មានពេលមួយ ឪពុកវ័យក្មេងម្នាក់កំពុងតែបាត់បង់ភាពអត់ធ្មត់។ កូនរបស់គាត់ដែលចេះដើរតេសតាស់ចេះតែស្រែកថា “ការ៉េម! ការ៉េម!” គាត់ក៏បានបាត់បង់ការគ្រប់គ្រងកូន នៅក្នុងកណ្តាលចំណោមហ្វូងមនុស្ស នៅក្នុងផ្សារទំនើប។ គាត់ក៏បានប្រាប់កូនគាត់ថា គាត់នឹងទិញការ៉េមឲ្យវាញាំ តែគាត់ត្រូវធ្វើអ្វីមួយ សម្រាប់ម្តាយរបស់វាសិន។ វាក៏ស្រែកទៀតថា “អត់ទេ! ទិញការ៉េម”។ បន្ទាប់មក រឿងនេះក៏បានទាក់ទាញចំណាប់អារម្មណ៍របស់ស្រ្តីម្នាក់ មានមាឌតូច មានសំលៀកបំពាក់ស្អាតបាត ដោយមានស្បែកជើង ដែលសមនឹងការបូបយួរដៃរបស់ខ្លួន។ នាងក៏បានចូលមកជិតពួកគេ។ ឪពុករបស់ក្មេងក៏បានប្រាប់នាងថា “កូននេះទម្រើសណាស់”។ ស្ត្រីនោះក៏បានញញឹម ហើយតបថា “ក្មេងនេះនៅតូចណាស់។ វាត្រូវការឲ្យអ្នកមានចិត្តអត់ធ្មត់ នឹងមានភាពជិតស្និទ្ធចំពោះវា”។ រឿងនេះមិនបានបញ្ចប់ភ្លាមៗទេ តែពាក្យលើកទឹកចិត្តរបស់ស្រ្តីនោះ គឺជាអ្វីដែលឪពុកនឹងកូននោះត្រូវការក្នុងពេលនោះ។
ពាក្យសម្តីរបស់ស្រ្តីនោះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរទំនុកដំកើង ជំពូក១០៣។ ក្នុងបទគម្ពីរនេះ សេ្តចដាវីឌបានពិពណ៌នា អំពីព្រះអម្ចាស់ ដែល “មានសេចក្តីមេត្តាករុណា ហើយនឹងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសដ៏បរិបូរ”(ខ.៨)។ បន្ទាប់មក ទ្រង់ក៏បានមានបន្ទូលប្រៀបប្រដូចថា ព្រះអង្គ “មានព្រះទ័យអាណិតដល់អស់អ្នកដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ”(ខ.១៣)។ ព្រះដ៏ជាព្រះវរបិតានៃយើង “ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ”(ខ.១៤)។ ព្រះអង្គជ្រាបថា យើងតូច ហើយផុយស្រួយ។
យើងច្រើនតែជួបបរាជ័យ ហើយងាយនឹងមានអារម្មណ៍ថាពិបាកពេក ដោយសារការអ្វីដែលពិភពលោកដ៏ធំនេះបានផ្តល់ឲ្យយើង។ តែយើងអាចដឹងច្បាស់ថា ព្រះវរបិតានៃយើងមានព្រះទ័យអត់ធ្មត់ តែងតែគង់នៅជាមួយ ហើយមានក្តីស្រឡាញ់ជាបរិបូរ។—JOHN BLASÉ