឆ្នាំ។ ពេល​​គាត់​សន្សំ​បាន​លុយ​ច្រើន គាត់​ក៏បាន​អញ្ជើញ​មិត្ត​ភក្តិ និង​អ្នក​ជិត​ខាង​របស់​គាត់​ដែល​មាន​គ្នា​១២​នាក់ ឲ្យ​មក​ចូល​រួម​ជា​មួយ​នាង នៅ​ក្នុង​ការ​បរិភោគ​ម្ហូប​ថ្លៃ​ៗ​របស់​ជន​ជាតិ​បារាំង ដែល​មាន​ពង​ត្រី​ប្រឡាក់ ក្រួច​បំពង​ម្ស៉ៅ​មី និង​ម្ហូប​ជា​ច្រើន​មុខ​ទៀត។

ពេល​ដែល​ពួក​គេ​ញាំ​អាហារ​ចប់​មួយ​វគ្គ​ហើយ ភ្ញៀវ​ទាំង​ឡាយ​ក៏​បាន​សម្រាក ដោយ​ខ្លះ​បាន​រក​ឃើញ​ការ​អត់​ទោសបាប ខ្លះ​រក​ឃើញ​ចំណង​នៃ​សេចក្តី​ស្រឡាញ់​ឡើង​វិញ ហើយ​ខ្លះ​ទៀត​ក៏​បាន​ចាប់​ផ្តើម​រាប់​ការ​អស្ចារ្យ​ដែល​ពួក​គេឃើ​ញ និង​សេចក្តី​ពិត​ដែល​ពួក​គេ​បាន​រៀន​កាល​ពី​ក្មេង។ ពួក​គេ​សួរ​ថា “តើ​យើង​នៅ​ចាំ​អ្វី​ដែល​គេ​បាន​បង្រៀន​យើង​ទេ? ក្មេង​ៗ​ទាំង​ឡាយ​អើយ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក”។ ពេល​ដែល​ការ​ញាំ​អាហារ​បាន​បញ្ចប់ បាបេត​ក៏​បាន​ប្រាប់​បង​ប្អូនទាំង​ពីរ​នាក់​នោះ​ថា នាង​បាន​ចំណាយ​លុយ​ទាំង​អស់​ដែល​នាង​បាន​សន្សំ ទៅ​លើ​អាហារ​ទាំង​នោះ។ ហើយ​ដើម្បី​ឲ្យមិត្ត​ភក្តិ​របស់​នាង​បាន​ញាំ​អាហារ ហើយ​បើក​ចំហរ​ចិត្ត នាង​បាន​លះ​បង់​អ្វី​ៗ​ទាំង​អស់ ដែល​រាប់​បញ្ចូល​ទាំង​ឱកាសវិល​ត្រឡប់​ទៅ​រក​ជីវិត​ចាស់​របស់​នាង ដែល​ជា​ចុង​ភៅ​ដ៏​ល្បី​ល្បាញ នៅ​ទីក្រុង​បារីស។

ព្រះ​យេស៊ូវ​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ នៅ​លើ​ផែនដី ក្នុង​នាម​ជា​អ្នក​ក្រៅ និង​អ្នក​បម្រើ ហើយ​ទ្រង់​បាន​លះ​បង់​អ្វី​ៗ​ទាំង​អស់ ដើម្បី​​ចម្អែត​ការ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​របស់​យើង។ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន ទ្រង់​បាន​រំឭក​អ្នក​ស្តាប់​របស់​ទ្រង់​ថា កាល​បុព្វ​បុរស​របស់​ពួក​គេ​បាន​វិល​វល់​នៅ​ក្នុង​វាល​រហោ​ស្ថាន ដោយ​ការ​ស្រេក​ឃ្លាន ព្រះ​ជាម្ចាស់​បាន​ប្រទាន​សត្វ​ក្រួច និង​នំប៉័ង ដើម្បី​ចម្អែត​ពួក​គេ​(និក្ខមនំ ១៦)។ អាហារ​នោះ​អាច​ចម្អែត​ពួក​គេ​បាន​មួយពេល តែ​ព្រះ​យេស៊ូវ​បាន​សន្យា​ថា អ្នក​ដែល​បាន​ទទួល​ទ្រង់ ជា “នំប៉័ង​នៃ​ជីវិត” និង “មាន​ជីវិត​អស់​កល្ប​ជា​និច្ច”(យ៉ូហាន ៦:៤៨,៥១)។…

