អ្នកស្រីស៊ូសាន ប៊ី អ៊ែនថូនី(Susan B. Anthony ឆ្នាំ ១៨២០ ដល់ ១៩០៦) មានឈ្មោះល្បីល្បាញ ដោយសារគាត់មានជំហរដ៏រឹងមាំ នៅក្នុងការទាមទាសិទ្ធិស្រ្តី នៅសហរដ្ឋអាមេរិក។ គាត់បានប្រកាស់ថា “ចលនាទាមទាសិទ្ធិស្រ្តីមិនអាចបរាជ័យឡើយ”។ គាត់បានទទួលរងការរិះគន់ជាប្រចាំ ហើយក្រោយមកក៏ត្រូវគេចាប់ខ្លួន ហើយកាត់ទោស ពីបទបោះឆ្នោតដោយខុសច្បាប់។ តែទោះជាយ៉ាងណាក៏ដោយ គាត់បានប្តេជ្ញាចិត្តថា គាត់នឹងមិនបញ្ឈប់ការទាមទាឲ្យស្រ្តីមានសិទ្ធិបោះឆ្នោត ដោយជឿថា ចលនារបស់គាត់ ជាបុព្វហេតុដ៏យុត្តិធម៌។ គាត់មិនបានឃើញផលផ្លែនៃចលនារបស់គាត់ មុនពេលគាត់ស្លាប់ឡើយ តែការប្រកាស់របស់គាត់ គឺបានក្លាយជាការពិត។ នៅឆ្នាំ១៩២០ សហរដ្ឋអាមេរិកក៏បានកែរដ្ឋធម្មនុញ្ញ ដើម្បីឲ្យស្រ្តីមានសិទ្ធិបោះឆ្នោត។
បរាជ័យក៏មិនមែនជាជម្រើសរបស់លោកនេហេមាដែរ ព្រោះគាត់មានជំនួយដ៏មានចេស្តា ពីព្រះជាម្ចាស់។ បន្ទាប់ពីគាត់បានអធិស្ឋានសូមព្រះពរសម្រាប់ការជួលជុលកំផែងក្រុងយេរូសាឡិមហើយ គាត់និងអ្នកដែលបានត្រឡប់ពីការនិរទេសនៅចក្រភពបាប៊ីឡូន ក៏បាននាំគ្នាចាប់ផ្តើមការជួសជុលនេះ។ ពួកគេត្រូវការកំផែងក្រុង ដើម្បីការពារប្រជាជនពីការវាយប្រហាររបស់សត្រូវ។ ប៉ុន្តែ កិច្ចការជួសជុលកំផែងក្រុងនេះបានជួបការប្រឆាំង តាមរូបភាពនៃការបោកបញ្ឆោត និងការគំរាមកំហែង។ លោកនេហេមាមិនបណ្តោយឲ្យការប្រឆាំងនេះ រារាំងកិច្ចការរបស់គាត់ឡើយ។ គាត់ក៏បានប្រាប់អ្នកប្រឆាំងទាំងនោះថា “ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ”(នេហេមា ៦:៣)។ បន្ទាប់មក គាត់ក៏បានអធិស្ឋានសូមឲ្យព្រះជាម្ចាស់ ចម្រើនកម្លាំងដៃរបស់គាត់(ខ.៩)។ ដោយសារការស៊ូទ្រាំនេះ ការងារជួសជុលកំផែងក្រុងយេរូសាឡិម ក៏បានបញ្ចប់ដោយជោគជ័យ(ខ.១៥)។
ព្រះជាម្ចាស់បានប្រទានកម្លាំង ឲ្យលោកនេហេមា ស៊ូទ្រាំ នៅចំពោះមុខនៃការប្រឆាំងរបស់សត្រូវ។ តើមានកិច្ចការណាមួយ ដែលអ្នកចង់បោះបង់ចោល ដោយសារឧបស័គ្គឬទេ? ចូរទូលសូមព្រះជាម្ចាស់ ឲ្យផ្គត់ផ្គង់អ្វី ដែលអ្នកត្រូវការ ដើម្បីបន្តដំណើរទៅមុខទៀត។—LINDA WASHINGTON