Month: December 2019

ស្រោមសំបុត្រដែលបានបាត់

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​រដ្ឋ​មួយ ជា​មួយ​ក្រុម​គ្រួសារ​ខ្ញុំ។ ពេល​យើង​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​ក៏​រើស​បាន​របស់​មួយ។ កាល​នោះ​ ខ្ញុំ​កំពុង​តែ​ចុះ​ចាក់​សាំង​ឡាន ហើយ​ក៏​បាន​ឃើញ​ស្រោម​សំបុត្រ​ធំ​មួយ នៅ​លើ​ដី។ ខ្ញុំ​ក៏​បាន​រើស​ស្រោម​សំបុត្រ​ដែល​ប្រឡាក់​ដី​នោះ​ឡើង ហើយ​ក៏​បាន​បើក​មើល​ខាង​ក្នុង។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​បាន​ឃើញ​លុយ​១រយ​ដុល្លា​នៅ​ខាង​ក្នុង។

ខ្ញុំ​ក៏​បាន​គិត​ថា ម្ចាស់​លុយ​១​រយ​ដុល្លា​នេះ ប្រហែល​ជា​កំពុង​តែ​ដើរ​រក​វា យ៉ាង​វក់​វី​ហើយ។ ខ្ញុំ​ក៏​បាន​ឲ្យ​លេខ​ទូរស័ព្ទ​ខ្ញុំ ទៅ​បុគ្គលិក​ចាក់​សាំង នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ ក្រែង​លោ​មាន​នរណា​ម្នាក់​ត្រឡប់​មក​រក​វា។ ប៉ុន្តែ មិន​ឃើញ​មាន​នរណា​ម្នាក់​ទូរស័ព្ទ​មក​ខ្ញុំ​សោះ។

មនុស្ស​ម្នាក់​មាន​លុយ​នោះ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន តែ​គាត់​ក៏​បាន​បាត់​វា។ ទ្រព្យ​សម្បត្តិ​ក្នុង​លោកិយ គឺ​ច្រើន​តែ​មាន​លក្ខណៈ​ដូចនេះ​ឯង។ វា​អាច​បាត់​បង់ ត្រូវ​គេ​លូច ឬ​ប្លន់ ឬ​ក៏​បំផ្លាញ។ វា​អាច​បាត់​បង់​នៅ​ក្នុង​ការ​វិនិយោគ​ដែលមិន​ល្អ ឬ​នៅ​ក្នុង​ការ​រក​ស៊ី ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន​ជីវិត​អស់​កល្ប គឺ​ជា​ទ្រព្យ​សម្បត្តិ នៅ​ស្ថាន​សួគ៌ ដែល​យើងមាន​ក្នុង​ព្រះយេស៊ូវ ដែល​មិន​ចេះ​បាត់​បង់​ឡើយ។​ យើង​មិន​អាច​ជ្រុះ​វា​បាត់ នៅ​កន្លែង​ចាក់​សាំង ឬ​នៅ​កន្លែង​ណា​មួយ​ឡើយ។

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​គ្រីស្ទ​ មាន​បន្ទូល​ប្រាប់​យើង​ ឲ្យ “​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ”(ម៉ាថាយ ៦:២០)។ យើង​អាច​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​នៅ​ស្ថាន​សួគ៌ នៅ​ពេល​ដែល​យើង “បាន​ធ្វើ​ការ​ល្អ ជា​បរិបូរ”(ម៉ាថាយ ៦:២០) ឬ “មាន​ជំនឿ​ច្រើន” (យ៉ាកុប ២:៥) ដោយ​ជួយ​អ្នក​ដទៃ…

ផ្នែកម្ខាងទៀតនៃសេចក្តីស្រឡាញ់

ផ្ទះ​សំណាក់​របស់​ពួក​រ៉ូម៉ាំង នៅ​សម័យ​ព្រះ​យេស៊ូវ មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​យ៉ាង​ខ្លាំង បាន​ជា​ពួក​គ្រូ​ក្រឹត្យ​វិន័យ​របស់​សាសន៍​យូដា មិន​អនុញ្ញាត​ឲ្យ​គេ​យក​សត្វ​ពាហនៈ​មក​ចង​ទុក​ក្បែរ​ផ្ទះ​សំណាក់​ទំាង​នោះ​ឡើយ។ ដោយសារ​ស្ថាន​ភាព​ដ៏​ពិបាក​យ៉ាង​នេះ ពេល​ណា​គ្រីស្ទ​បរិស័ទ​ត្រូវ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ តាម​ធម្មតា ពួក​គេ​ស្វែង​រក​កន្លែង​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​អ្នក​ជឿ​ដទៃ​ទៀត។

ក្នុង​ចំណោម​អ្នក​ដំណើរ​នៅ​សម័យ​នោះ មាន​ពួក​គ្រូ​ក្លែង​ក្លាយ ដែល​បាន​បដិសេធ​ថា ព្រះ​យេស៊ូវ​មិន​មែន​ជា​ព្រះ​មែស៊ី​ឡើយ។ ហេតុ​នេះ​ហើយ ក្នុង​សំបុត្រ​ទី​២​របស់​សាវ័ក​យ៉ូហាន គាត់​បាន​ប្រាប់​អ្នក​អាន​សំបុត្រ​គាត់ អំពី​ពេល​ដែល​ពួក​គេ​មិន​ត្រូវ​ស្វាគមន៍​ពួក​នោះ​ឡើយ។ លោក​យ៉ូហាន​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សំបុត្រ​មុន​ថា ពួក​គ្រូ​ក្លែង​ក្លាយ​ទាំង​នោះ គឺ​ជា​ “ពួក​ទទឹង​ព្រះ​គ្រីស្ទ ដែល​មិន​ទទួល​ស្គាល់​ទាំង​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា”(១យ៉ូហាន ២:២២)។ ក្នុង​សំបុត្រ​យ៉ូហាន​ទី​២ គាត់​បាន​ពន្យល់ ដោយប្រាប់​អ្នក​អាន​សំបុត្រ​គាត់​ថា អ្នក​ណាក៏​ដោយ​ដែល​ជឿ​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​មែស៊ី គឺ“មាន​ទាំង​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា”(ខ.៩)។