ថ្នាំបន្សាបដែលនៅក្បែរយើងស្រាប់

មាន​ពេល​មួយ​ខ្ញុំ​បាន​ទៅ​លេង​កោះ​បាហាម៉ា។ អ្នក​នាំ​ផ្លូវ​ម្នាក់​បាន​ដឹក​នាំ​ដំណើរ​កម្សាន្ត​នេះ​ នៅ​ក្នុង​ឧទ្យាន​ជាតិ​មួយ។ ពេល​នោះ ​ខ្ញុំ​ក៏​បាន​សរសេរ​ខ្វៀក​នៅ​លើ​សៀវភៅ​កត់​ត្រា ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ណែនាំ អំពី​រុក្ខជាតិ​ទាំង​ឡាយ ក្នុង​ព្រៃ​បុរាណ​របស់​កោះ​បាហាម៉ា។​ គាត់​បាន​ប្រាប់​យើង អំពី​ដើម​ឈើ​ដែល​យើង​ត្រូវ​ជៀស​វាង។ គាត់​ថា មាន​ដើម​ឈើ​ពិស​មួយ​ប្រភេទ បញ្ចេញ​រុក្ខ​រស់​ពណ៌​ខ្មៅ ដែល​នាំ​ឲ្យ​មាន​កន្ទួល​រមាស់​ដ៏​ឈឺ​ចាប់។ ប៉ុន្តែ កុំ​បារម្ភ​អី! តាម​ធម្មតា គេ​អាច​រក​ឃើញ​ថ្នាំ​បន្សាប​នៅ​ក្បែរ​ដើម​ឈើនោះ។ គាត់​ថា “គេ​ត្រូវ​ជា​សម្បក​ឈើ​ពណ៌​ក្រហម​របស់​ដើម​ជ័រ​ដែល​នៅ​ក្បែរ​នោះ ហើយ​យក​ទឹក​ដម​របស់​វា​មក​ឈ្លី​ពី​លើ​កន្លែង​កន្ទួល​រមាស់​នោះ។​ កន្ទួល​រមាស់​នឹង​បាត់​ភ្លាម”។

ពេល​ឮ​គាត់​និយាយ​ដូច​នេះ ខ្ញុំ​ស្ទើរ​ជ្រុះ​ខ្មៅ​ដៃ​ពី​ដៃ ដោយ​ការ​ភ្ញាក់​ផ្អើល។ ពី​មុន​មក ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ថា ខ្ញុំ​អាច​រក​ឃើញ​រឿង​ប្រៀប​ប្រដូច​អំពី​សេចក្តី​សង្រ្គោះ នៅ​ក្នុង​ព្រៃ​ឡើយ។ ប៉ុន្តែ​ ដើម​ជ័រ​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​ជា​ថ្នាំ សម្រាប់​បន្សាប​ជាតិ​ពុល​នៃ​អំពើ​បាប នៅ​គ្រប់​ពេល។ ព្រះ​លោហិត​របស់​ព្រះ​យេស៊ូវ​នាំ​មក​នូវ​ការ​ប្រោស​ឲ្យ​ជា ដូច​សម្បក​ពណ៌​ក្រហម​នៃ​ដើម​ជ័រ​នោះ។

ហោរា​អេសាយ​ដឹង​ថា មនុស្ស​ជាតិ​ត្រូវ​ការ​ការ​ប្រោស​ឲ្យ​ជា។ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​បាប។ កណ្ឌ​គម្ពីរ​អេសាយ​បាន​សន្យា​ថា ការ​ប្រោស​ឲ្យ​ជា​របស់​យើង គឺ​បាន​មក​ពី “មនុស្ស​ទូទុក្ខ” ដែល​បាន​ទទួល​យក​ជម្ងឺ​របស់​យើង​(អេសាយ ៥៣:៣)។ មនុស្ស​ទូទុក្ខ​នោះ គឺ​ជា​អង្គ​ព្រះ​យេស៊ូវ។ យើង​មាន​ជម្ងឺ ប៉ុន្តែ ព្រះយេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​ទទួល​យក​ការ​ឈឺ​ចាប់ និង​របួស​ជំនួស​យើង។ ពេល​ណា​យើង​ទទួល​ជឿ​ទ្រង់ យើង​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ពី​ជម្ងឺ​នៃ​អំពើ​បាប(ខ.៥)។ យើង​អាច​ចំណាយ​ពេល​មួយ​ជីវិត ដើម្បី​រៀន​រស់​នៅ​ជា​មនុស្ស​ដែល​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា ដោយ​ទទួល​ស្គាល់​ថា យើង​មាន​បាប ហើយ​បដិសេធ​វា ស្រប​តាមអត្ត​សញ្ញាណ​ថ្មី​របស់​យើង ប៉ុន្តែ…

តើនរណាខ្លះកំពុងតែឯកោ?

