នៅពេលយប់ ក្នុងថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៦៨ លោកបណ្ឌិត ម៉ាទីន លូស័រ ឃីង(Martin Luther King) បានថ្លែងសន្ទរកថា ជាលើកចុងក្រោយថា “ខ្ញុំបានឡើងទៅដល់កំពូលភ្នំហើយ”។ ក្នុងសន្ទរកថានោះ គាត់បាននិយាយព្រលយពាក្យថា គាត់ប្រហែលជារស់មិនបានយូរទេ។ គាត់មានប្រសាសន៍ថា “យើងនៅមានថ្ងៃដ៏ពិបាក ដែលនឹងមកដល់។ ប៉ុន្តែ ពេលនេះ ខ្ញុំមិនខ្វល់អំពីរឿងនេះទេ។ ព្រោះខ្ញុំបានឡើងដល់កំពូលភ្នំហើយ។ ហើយខ្ញុំបានមើលមកក្រោម ខ្ញុំឃើញទឹកដីសន្យា។ ខ្ញុំប្រហែលមិនបានទៅដល់ទឹកដីសន្យាជាមួយអ្នកទេ … ប៉ុន្តែ យប់នេះខ្ញុំសប្បាយចិត្ត។ ខ្ញុំមិនព្រួយបារម្ភអំពីអ្វីទាំងអស់។ ខ្ញុំមិនខ្លាចមនុស្សណាទាំងអស់។ ភ្នែកខ្ញុំបានឃើញសិរីល្អនៃព្រះអម្ចាស់ ដែលជិតយាងមកដល់”។ នៅថ្ងៃបន្ទាប់ គាត់ក៏ត្រូវគេលួចធ្វើឃាត។
ពេលដែលសាវ័កប៉ុលជិតដល់ពេលស្លាប់ គាត់បានសរសេរសំបុត្រផ្ញើទៅលោកធីម៉ូថេ ដែលជាសិស្សរបស់គាត់ ដែលក្នុងនោះគាត់បានសរសេរថា “ដ្បិតខ្ញុំកំពុងតែត្រូវច្រួចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ… ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ”(២ធីម៉ូថេ ៤:៦,៨)។ សាវ័កប៉ុលបានដឹងថា ពេលវេលារបស់គាត់នៅលើផែនដី ជិតដល់ទីបញ្ចប់ហើយ គឺមិនខុសពីលោកបណ្ឌិតឃីងឡើយ។ បុរសទាំងពីរ សុទ្ធតែបានឆ្លងកាត់ជីវិត ដែលបានបំពេញបេសកកម្មដ៏អស្ចារ្យថ្វាយព្រះអម្ចាស់ តែពួកគេមិនដែលភ្លេចផ្តោតទៅលើជីវិតដ៏ពិត ដែលកំពុងរង់ចាំពួកគេនៅនគរស្ថានសួគ៌នោះឡើយ។ ដូចនេះ អ្នកទាំងពីរបានស្វាគមន៍ការអ្វីដែលពួកគេនឹងជួបនៅពេលខាងមុខ។
សូមយើងកុំផ្តោតទៅលើអ្វីដែលមើលឃើញនោះឡើយ តែផ្តោតទៅលើអ្វីដែលមើលមិនឃើញវិញ ព្រោះរបស់ដែលមើលឃើញមិនស្ថិតស្ថេរទេ តែអ្វីដែលមើលមិនឃើញស្ថិតស្ថេរអស់កល្បជានិច្ច(២កូរិនថូស ៤:១៨)។—Remi Oyedele