កាលពីរដូវក្តៅឆ្នាំមុន សត្វត្រីបាឡែនពិឃាតមួយក្បាលទៀត ឈ្មោះ តាលេខ្វះ(Talequah)បានបង្កើតកូន។ ហ្វូងរបស់ត្រីបាឡែនពិឃាត តាលេខ្វះ ត្រូវបានគេចាត់ទុកជាសត្វដែលជិតផុតពូជ ហើយកូនរបស់វា ដែលទើបតែកើតថ្មីនោះ គឺជាក្តីសង្ឃឹមរបស់ពួកគេ សម្រាប់ពេលអនាគត។ ប៉ុន្តែ កូនរបស់វាក៏បានស្លាប់ បន្ទាប់ពីកើតបានរយៈពេលមិនដល់១ម៉ោង។ មេត្រីបាឡែនមួយក្បាលនេះបានរុញសាកសពរបស់កូនវា កាត់តាមតំបន់ទឹកត្រជាក់ ក្នុងមហាសមុទ្របាស៊ីភិច អស់រយៈពេល៧០ថ្ងៃ ទំរាំតែវាអាចព្រលែងសាកសពរបស់កូនវា។ គេក៏បានថតព្រឹត្តិការណ៍ដ៏សោកសៅនេះ ហើយចាក់ផ្សាយឲ្យមនុស្សទូទាំងពិភពលោកទស្សនា។
ជួនកាល អ្នកជឿព្រះយេស៊ូវ ក៏មានការពិបាក នៅក្នុងការជម្នះភាពសោកសង្រេងផងដែរ។ ជួនកាល យើងខ្លាចគេគិតថា ភាពសោកសង្រេងរបស់យើង គឺជាសញ្ញាបង្ហាញថា យើងកំពុងតែខ្វះសេចក្តីសង្ឃឹម។ ប៉ុន្តែ ព្រះគម្ពីរបានចែងអំពីមនុស្សជាច្រើន ដែលបានស្រែករកព្រះ ពេលដែលពួកគេសោកសង្រេង។ ការពោលទំនួញ និងក្តីសង្ឃឹម អាចជាផ្នែកមួយនៃការឆ្លើយតប ដ៏ស្មោះត្រង់។
កណ្ឌគម្ពីរបរិទេវ ជាកណ្ឌគម្ពីរដែលមានបទកំណាព្យ៥បទ ដែលបង្ហាញភាពសោកសង្រេងរបស់អ្នកដែលបានបាត់បង់ផ្ទះសម្បែង ត្រូវពួកខ្មាំងសត្រូវតាមសម្លាប់ ហើយក៏ស្ទើរតែបាត់បង់ជីវិត(៣:៥២-៥៤) ហើយពួកគេក៏បានទួញយំ និងទូលអង្វរឲ្យព្រះជាម្ចាស់ប្រទានភាពយុត្តិធម៌(ខ.៦៤)។ ពួកគេស្រែករកព្រះ មិនមែនដោយសារពួកគេអស់សង្ឃឹមនោះទេ តែគឺដោយសារពួកគេជឿថា ព្រះជាម្ចាស់កំពុងតែស្តាប់ពួកគេ។ ហើយពេលដែលពួកគេស្រែករកព្រះអង្គ ព្រះជាម្ចាស់ក៏បានយាងមកជិតពួកគេ(ខ.៥៧)។
ការសោកសង្រេងអំពីរឿងដ៏សោកសៅក្នុងពិភពលោក ឬក្នុងជីវិតយើង គឺមិនមែនជាទង្វើរខុសឆ្គងទេ។ ព្រះជាម្ចាស់តែងតែស្តាប់យើងអធិស្ឋានជានិច្ច ហើយយើងអាចដឹងច្បាស់ថា ព្រះជាម្ចាស់ប្រាកដជានឹងទតមើលយើង ពីស្ថានសួគ៌មកមិនខាន។—Amy Peterson