បើ​គេ​តម្រូវ​ឲ្យ​អ្នក​ដើរ​តួ​ជា​ព្រះ​យេស៊ូវ ក្នុង​ខ្សែ​ភាព​យន្ត​មួយ តើ​អ្នក​នឹង​សម្តែង​យ៉ាងដូចម្តេច? នេះ​ជា​សំណួរ ដែល​លោក​ប្រ៊ូស ម៉ាឈានោ(Bruce Marchiano) បាន​ជួប ពេល​ដែល​គេ​ឲ្យ​គាត់​សម្តែង​ជា​តួ​ព្រះ​យេស៊ូវ ក្នុង​ខ្សែ​ភាព​យន្ត​ព្រះ​គម្ពីរ​ដោយ​រូប​ភាព ក្នុង​ឆ្នាំ​១៩៩៣ ក្រោម​ចំណង​ជើង​ថា កណ្ឌ​គម្ពីរ​ម៉ាថាយ ។ គាត់​ដឹង​ថា មនុស្ស​រាប់លាន​នាក់​ដែល​បាន​ទស្សនា​រឿង​នេះ នឹង​ធ្វើ​ការ​សន្និ​ដ្ឋាន​អំពី​​ព្រះយេស៊ូវ ដោយ​ផ្អែក​ទៅ​លើ​ការ​សម្តែង​របស់​គាត់ ដូច​នេះ គាត់​មាន​អារម្មណ៍​ថា ពិបាក​ពេក នៅ​ក្នុង​ការ​សម្តែង​ជា​តួ​ព្រះ​យេស៊ូវ “ឲ្យ​ត្រូវ”។ គាត់​ក៏​បាន​លុត​ជង្គង់​ចុះ អធិស្ឋាន ហើយ​ទូល​អង្វរ​ព្រះ​យេស៊ូវ សូម​ឲ្យ​គាត់​សម្តែង​ជា​តួ​របស់​ព្រះ​អង្គ​ឲ្យ​បាន​ល្អ។

លោក​ប្រ៊ូស​ក៏​បាន​ទទួល​ការ​ឆ្លើយ​តប នៅ​ក្នុង​ជំពូក​ទី​១ នៃ​កណ្ឌ​គម្ពីរ​ហេព្រើរ ដែល​ក្នុង​នោះ អ្នក​និពន្ធ​បាន​ប្រាប់យើង អំពី​របៀប​ដែល​ព្រះ​វរបិតា​បាន​ចាក់​ប្រេង​តាំង​ថ្វាយ​ព្រះ​បុត្រា​ទ្រង់ “ដោយ​ប្រេង​នៃ​ក្តី​អំណរ”(១:៩)។ ក្តី​អំណរប្រភេទ​នេះ កើត​ឡើង​ពី​ការ​ប្រកប​ទាក់​ទង​នឹង​ព្រះ​វរបិតា ដែល​បាន​បង្ហាញ​ចេញ​មក​អស់​ពី​ចិត្ត។ ព្រះ​យេស៊ូវ​មាន​ក្តីអំណរ​ប្រភេទ​នេះ ពេញ​មួយ​ព្រះ​ជន្ម​របស់​ទ្រង់​។ គឺ​ដូច​ដែល​បទ​គម្ពីរ​ហេព្រើរ ១២:២ បាន​ពិពណ៌នា​ថា “​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្តី​អាម៉ាស់​ខ្មាសនោះ ឲ្យ​តែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ”។

បន្ទាប់​ពី​គាត់​បាន​យល់​អំពី​ការ​បក​ស្រាយ​នេះ ក្នុង​ព្រះ​គម្ពីរ​ គាត់​ក៏​បាន​សម្តែង​ជា​តួ​ព្រះ​យេស៊ូវ ដោយ​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ តាម​លក្ខណៈ​ដ៏​ពិសេស។ ជា​លទ្ធ​ផល​គេ​ក៏​បាន​ហៅ​គាត់​ថា “អ្នកដើរតួជាព្រះយេស៊ូវ ដែលមានព្រះភក្រ្តញញឹម”។ យើង​ក៏​អាច​លុត​ជង្គង់​ចុះ ហើយ “ទូល​អង្វរ​ដល់​ព្រះយេស៊ូវ សូម​ឲ្យ​យើង​មាន​អាកប្ប​កិរិយា ដូច​ព្រះអង្គ” ផង​ដែរ។ សូម​ឲ្យ​ព្រះ​អង្គ​បំពេញ​យើង ដោយ​លក្ខណៈ​សម្បត្តិ​របស់​ព្រះ​អង្គ ដើម្បីឲ្យ​មនុស្ស​នៅ​ជុំវិញ​យើង អាច​មើល​ឃើញ​ព្រះ​អង្គ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ក្នុង​ជីវិត​យើង!—Elisa Morgan