បើគេតម្រូវឲ្យអ្នកដើរតួជាព្រះយេស៊ូវ ក្នុងខ្សែភាពយន្តមួយ តើអ្នកនឹងសម្តែងយ៉ាងដូចម្តេច? នេះជាសំណួរ ដែលលោកប្រ៊ូស ម៉ាឈានោ(Bruce Marchiano) បានជួប ពេលដែលគេឲ្យគាត់សម្តែងជាតួព្រះយេស៊ូវ ក្នុងខ្សែភាពយន្តព្រះគម្ពីរដោយរូបភាព ក្នុងឆ្នាំ១៩៩៣ ក្រោមចំណងជើងថា កណ្ឌគម្ពីរម៉ាថាយ ។ គាត់ដឹងថា មនុស្សរាប់លាននាក់ដែលបានទស្សនារឿងនេះ នឹងធ្វើការសន្និដ្ឋានអំពីព្រះយេស៊ូវ ដោយផ្អែកទៅលើការសម្តែងរបស់គាត់ ដូចនេះ គាត់មានអារម្មណ៍ថា ពិបាកពេក នៅក្នុងការសម្តែងជាតួព្រះយេស៊ូវ “ឲ្យត្រូវ”។ គាត់ក៏បានលុតជង្គង់ចុះ អធិស្ឋាន ហើយទូលអង្វរព្រះយេស៊ូវ សូមឲ្យគាត់សម្តែងជាតួរបស់ព្រះអង្គឲ្យបានល្អ។
លោកប្រ៊ូសក៏បានទទួលការឆ្លើយតប នៅក្នុងជំពូកទី១ នៃកណ្ឌគម្ពីរហេព្រើរ ដែលក្នុងនោះ អ្នកនិពន្ធបានប្រាប់យើង អំពីរបៀបដែលព្រះវរបិតាបានចាក់ប្រេងតាំងថ្វាយព្រះបុត្រាទ្រង់ “ដោយប្រេងនៃក្តីអំណរ”(១:៩)។ ក្តីអំណរប្រភេទនេះ កើតឡើងពីការប្រកបទាក់ទងនឹងព្រះវរបិតា ដែលបានបង្ហាញចេញមកអស់ពីចិត្ត។ ព្រះយេស៊ូវមានក្តីអំណរប្រភេទនេះ ពេញមួយព្រះជន្មរបស់ទ្រង់។ គឺដូចដែលបទគម្ពីរហេព្រើរ ១២:២ បានពិពណ៌នាថា “ទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ”។
បន្ទាប់ពីគាត់បានយល់អំពីការបកស្រាយនេះ ក្នុងព្រះគម្ពីរ គាត់ក៏បានសម្តែងជាតួព្រះយេស៊ូវ ដោយបង្ហាញចេញនូវក្តីអំណរ តាមលក្ខណៈដ៏ពិសេស។ ជាលទ្ធផលគេក៏បានហៅគាត់ថា “អ្នកដើរតួជាព្រះយេស៊ូវ ដែលមានព្រះភក្រ្តញញឹម”។ យើងក៏អាចលុតជង្គង់ចុះ ហើយ “ទូលអង្វរដល់ព្រះយេស៊ូវ សូមឲ្យយើងមានអាកប្បកិរិយា ដូចព្រះអង្គ” ផងដែរ។ សូមឲ្យព្រះអង្គបំពេញយើង ដោយលក្ខណៈសម្បត្តិរបស់ព្រះអង្គ ដើម្បីឲ្យមនុស្សនៅជុំវិញយើង អាចមើលឃើញព្រះអង្គបង្ហាញចេញនូវសេចក្តីស្រឡាញ់ ក្នុងជីវិតយើង!—Elisa Morgan