ពេលដែលការវាយប្រហារដោយកាំបិតមានការកើនឡើង ពេញទូទាំងចក្រភពអង់គ្លេស មជ្ឈមណ្ឌលជាងដែកអង់គ្លេសមានគំនិតមួយ។ មជ្ឈមណ្ឌលនេះបានធ្វើការជាមួយកងកម្លាំងប៉ូលីសប្រចាំតំបន់ ដោយបង្កើតប្រអប់ដាក់កាំបិត២រយប្រអប់ យកទៅដាក់នៅទូទាំងប្រទេស ហើយក៏បានធ្វើយុទ្ធនាការណ៍លើកទឹកចិត្ត ឲ្យគេយកកាំបិតមកប្រគល់ក្នុងប្រអប់នោះ។ ជាលទ្ធផល កាំបិតប្រហែល១សែនដើម ត្រូវបានគេយកមកដាក់ក្នុងប្រអប់ទាំងនោះ ជាលក្ខណៈអនាមិក ដែលក្នុងនោះ មានកំាបិតខ្លះនៅមានប្រឡាក់ឈាមនៅឡើយ។ បន្ទាប់មក គេក៏បានដឹកជញ្ជូនកាំបិតទាំងនោះ យកទៅឲ្យលោកអាលហ្វ៊ី ប្រេតលី(Alfie Bradley) ដែលជាជាងចម្លាក់។ គាត់ក៏បានធ្វើឲ្យមុខកាំបិតទាំងនោះរិលអស់ ហើយក៏បានឆ្លាក់ឈ្មោះជនរងគ្រោះ ដោយសារការវាយប្រហារដោយកាំបិត នៅលើផ្លែកាំបិតមួយចំនួន ហើយក៏បានឆ្លាក់សាររបស់ជនល្មើសដែលមានការស្តាយក្រោយ ចំពោះទង្វើររបស់ខ្លួន នៅពីលើផ្លែកាំបិតផ្សេងទៀត។ បន្ទាប់មក គេក៏បានយកកាំបិតទាំង១សែនដើមនោះ មកផ្សាចូលគ្នា បង្កើតជារូបចម្លាក់ទេវតាកាំបិត ដែលមានកម្ពស់៨ម៉ែត្រ ដែលមានស្លាបធ្វើពីដែកថែបពណ៌ភ្លឺផ្លេក។
ពេលខ្ញុំឈរនៅពីមុខរូបចម្លាក់ទេវតាកាំបិតនេះ ខ្ញុំក៏បានឆ្ងល់ថា តើការកសាងរូបចម្លាក់នេះ បានជួយការពារជីវិតមនុស្សប៉ុន្មានពាន់នាក់ មិនឲ្យត្រូវរបួស ដោយសារការវាយប្រហារនឹងកាំបិត។ ពេលនោះ ខ្ញុំក៏បានគិតដល់ការបើកសម្តែងរបស់ហោរាអេសាយ អំពីផ្ទៃមេឃ និងផែនដីថ្មី(អេសាយ ៦៥:១៧) ជាកន្លែងដែលក្មេងៗមិនស្លាប់ទាំងអាយុខ្លី (ខ.២០) ឬចម្រើនវ័យធំឡើង ក្នុងភាពក្រីក្រ ដែលនាំឲ្យកើតមានឧក្រឹដ្ឋកម្មនោះឡើយ(ខ.២២-២៣) ជាកន្លែងដែលលែងមានការវាយប្រហារដោយកាំបិតឬដាវ ព្រោះដាវទាំងអស់នឹងត្រូវគេយកទៅកែច្នៃជាវត្ថុដែលមានប្រយោជន៍ជាងនេះ(២:៤)។
ផែនដីថ្មីនេះ មិនទាន់មកដល់នៅឡើយទេ ប៉ុន្តែ យើងត្រូវតែអធិស្ឋាន និងបម្រើរហូតដល់ពេលដែលវាមកដល់(ម៉ាថាយ ៦:១០)។ រូបចម្លាក់ទេវតាកាំបិត នៅប្រទេសអង់គ្លេស បានធ្វើឲ្យយើងគិតដល់ពេលអនាគត ដែលព្រះជាម្ចាស់បានសន្យា។ ពេលនោះ ដាវនឹងប្រែក្លាយជាផាលនង្គ័ល។ អាវុធនឹងប្រែក្លាយជាវត្ថុសីល្បៈ។ តើមានការផ្លាស់ប្រែអ្វីទៀតនៅពេលអនាគត ដែលយើងអាចគិតដល់? —Sheridan Voysey