មានពេលមួយ ខ្ញុំមានការអស់កម្លាំងល្ហិតល្ហៃ ទាំងផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍។ ខ្ញុំក៏បានទៅតម្រេតខ្លួនសម្រាក នៅលើកៅអីមានដៃ។ ក្រុមគ្រួសារខ្ញុំបានដើរតាមការដឹកនាំរបស់ព្រះជាម្ចាស់ ហើយក៏បានផ្លាស់ទីលំនៅ ពីរដ្ឋកាលីហ្វូញ៉ា ទៅរដ្ឋវីសខុនសីន។ ពេលយើងមកដល់ ឡានរបស់យើងក៏បានខូច ធ្វើឲ្យយើងគ្មានយានជំនិះសម្រាប់ប្រើប្រាស់អស់រយៈពេល២ខែ។ ទន្ទឹមនឹងនោះ ស្វាមីរបស់ខ្ញុំក៏មានការពិបាកនៅក្នុងការផ្លាស់ទី បន្ទាប់ពីគាត់បានធ្វើការវះកាត់ខ្នង ដោយមិនបានរំពឹងទុក ហើយការឈឺចាប់ដ៏រាំរៃរបស់ខ្ញុំ បានធ្វើឲ្យការរៀបចំរបស់របរក្នុងផ្ទះ កាន់តែមានភាពស្មុគ្រស្មាញ។ ផ្ទះដែលយើងទើបមកនៅថ្មីនោះ ជាផ្ទះចាស់មួយខ្នង ដែលនាំឲ្យយើងត្រូវដោះស្រាយបញ្ហា ហើយត្រូវចំណាយប្រាក់ជាច្រើន។ ឆ្កែរបស់យើងដែលមានវ័យចាស់ ហើយមានបញ្ហាសុខភាពទៀត។ ទោះកូនឆ្កែដែលយើងទើបយកមកចិញ្ចឹមបាននាំមកនូវក្តីអំណរជាច្រើនក្តី ការចិញ្ចឹមសត្វដែលរពឹសខ្លាំងយ៉ាងនេះ បាននាំឲ្យយើងរវល់កាន់តែខ្លាំង លើសពីការរំពឹងទុក។ អាកប្បកិរិយារបស់ខ្ញុំក៏បានប្រែជាមានភាពជូរល្វីង។ តើខ្ញុំអាចមានជំនឿដែលមិនរង្គើរដោយរបៀបណា ខណៈពេលដែលខ្ញុំកំពុងតែធ្វើដំណើរតាមផ្លូវនៃទុក្ខលំបាកដ៏រលាក់យ៉ាងនេះ?
ពេលខ្ញុំអធិស្ឋាន ព្រះជាម្ចាស់ក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលបានសរសើរដំកើងព្រះអង្គ ទោះខ្លួនស្ថិតក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ។ ស្តេចដាវីឌបានចាក់បង្ហូរអារម្មណ៍របស់ទ្រង់ចេញមក ដោយមិនខ្លាចគ្រោះថ្នាក់ ហើយបានស្វែងរកការជ្រកកោន នៅក្នុងព្រះវត្តមានព្រះ(ទំនុកដំកើង ១៦:១)។ ទ្រង់បានទទួលស្គាល់ថា ព្រះជាម្ចាស់ជាអ្នកផ្គត់ផ្គង់ និងការពារទ្រង់(ខ.៥-៦) បានជាទ្រង់សរសេរដំកើងព្រះជាម្ចាស់ ហើយដើរតាមការប្រឹក្សារបស់ព្រះអង្គ(ខ.៧)។ ទ្រង់បានបញ្ជាក់ថា ទ្រង់នឹងមិនរង្គោះរង្គើរឡើយ ព្រោះទ្រង់បានមើលទៅព្រះអម្ចាស់ជានិច្ច(ខ.៨)។ ដូចនេះ ទ្រង់បានអរសប្បាយ និងសម្រាកយ៉ាងសុខសាន្ត ដោយអំណរ ចំពោះព្រះវត្តមានព្រះជាម្ចាស់(ខ.៩-១១)។
យើងក៏អាចអរសប្បាយផងដែរ ដោយដឹងថា សន្តិភាពក្នុងចិត្តយើង មិនអាស្រ័យទៅលើស្ថានភាពក្នុងពេលបច្ចុប្បន្នឡើយ។ ពេលណាយើងអរព្រះគុណព្រះនៃយើង ដែលមិនចេះប្រែប្រួល ព្រះវត្តមានរបស់ព្រះអង្គ នឹងជួយពង្រឹងជំនឿយើងឲ្យកាន់តែរឹងមាំ។—XOCHITL DIXON