កាលពីក្មេង ខ្ញុំមានអនុស្សាវរីយ៍ល្អជាច្រើន ជាមួយនឹងការអាន ឬស្តាប់រឿងនិទាន។ ថ្ងៃមួយ ម្តាយខ្ញុំបានត្រឡប់មកផ្ទះវិញ ដោយនាំសៀវភៅរឿងក្នុងព្រះគម្ពីរអមដោយរូបភាព។ វាជាសៀវភៅធំមួយក្បាល មានក្របក្រាស់ និងមានចំណងជើងថា អ្នកគង្វាលល្អ សៀវភៅរឿងក្នុងព្រះគម្ពីរ ។ រៀងរាល់ពេលល្ងាច មុនពេលចូលគេង ខ្ញុំ និងបងប្រុសខ្ញុំអង្គុយស្តាប់គាត់អានរឿងឲ្យយើងស្តាប់ យ៉ាងជក់ចិត្ត។ រឿងទាំងនោះត្រូវបាននិពន្ធមក តាំងពីសម័យយូរលង់មកហើយ ដោយនិយាយអំពីមនុស្សដែលគួរឲ្យចាប់អារម្មណ៍ និងនិយាយអំពីព្រះជាម្ចាស់ ដែលស្រឡាញ់ពួកគេ។ រឿងទាំងនោះ បានក្លាយជាកែវពង្រីកមួយ ដែលយើងអាចប្រើ ដើម្បីមើលទៅពិភពលោកដ៏ធំធេង។
ព្រះយេស៊ូវជាអ្នកតំណាលរឿងដ៏អស្ចារ្យបំផុត ដែលគ្មាននរណាម្នាក់អាចប្រៀបផ្ទឹមបាន។ ព្រះអង្គជ្រាបថា យើងម្នាក់ៗសុទ្ធតែចូលចិត្តស្តាប់រឿង ហេតុនេះហើយ ព្រះអង្គក៏បានប្រើការតំណាលរឿង ជាមធ្យោបាយ ដើម្បីផ្សព្វផ្សាយដំណឹងល្អរបស់ព្រះអង្គ។ ក្នុងចំណោមរឿងទាំងនោះ មានដូចជា រឿងបុរសព្រោះគ្រាប់ពូជ(ម៉ាកុស ៤:២៦) រឿងគ្រាប់ពូជដ៏តូចល្អិត ដែលដុះចេញជាដើមដ៏ធំ (ខ.៣១) ។ល។ កណ្ឌគម្ពីរដំណឹងល្អម៉ាកុស បានបង្ហាញយ៉ាងច្បាស់ថា ព្រះយេស៊ូវបានប្រើការតំណាលរឿង នៅក្នុងការទំនាក់ទំនងជាមួយមនុស្សជាទូទៅ(ខ.៣៤) ដើម្បីជួយពួកគេ ឲ្យមើលឃើញលោកិយកាន់តែច្បាស់ និងមានការយល់ដឹងកាន់តែត្រឹមត្រូវ អំពីព្រះ ដែលស្រឡាញ់ពួកគេ។
ការចាំរឿងក្នុងព្រះគម្ពីរ គឺពិតជាមានប្រយោជន៍ណាស់ ព្រោះយើងអាចប្រើរឿងក្នុងព្រះគម្ពីរ ដើម្បីផ្សាយដំណឹងល្អ នៃសេចក្តីមេត្តា និងព្រះគុណ ដល់អ្នកដទៃ។—John Blasé