គេបានចាត់ទុកលោកដេសម៉ុន(Desmond) “ក្នុងចំណោមមនុស្សដែលក្លាហានបំផុត” ប៉ុន្តែ គាត់មិនដូចជាអ្វីដែលអ្នកដទៃបានរំពឹងគិតនោះទេ។ លោកដេសម៉ុនគឺជាទាហាន ដែលបានបដិសេធមិនព្រមកាន់កាំភ្លើង។ ក្នុងនាមជាពេទ្យទាហាន គាត់បានជួយសង្រ្គោះទាហាន៧៥នាក់ ដែលមានរបួស ដោយសែងពួកគេម្តងមួយៗ តែម្នាក់ឯង ចេញពីសមរភូមិដ៏ក្តៅគគុក ដែលក្នុងចំណោមនោះ ក៏មានអ្នកដែលធ្លាប់ហៅគាត់ថា ជនកំសាក និងបានសើចចម្អកឲ្យសេចក្តីជំនឿរបស់គាត់ផងដែរ។ ខណៈពេលដែលលោកដេសម៉ុនបានរត់ចូលកន្លែងដែលកំពុងមានការបាញ់ដាក់គ្នាជាខ្លាំង គាត់ក៏បានអធិស្ឋានជាប់ជានិច្ចថា “ឱព្រះអម្ចាស់ សូមជួយទូលបង្គំ ឲ្យអាចសង្រ្គោះជីវិតមនុស្សម្នាក់ទៀត”។ គាត់ក៏បានទទួលមេដាយកិត្តិយស សម្រាប់សេចក្តីក្លាហានរបស់គាត់។
ព្រះគម្ពីរបានប្រាប់យើងថា មនុស្សមានការយល់ច្រឡំយ៉ាងខ្លាំង ចំពោះព្រះអង្គ។ ព្រះយេស៊ូវបានយាងចូលក្នុងទីក្រុងយេរូសាឡិម ដោយជិះលើខ្នងសត្វលា ដូចដែលហោរាសាការីបានថ្លែងទំនាយ(៩:៩) ហើយហ្វូងមនុស្សក៏បានគ្រវីធាងចាក ដោយស្រែកឡើងថា “ហូសាណា!”(ដែលជាការស្រែកសរសើរដំកើង មានន័យថា “សង្រ្គោះ”!)។ ពួកគេបានដកស្រង់បទគម្ពីរទំនុកដំកើង ១១៨:២៦ ដោយស្រែកឡើងថា “ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃអ៊ីស្រាអែល ទ្រង់ប្រកបដោយព្រះពរ”(យ៉ូហាន ១២:១៣) ។ ប៉ុន្តែ ខគម្ពីរបន្ទាប់ នៅក្នុងបទគម្ពីរទំនុកដំកើងនោះ បាននិយាយសំដៅទៅលើការនាំយកដង្វាយមក “ដោយមានធាងចាកនៅដៃ” (ទំនុកដំកើង ១១៨:២៧)។ ហ្វូងមនុស្ស នៅក្នុងបទគម្ពីរយ៉ូហាន ជំពូក១២ បានទន្ទឹងរង់ចាំ ស្តេចនៅផែនដី ដែលនឹងសង្រ្គោះពួកគេឲ្យរួចពីនឹមត្រួតត្រារបស់ចក្រភពរ៉ូម៉ាំង ប៉ុន្តែ ព្រះយេស៊ូវទ្រង់ល្អលើសស្តេចនៅផែនដី។ ព្រះអង្គជាស្តេចលើអស់ទំាងស្តេច ហើយជាដង្វាយរបស់យើង ដែលជាព្រះយកកំណើតជាមនុស្ស ដោយស្ម័គ្រព្រះទ័យឱបក្រសោបយកឈើឆ្កាង ដើម្បីសង្រ្គោះយើងឲ្យរួចពីបាប ដែលនេះជាគោលបំណង ដែលបានថ្លែងក្នុងបទទំនាយ កាលពីប៉ុន្មានសតវត្សរ៍មុន។
ពីដំបូងពួកសាវ័កមិនបានយល់ព្រះបន្ទូលទ្រង់ទេ។ តែក្រោយមក ពួកគេក៏បានដឹងថា បទទំនាយទាំងនោះសុទ្ធតែបានចែងអំពីព្រះអង្គ(យ៉ូហាន ១២:១៦)។ បន្ទាប់ពីបានទទួលការបំភ្លឺពីព្រះបន្ទូលព្រះ ពួកគេក៏បានយល់ច្បាស់អំពីបំណងព្រះទ័យដ៏អស់កល្បរបស់ព្រះ។ ព្រះអង្គស្រឡាញ់យើងណាស់ បានជាព្រះអង្គចាត់ព្រះអង្គសង្រ្គោះដ៏មានចេស្តាឲ្យយាងចុះមក!—James Banks