ក្នុងការងាររបស់ខ្ញុំជាសាស្រ្តាចារ្យ ជាញឹកញាប់ មាននិសិ្សតជាច្រើនបានសុំឲ្យខ្ញុំសរសេរសំបុត្របញ្ចាក់ឲ្យពួកគេ សម្រាប់មុខតំណែងជាអ្នកដឹកនាំ សម្រាប់កម្មវិធីសិក្សានៅបរទេស សម្រាប់ការចូលរៀនថ្នាក់ឧត្តមសិក្សាជាន់ខ្ពស់ និងសម្រាប់ការដាក់ពាក្យសុំធ្វើការជាដើម។ នៅក្នុងសំបុត្រនីមួយៗ ខ្ញុំមានឱកាសនិយាយសរសើរ អំពីចរិយាសម្បត្តិ និងសមត្ថភាពរបស់និសិ្សតម្នាក់ៗ។
នៅសម័យពួកជំនុំដំបូង កាលគ្រីស្ទបរិស័ទធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀត ជាញឹកញាប់ ពួកគេក៏ត្រូវការសំបុត្របញ្ជាក់ ពីព្រះវិហាររបស់ពួកគេផងដែរ សម្រាប់ដាក់ជាប់តាមខ្លួន។ សំបុត្រប្រភេទនេះបានជួយឲ្យពួកគេទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីបងប្អូនរួមជំនឿ។
ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលមិនត្រូវការសំបុត្របញ្ជាក់ នៅក្នុងការធ្វើដំណើរ ទៅចែកចាយព្រះបន្ទូល ក្នុងព្រះវិហារ នៅទីក្រុងកូរិនថូសឡើយ ព្រោះគេស្គាល់គាត់ហើយ។ ក្នុងសំបុត្រទីពីរ ដែលគាត់បានសរសេរផ្ញើពួកជំនុំនេះ គាត់បានសរសេរថា គាត់បានផ្សាយដំណឹងល្អ ដោយចិត្តស្មោះត្រង់ គឺមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ(២កូរិនថូស ២:១៧)។ ប៉ុន្តែ ត្រង់ចំណុចនេះ តើអ្នកអានសំបុត្ររបស់គាត់គិតថា គាត់កំពុងតែសរសេរសំបុត្របញ្ជាក់ដើម្បីការពារខ្លួនឬ?
គាត់ប្រាប់ពួកគេថា គាត់មិនត្រូវការសំបុត្រប្រភេទនេះឡើយ ព្រោះពួកជំនុំ នៅទីក្រុងកូរិនថូស គឺប្រៀបបាននឹងសំបុត្របញ្ជាក់ទៅហើយ។ ព្រះរាជកិច្ចដែលព្រះគ្រីស្ទបានធ្វើក្នុងជីវិតពួកគេ គឺជាប្រៀបដូចជា សំបុត្រព្រះគ្រីស្ទ “មិនមែនសរសេរនឹងទឹកខ្មៅទេ គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់ ក៏មិនមែនលើបន្ទះថ្មដែរ គឺក្នុងចិត្តខាងសាច់ឈាមវិញ”(៣:៣)។ ជីវិតផ្លាស់ប្រែរបស់ពួកគេបានធ្វើបន្ទាល់ចំពោះដំណឹងល្អដ៏ពិត ដែលសាវ័កប៉ុលបានផ្សាយដល់ពួកគេ និយាយរួម ជីវិតផ្លាស់ប្រែរបស់ពួកគេជាសំបុត្រ “ដែលមនុស្សទាំងអស់ក៏ដឹង ហើយអានមើលដែរ”(៣:២)។ ពេលណាយើងដើរតាមព្រះយេស៊ូវ ជីវិតរបស់យើងក៏នឹងក្លាយជាសំបុត្រ ដែលថ្លែងអំពីសេចក្តីល្អនៃដំណឹងល្អផងដែរ។ —AMY PETERSON