កាល​លោក​ដាន់ខិន(Duncan) នៅ​ក្មេង គាត់​ខ្លាច​មាន​លុយ​ចាយ​មិន​គ្រប់ ដូច​នេះ ពេល​គាត់​ចូល​ដល់​វ័យ​២០​ឆ្នាំ គាត់​ក៏​បាន​ចាប់​ផ្តើម​កសាង​អនាគត​ខ្លួន​ឯង ដោយ​មាន​ក្តី​ប្រា​ថ្នា​ដ៏​ធំ​មួយ។ គាត់​បាន​ទៅ​ធ្វើ​ការ នៅ​ក្រុម​ហ៊ុន​ស៊ីលីខិន វ៉ាលេយ ដ៏​មាន​កិត្យា​នុភាព ហើយ​គាត់​បាន​ឡើង​មុខ​តំណែង​ជា​បន្ត​បន្ទាប់ ធ្វើ​ឲ្យ​គាត់​រក​បាន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​មហា​សាល។ គាត់​បាន​តម្កល់​លុយ​ជា​ច្រើន​ក្នុង​កុង​ធនាគារ​របស់​គាត់ មាន​ឡាន​ស្ព័រ​ដ៏​ទំនើប​មួយ​គ្រឿង និង​មាន​ផ្ទះតម្លៃ​មួយ​លាន​ដុល្លា​មួយ​ខ្នង នៅ​រដ្ឋ​កាលី​ហ្វូញ៉ា។

គាត់​មាន​អ្វី​ៗ​ដែល​គាត់​ប្រាថ្នា តែ​គាត់​នៅ​តែ​មិន​សប្បាយ​ចិត្ត។ លោក​ដាន់ខិន​ក៏​បាន​និយាយ​ថា “ខ្ញុំ​មាន​ការ​ថប់​បារម្ភ និង​មិន​ចេះ​ស្កប់​ចិត្ត ចំពោះ​អ្វី​ដែល​ខ្ញុំ​មាន។ តាម​ពិត ទ្រព្យ​សម្បត្តិ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ការ​រស់​នៅ​កាន់​តែ​ពិបាក”។ ទោះ​គាត់​មាន​លុយ​ប៉ុន្មាន​គំនរ​ក៏ដោយ ក៏​គាត់​នៅ​តែ​មិន​អាច​រក​បាន​មិត្ត​ភាព ភាព​ជា​សហគមន៍ ឬ​ក្តី​អំណរ​ពិត​ប្រាកដ ហើយ​វា​ច្រើន​តែ​ធ្វើ​ឲ្យ​គាត់​ឈឺ​ក្បាល​កាន់​តែ​ខ្លាំង។

អ្នក​ខ្លះ​ខំ​ចំណាយ​កម្លាំង និង​ពេល​វេលា ដើម្បី​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​ជីវិត​មាន​សុវត្ថិ​ភាព។ ប៉ុន្តែ វា​គ្រាន់​តែ​ជា​ល្បែង​របស់​មនុស្ស​ល្ងង់​ខ្លៅ​ប៉ុណ្ណោះ។ ព្រះ​គម្ពីរ​បាន​ចែង​ថា “អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ” (សាស្តា ៥:១០)។ អ្នក​ខ្លះ​បាន​ខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​យ៉ាង​យូរ​។ ពួក​គេ​បាន​តស៊ូ និង​រុញ​ច្រាន​ខ្លួន​ឯង​ទៅ​មុខ ដោយ​ប្រៀប​ធៀប​ទ្រព្យ​សម្បត្តិ​ខ្លួន​ឯង និង​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ហើយ​ក៏​បានព្យាយាម​ស្វែង​រក​ឋានៈ​ក្នុង​សង្គម។ ពួក​គេ​ប្រហែល​ជា​គិត​ថា ខ្លួន​បាន​រក​ឃើញ​សេរី​ភាព​ផ្នែក​ហិរញ្ញ​វត្ថុ​ហើយ ប៉ុន្តែ ពួក​គេ​នៅ​តែ​មិន​ស្កប់​ចិត្ត​ដដែល។ ពួក​គេ​នៅ​តែ​មាន​អារម្មណ៍​ថា មិន​គ្រប់​គ្រាន់។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​សាស្តា​បាន​លើក​ឡើង​ថា “​អ្នក​ណា​ដែល​ចូល​ចិត្ត​ទ្រព្យ​ដ៏​បរិបូរ នោះ​ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចំរើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ”(ខ.១០)។

តាម​ពិត ការ​ព្យាយាម​ស្វែង​រក​ភាព​ស្កប់​ចិត្ត ដោយ​មិន​បាន​ដើរ​តាម​ផ្លូវ​ព្រះ គឺ​ជា​រឿង​ឥត​ប្រយោជន៍។ ព្រះ​គម្ពីរ​បានប្រាប់​យើង​ឲ្យ​ខិត​ខំ​ធ្វើ​ការ ហើយ​ប្រើ​អំណោយ​ទាន​របស់​យើង ដើម្បី​ជា​ប្រយោជន៍​ដល់​ពិភព​លោក​ តែ​យើង​នឹង​មិនអាច​រក​បាន​ទ្រព្យ​សម្បត្តិ ដែល​ល្មម​នឹង​អាច​បំបាត់​ការ​ស្រេក​ឃ្លាន ដ៏​ជ្រាល​ជ្រៅ​បំផុត​របស់​យើង​បាន​ឡើយ។ មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​អាច​ប្រទាន​ជីវិត​ពិត និង​ស្កប់​ស្កល់​(យ៉ូហាន ១០:១០) គឺ​ជីវិត​ដែល​ផ្អែក​ទៅ​លើ​ទំនាក់​ទំនងនៃ​ក្តី​ស្រឡាញ់ ដែល​ពិត​ជា​មាន​ភាព​គ្រប់​គ្រាន់!—Winn Collier