គេ​បាន​ចាត់​ទុក​លោក​ដេសម៉ុន(Desmond) “ក្នុង​ចំណោម​មនុស្ស​ដែល​ក្លាហាន​បំផុត” ប៉ុន្តែ គាត់​មិន​ដូច​ជា​អ្វីដែល​អ្នក​ដទៃ​បាន​រំពឹង​គិត​នោះ​ទេ។ លោក​ដេសម៉ុន​គឺ​ជា​ទាហាន ដែល​បាន​បដិសេធ​មិន​ព្រម​កាន់​កាំ​ភ្លើង។ ក្នុង​នាម​ជា​ពេទ្យ​ទាហាន គាត់​បាន​ជួយ​សង្រ្គោះ​ទាហាន​៧៥​នាក់ ដែល​មាន​របួស ដោយ​សែង​ពួក​គេ​ម្តង​មួយ​ៗ​ តែ​ម្នាក់ឯង ចេញ​ពី​សមរភូមិ​ដ៏​ក្តៅ​គគុក ដែល​ក្នុង​ចំណោម​នោះ ក៏​មាន​អ្នក​ដែល​ធ្លាប់​ហៅ​គាត់​ថា ជន​កំសាក និង​បាន​សើចចម្អក​ឲ្យ​សេចក្តី​ជំនឿ​របស់​គាត់​ផង​ដែរ។  ខណៈ​ពេល​ដែល​លោក​ដេស​ម៉ុន​បាន​រត់​ចូល​កន្លែង​ដែល​កំពុង​មាន​ការបាញ់​ដាក់​គ្នា​ជា​ខ្លាំង គាត់​ក៏​បាន​អធិស្ឋាន​ជាប់​ជានិច្ច​ថា “ឱ​ព្រះ​អម្ចាស់ សូម​ជួយ​ទូល​បង្គំ ឲ្យ​អាច​សង្រ្គោះ​ជីវិត​មនុស្ស​ម្នាក់​ទៀត”។ គាត់​ក៏​បាន​ទទួល​មេដាយ​កិត្តិ​យស សម្រាប់​សេចក្តី​ក្លាហាន​របស់​គាត់។​

ព្រះគម្ពីរ​បាន​ប្រាប់​យើង​ថា មនុស្ស​មាន​ការ​យល់​ច្រឡំ​យ៉ាង​ខ្លាំង ចំពោះ​ព្រះ​អង្គ។ ព្រះ​យេស៊ូវ​បាន​យាង​ចូល​ក្នុង​ទីក្រុង​យេរូសាឡិម ដោយ​ជិះ​លើ​ខ្នង​សត្វ​លា ដូច​ដែល​ហោរា​សាការី​បាន​ថ្លែង​ទំនាយ​(៩:៩) ហើយ​ហ្វូង​មនុស្ស​ក៏​បាន​គ្រវី​ធាង​ចាក ដោយ​ស្រែក​ឡើង​ថា “ហូសាណា!”(ដែល​ជា​ការ​ស្រែក​សរសើរ​ដំកើង  មាន​ន័យ​ថា “សង្រ្គោះ”!)។ ពួក​គេ​បាន​ដក​ស្រង់​បទ​គម្ពីរ​ទំនុក​ដំកើង ១១៨:២៦ ដោយ​ស្រែក​ឡើង​ថា “ព្រះអង្គ​ដែល​យាង​មក​ដោយ​ព្រះនាម​ព្រះអម្ចាស់ គឺ​ជា​ស្តេច​នៃ​អ៊ីស្រាអែល ទ្រង់​ប្រកប​ដោយ​ព្រះពរ”(យ៉ូហាន ១២:១៣) ។ ប៉ុន្តែ ខគម្ពីរ​បន្ទាប់ នៅ​ក្នុង​បទគម្ពីរ​ទំនុក​ដំកើង​នោះ បាន​និយាយ​សំដៅ​ទៅ​លើការ​នាំ​យក​ដង្វាយ​មក “ដោយ​មាន​ធាង​ចាក​នៅ​ដៃ” (ទំនុក​ដំកើង ១១៨:២៧)។  ហ្វូង​មនុស្ស នៅ​ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​១២ បាន​ទន្ទឹង​រង់​ចាំ ស្តេច​នៅ​ផែន​ដី ដែល​នឹង​សង្រ្គោះ​ពួក​គេ​ឲ្យ​រួច​ពី​នឹម​ត្រួត​ត្រា​របស់​ចក្រ​ភព​រ៉ូម៉ាំង ប៉ុន្តែ ព្រះយេស៊ូវ​ទ្រង់​ល្អ​លើស​ស្តេច​នៅ​ផែនដី។ ព្រះ​អង្គ​ជា​ស្តេច​លើអស់​ទំាង​ស្តេច  ហើយ​ជា​ដង្វាយ​របស់​យើង ដែល​ជា​ព្រះ​យក​កំណើត​ជា​មនុស្ស ដោយ​ស្ម័គ្រ​ព្រះ​ទ័យ​ឱប​ក្រសោប​យក​ឈើ​ឆ្កាង ដើម្បី​សង្រ្គោះ​យើង​ឲ្យ​រួច​ពី​បាប ដែល​នេះ​ជា​គោល​បំណង ដែល​បាន​ថ្លែង​ក្នុង​បទ​ទំនាយ​ កាល​ពីប៉ុន្មាន​សតវត្សរ៍​មុន។

ពី​ដំបូង​ពួក​សាវ័ក​មិន​បាន​យល់​ព្រះ​បន្ទូល​ទ្រង់​ទេ។ តែ​ក្រោយ​មក ពួក​គេ​ក៏​បាន​ដឹង​ថា បទ​ទំនាយ​ទាំង​នោះ​សុទ្ធ​តែបាន​ចែង​អំពី​ព្រះ​អង្គ​(យ៉ូហាន ១២:១៦)។ បន្ទាប់​ពី​បាន​ទទួល​ការ​បំភ្លឺ​ពី​ព្រះ​បន្ទូល​ព្រះ ពួក​គេ​ក៏​បាន​យល់​ច្បាស់អំពី​បំណង​ព្រះ​ទ័យ​ដ៏​អស់​កល្ប​របស់​ព្រះ។ ព្រះ​អង្គ​ស្រឡាញ់​យើង​ណាស់ បាន​ជា​ព្រះ​អង្គ​ចាត់​ព្រះ​អង្គ​សង្រ្គោះ​ដ៏មាន​ចេស្តា​ឲ្យ​យាង​ចុះ​មក!—James Banks