មានពេលមួយ យើងបានធ្វើដំណើរ ដោយទូរស័ព្ទយើងគ្មានសេវា និងគ្មានផែនទីកាន់ក្នុងដៃ។ យើងមានតែការចងចាំ អំពីផែនទីដែលគេបានបិទ នៅច្រកចូលដើម្បីនាំផ្លូវយើង។ ជាង១ម៉ោងក្រោយមក ទីបំផុត យើងក៏បានចេញពីក្នុងព្រៃ ចូលទៅក្នុងចំណតយានយន្ត។ យើងបានបើកហួសផ្លូវបំបែក ដែលជាផ្លូវកាត់ សម្រាប់ថ្មើរជើង ចម្ងាយ៨០០ម៉ែត្រ កាត់ព្រៃ ដូចនេះ យើងក៏បានដើរតាមផ្លូវ កាន់តែ ឆ្ងាយថែមទៀត។
ជីវិតរបស់យើងអាចមានលក្ខណៈដូចនេះឯង។ ក្នុងការសម្រេចចិត្ត យើងមិនគ្រាន់តែត្រូវសួរថា តើវាជាផ្លូវត្រូវ ឬខុសប៉ុណ្ណោះទេ តែយើងក៏ត្រូវសួរថា តើផ្លូវនោះនឹងនាំយើងទៅដល់ណា។ បទគម្ពីរទំនុកដំកើង ជំពូក១ បានប្រៀបធៀបរបៀបនៃការរស់នៅពីប្រភេទ គឺរបៀបនៃការរស់នៅរបស់មនុស្សសុចរិត(អ្នកដែលស្រឡាញ់ព្រះ) និងរបៀបនៃការរស់នៅរបស់មនុស្សអាក្រក់(សត្រូវរបស់អ្នកដែលស្រឡាញ់ព្រះ)។ មនុស្សសុចរិតចម្រើនឡើង ដូចដើមឈើ តែពួកមនុស្សអាក្រក់ត្រូវខ្យល់បក់បោកប៉ើងទៅឆ្ងាយ ដូចអង្កាម(ខ.៣-៤)។ បទគម្ពីរទំនុកដំកើងនេះបានបង្ហាញឲ្យយើងដឹងថា ការចម្រើនឡើងពិតប្រាកដ មានលក្ខណៈដូចម្តេចខ្លះ។ អ្នកដែលមានការចម្រើនឡើង គឺជាអ្នកដែលបានពឹងផ្អែកលើព្រះជាម្ចាស់ ដើម្បីទទួលកម្លាំងជាថ្មី ក្នុងការរស់នៅ។
ដូចនេះ តើយើងអាចក្លាយជាមនុស្សប្រភេទនេះ ដោយរបៀបណា? បទគម្ពីរទំនុកដំកើង ជំពូក១ បានជំរុញយើង ឲ្យគេចចេញពីទំនាក់ទំនង ដែលបង្ហិនបំផ្លាញ និងទម្លាប់អាក្រក់ ហើយលើកទឹកចិត្តយើងឲ្យអរសប្បាយនឹងសេចក្តីបង្គាប់របស់ព្រះជាម្ចាស់វិញ(ខ.២)។ សរុបមក យើងអាចចម្រើនឡើង ដោយសារព្រះជាម្ចាស់ “ថែរក្សាផ្លូវរបស់មនុស្សសុចរិត”(ខ.៦)។
ចូរថ្វាយផ្លូវរបស់អ្នកដល់ព្រះជាម្ចាស់ ព្រមទាំងអនុញ្ញាតឲ្យព្រះអង្គដឹកនាំអ្នក ចេញពីផ្លូវចាស់ ដែលគ្មានគោលដៅ ហើយអនុញ្ញាតឲ្យព្រះគម្ពីរធ្វើជាទឹកទន្លេ ដែលជួយឲ្យប្រព័ន្ធឫសនៃចិត្តរបស់អ្នក លូតលាស់ឡើង។—Glenn Packiam