មាន​ពេល​មួយ ខ្ញុំ​មាន​ការ​អស់​កម្លាំង​ល្ហិត​ល្ហៃ ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​អារម្មណ៍។ ខ្ញុំ​ក៏​បាន​ទៅ​តម្រេត​ខ្លួន​សម្រាក នៅលើ​កៅ​អី​មាន​ដៃ។ ក្រុម​គ្រួសារ​ខ្ញុំ​បាន​ដើរ​តាម​ការ​ដឹក​នាំ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ក៏​បាន​ផ្លាស់​ទី​លំ​នៅ ពី​រដ្ឋ​កាលីហ្វូញ៉ា ទៅ​រដ្ឋ​វីសខុនសីន។ ពេល​យើង​មក​ដល់ ឡាន​របស់​យើង​ក៏​បាន​ខូច ធ្វើ​ឲ្យ​យើង​គ្មាន​យាន​ជំនិះ​សម្រាប់​ប្រើ​ប្រាស់​អស់​រយៈ​ពេល​២​ខែ។​ ទន្ទឹម​នឹង​នោះ ស្វាមី​របស់​ខ្ញុំ​ក៏​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ផ្លាស់​ទី បន្ទាប់​ពី​គាត់​បាន​ធ្វើ​ការ​វះ​កាត់​ខ្នង ដោយ​មិន​បាន​រំពឹង​ទុក ហើយ​ការ​ឈឺ​ចាប់​ដ៏​រាំរៃ​របស់​ខ្ញុំ បាន​ធ្វើ​ឲ្យ​ការ​រៀប​ចំ​របស់​របរ​ក្នុង​ផ្ទះ​ កាន់​តែ​មាន​ភាព​ស្មុគ្រ​ស្មាញ​។ ផ្ទះ​ដែល​យើង​ទើប​មក​នៅ​ថ្មី​នោះ ជា​ផ្ទះ​ចាស់​មួយ​ខ្នង ដែល​នាំ​ឲ្យ​យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា ហើយ​ត្រូវចំណាយ​ប្រាក់​ជា​ច្រើន។ ឆ្កែ​របស់​យើង​ដែល​មាន​វ័យ​ចាស់​ ហើយ​មាន​បញ្ហា​សុខ​ភាព​ទៀត។ ទោះ​កូន​ឆ្កែ​ដែល​យើង​ទើប​យក​មក​ចិញ្ចឹមបាន​នាំ​មក​នូវ​ក្តី​អំណរ​ជា​ច្រើន​ក្តី ការ​ចិញ្ចឹម​សត្វ​ដែល​រពឹស​ខ្លាំង​យ៉ាង​នេះ បាន​នាំ​ឲ្យ​យើង​រវល់​កាន់​តែ​ខ្លាំង លើស​ពី​ការ​រំពឹង​ទុក។ អាកប្ប​កិរិយា​របស់​ខ្ញុំ​ក៏​បាន​ប្រែ​ជា​មាន​ភាព​ជូរ​ល្វីង។ ​តើ​ខ្ញុំ​អាច​មាន​ជំនឿ​ដែល​មិន​រង្គើរ​ដោយ​របៀប​ណា ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៃ​ទុក្ខ​លំបាក​ដ៏​រលាក់​យ៉ាង​នេះ?

ពេល​ខ្ញុំ​អធិស្ឋាន ព្រះ​ជា​ម្ចាស់​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​សរសើរ​ដំកើង​ព្រះ​អង្គ ទោះ​ខ្លួន​ស្ថិត​ក្នុង​កាលៈ​ទេសៈ​យ៉ាង​ណា​ក៏​ដោយ។ ស្តេច​ដាវីឌ​បាន​ចាក់​បង្ហូរ​អារម្មណ៍​របស់​ទ្រង់​ចេញ​មក ដោយ​មិន​ខ្លាច​គ្រោះ​ថ្នាក់ ហើយ​បាន​ស្វែង​រក​ការ​ជ្រក​កោន នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​(ទំនុកដំកើង ១៦:១)។ ទ្រង់​បាន​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​ជា​អ្នក​ផ្គត់​ផ្គង់ និង​ការពារ​ទ្រង់​(ខ.៥-៦) បាន​ជា​ទ្រង់​សរសេរ​ដំកើង​ព្រះ​ជាម្ចាស់ ហើយ​ដើរ​តាមការ​ប្រឹក្សា​របស់​ព្រះ​អង្គ(ខ.៧)។ ទ្រង់​បាន​បញ្ជាក់​ថា ទ្រង់​នឹង​មិន​រង្គោះ​រង្គើរ​ឡើយ ព្រោះ​ទ្រង់​បាន​មើល​ទៅ​ព្រះ​អម្ចាស់​ជា​និច្ច(ខ.៨)។ ដូច​នេះ ទ្រង់​បាន​អរ​សប្បាយ និង​សម្រាក​យ៉ាង​សុខ​សាន្ត ដោយ​អំណរ ចំពោះ​ព្រះ​វត្ត​មាន​ព្រះ​ជា​ម្ចាស់​(ខ.៩-១១)។

យើង​ក៏​អាច​អរ​សប្បាយ​ផង​ដែរ ដោយ​ដឹង​ថា សន្តិ​ភាព​ក្នុង​ចិត្ត​យើង មិន​អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព​ក្នុង​ពេល​បច្ចុប្បន្ន​ឡើយ។ ពេល​ណា​យើង​អរ​ព្រះ​គុណ​ព្រះ​នៃ​យើង ដែល​មិន​ចេះ​ប្រែ​ប្រួល ព្រះ​វត្ត​មាន​របស់​ព្រះ​អង្គ នឹង​ជួយ​ពង្រឹង​ជំនឿយើង​ឲ្យ​កាន់​តែ​រឹង​មាំ។—XOCHITL DIXON