សេវ៉ាកម្ម “ជួល​គ្រួសារ” កំពុង​តែ​មាន​ការ​លូត​លាស់ នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន ដើម្បី​បំពេញ​តម្រូវ​ការ​មនុស្ស​ដែល​កំពុង​តែ​មាន​ភាព​ឯកោ។ អ្នក​ខ្លះ​បាន​ប្រើ​សេវ៉ា​កម្ម​នេះ ដើម្បី​ឲ្យ​តែ​ល្អ​មើល ឧទាហរណ៍​ដូច​ជា​នៅ​ក្នុង​កម្ម​វិធីសង្គម​ជា​ដើម ដើម្បី​ឲ្យ​អ្នក​ដទៃ​មើល​មក​ឃើញ​ថា ខ្លួន​មាន​គ្រួសារ​ដែល​រីក​រាយ។ អ្នក​ខ្លះ​បាន​ជួល​តួសម្តែង ឲ្យ​ដើរ​តួ​ជា​សាច់​ញាតិ​ដែល​ឈប់​រស់​នៅ​ជា​មួយ​គ្នា ដើម្បី​ឲ្យ​ខ្លួន​អាច​មាន​អារម្មណ៍​ថា មាន​ភាព​កក់​ក្តៅ​នៅ​ក្នុង​ទំនាក់​ទំនង​គ្រួសារ​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន ទោះ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ក៏​ដោយ។

ទំនោរ​មួយ​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​រឿង​ពិត​មួយ ដែល​ថា ព្រះ​ជា​ម្ចាស់​បាន​បង្កើត​មនុស្ស​មក សម្រាប់​ការ​ទំនាក់​ទំនងគ្នា​។ នៅ​ក្នុង​រឿង​នៃ​ការ​បង្កើត​របស់​ព្រះ​ជា​ម្ចាស់ ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ យើង​ឃើញ​ថា ព្រះ​ជា​ម្ចាស់​បាន​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា “​ការ​ល្អ​ប្រពៃ”(១:៣១)។ ប៉ុន្តែ​ ពេល​ដែល​ទ្រង់​គិត​ដល់​អ័ដាម ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា “​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ”(២:១៨)។ មនុស្ស​ត្រូវ​ការ​ការ​ទំនាក់ទំនង​ជា​មួយ​មនុស្ស។

ព្រះគម្ពីរ​មិន​គ្រាន់​តែ​បាន​ប្រាប់​យើង​ថា យើង​ត្រូវ​ការ​ការ​ទំនាក់​ទំនង​គ្នា​ប៉ុណ្ណោះ​ឡើយ។ ព្រះ​គម្ពីរ​ក៏​បាន​ប្រាប់​យើង​ អំពី​កន្លែង​ដែល​យើង​អាច​រក​ឃើញ​ទំនាក់​ទំនង​នោះ គឺ​ក្នុង​ចំណោម​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវផងដែរ​។ មុន​ពេល​ព្រះ​យេស៊ូវ​អស់​ព្រះ​ជន្ម ទ្រង់​បាន​ផ្តាំ​លោក​យ៉ូហាន ឲ្យ​ចាត់​ទុក​មាតា​របស់​ទ្រង់ ជា​ម្តាយ​របស់​គាត់។ ពួក​គេ​ក្លាយ​ជា​ក្រុម​គ្រួសារ​តែ​មួយ បន្ទាប់​ពី​ព្រះ​យេស៊ូវ​យាង​ឡើងទៅ​​ស្ថាន​សួគ៌​វិញ(យ៉ូហាន ១៩:២៦-២៧)។ ហើយ​សាវ័ក​ប៉ុល​បាន​បង្រៀន​គ្រីស្ទ​បរិស័ទ​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដូច​ឪពុក​ម្តាយ និង​បង​ប្អូន​បង្កើត​ផង​ដែរ(១ធីម៉ូថេ ៥:១-២)។ បទ​គម្ពីរ​ទំនុក​ដំកើង ក៏​បាន​ពិពណ៌នា​ផង​ដែរ​ថា ព្រះ​រាជ​កិច្ច​ប្រោស​លោះ​របស់​ព្រះ​ជា​ម្ចាស់ ក្នុង​លោកិយ​នេះ ក៏​រាប់​បញ្ចូល “ការ​នាំមនុស្ស​ឯកោ ឲ្យ​មាន​គ្រួសារ”(ទំនុកដំកើង ៦៨:៦) ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​រៀប​ចំ​ពួក​ជំនុំ ឬព្រះវិហារ ធ្វើ​ជា​កន្លែង​ដ៏​ល្អ​បំផុត…