បន្ទាប់​មក គាត់​ក៏​បាន​ដាស់​តឿន​ថា “បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្តី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​ដល់​អ្នក​នោះ​ផង”(ខ.១០)។ ការ​ស្វាគមន៍​អ្នក​ផ្សាយ​ដំណឹង​ល្អ​ក្លែង​ក្លាយ ឲ្យ​ចូល​ផ្ទះ គឺ​ជា​ការ​ជំរុញ​ឲ្យ​មនុស្ស នៅ​តែ​បន្ត​ដាច់​ចេញ​ពី​ព្រះ។

​សំបុត្រ​ទីពីរ​របស់​លោក​យ៉ូហាន បាន​បង្ហាញ​ផ្នែក​ម្ខាង​ទៀត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ។ យើង​បម្រើ​ព្រះ​មួយ​អង្គ ដែលស្វាគមន៍​មនុស្ស​ម្នាក់​ៗ ដោយ​ព្រះ​ហស្ត​បើក​ចំហរ។ ប៉ុន្តែ​ ក្តី​ស្រឡាញ់​ពិត មិន​បណ្តោយ​ឲ្យ​នរណា​ម្នាក់​ធ្វើ​អាក្រក់​មក​លើ​ខ្លួន​ឯង និង​អ្នក​ដទៃ ដោយ​ចិត្ត​ពុត​ត្បុតនោះ​ឡើយ។ ព្រះ​ជា​ម្ចាស់​ស្វាគមន៍​អ្នក​ដែល​ចូល​មក​រក​ទ្រង់ ដោយ​ការ​ប្រែ​ចិត្ត តែ​ទ្រង់​មិន​ដែល​ឱប​ក្រសោប​ការ​កុហក​នោះ​ឡើយ។​—TIM GUSTAFSON

តើនៅមានសង្ឃឹមទេ?

លោក​អេដវើត ផេយសិន(Edward Payson ឆ្នាំ ១៧៨៣-១៨២៧) បាន​ជួប​ការ​ពិបាក​ជា​ពន់​ពេក នៅ​ក្នុង​ការ​រស់​នៅ។ ការស្លាប់​របស់​ប្អូន​ប្រុស​គាត់​បាន​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​បាន​តយុទ្ធ​នឹង​ជម្ងឺ​ខួរ​ក្បាល​ខុស​ប្រក្រតី ហើយ​គាត់​ក៏​ឈឺក្បាល​ប្រកាំង​ធ្ងន់​ធ្ងរ ដែល​មួយ​លើក​ៗ​មាន​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ មិន​តែ​ប៉ុណ្ណោះ គាត់​ក៏​បាន​ពិការ​ដៃ​មួយ​ចំហៀង ដោយសារ​ធ្លាក់​ពី​លើ​ខ្នង​សេះ ហើយ​គាត់​ស្ទើរ​តែ​បាត់​បង់​ជីវិត​ ដោយសារ​ជម្ងឺរ​បេង​ទៀត! អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺ​គាត់​មិន​បាន​ឆ្លើយ​តប ចំពោះ​ទុក្ខ​លំបាក ដោយ​ភាព​អស់​សង្ឃឹម​នោះ​ឡើយ។ មិត្ត​ភក្តិ​គាត់​បាន​និយាយ​ថា មុន​ពេល​លោក​អេដវើត​លា​ចាក​លោក គាត់​មាន​ក្តី​អំណរ​យ៉ាង​ខ្លាំង នៅ​ក្នុង​ជីវិត។ តើ​គាត់​អាច​មាន​ក្តី​អំណរ​ដោយ​របៀប​ណា?

ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​ទុក​ចិត្ត​ទាំង​ស្រុង ចំពោះ​ភាព​ពិត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ ទោះ​គាត់​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ។ គាត់​ក៏​បាន​ចោទ​ជា​សំណួរ ដោយ​ចិត្ត​ក្លាហាន​ថា “បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន(រ៉ូម ៨:៣១)។ បើ​សិន​ជា​ព្រះ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ ព្រះ​នាម​យេស៊ូវ ដើម្បី​ជួយ​សង្រ្គោះ​យើង នោះ​ទ្រង់​ក៏​នឹង​ប្រទាន​អ្វី​ៗ​គ្រប់​យ៉ាង ដែល​យើង​ត្រូវ​ការ ដើម្បី​រស់​នៅ​ឲ្យ​បាន​ល្អ។ សាវ័ក​ប៉ុល​ក៏​បាន​លើក​ឡើង អំពី​បញ្ហា​៧​មុខ ដែល​គាត់​បាន​ជួប​ប្រទះ ដែល​មាន​ដូច​ជា: ​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​វេទនា សេចក្តី​បៀត​បៀន សេចក្តី​អត់ឃ្លាន សេចក្តី​អាក្រាត សេចក្តី​អន្តរាយ ឬ​ដាវ​(ខ.៣៥)។ ត្រង់​ចំណុច​នេះ គាត់​មិន​បាន​និយាយ​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ នឹង​ការពារ​មិន​ឲ្យ​ការ​អាក្រក់​កើត​ឡើង ចំពោះ​យើង​នោះ​ឡើយ។ ប៉ុន្តែ គាត់​បាន​និយាយ​ថា “គឺ​ក្នុង​សេចក្តី​ទាំង​នោះ…