នៅលើឆកនៃកោះហាតេរ៉ាស ដែលមានទីតាំងនៅក្បែរតំបន់ឆ្នេរនៃរដ្ឋឃែរ៉ូឡៃណាខាងជើង សហរដ្ឋអាមេរិក មានប៉មបញ្ចាំងពន្លឺមួយ ដែលជាទីរំឭកដល់អ្នកដែលបានធ្វើការក្នុងស្ថានីយបញ្ចាំងពន្លឺ តាំងពីឆ្នាំ១៨០៣។ គេបានហៅអ្នកទាំងនោះថា “អ្នកបញ្ចាំងពន្លឺ”។ គេបានផ្លាស់ប្តូរទីតាំងរបស់សំណង់អគារនោះ ឲ្យនៅឆ្ងាយពីសមុទ្រ ដោយសារខ្សែបន្ទាត់ឆ្នេរមានការសឹករីករិល ហើយមិនយូរប៉ុន្មាន គេក៏បានឆ្លាក់ឈ្មោះរបស់អ្នកបញ្ចាំងពន្លឺទាំងនោះ នៅលើថ្មរបស់គ្រឹះចាស់ ដោយរៀបចំផ្លាកឈ្មោះនោះ ឲ្យបែរមុខទៅរកទីតាំងថ្មី។ នៅលើផ្លាកនោះ គេក៏បានឆ្លាក់អក្សរដើម្បីពន្យល់ថា ការរៀបចំដូចនេះ គឺដើម្បីឲ្យអ្នកទស្សនាក្នុងពេលសព្វថ្ងៃ អាចដើរតាមគំរូរបស់អ្នកបញ្ចាំងពន្លឺទាំងនោះ ហើយ “ថែរក្សា” ប៉មបញ្ចាំងពន្លឺផងដែរ។
ព្រះយេស៊ូវជាអ្នកប្រទានពន្លឺ។ ព្រះអង្គមានបន្ទូលថា “ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ”(យ៉ូហាន ៨:១២)។ ការអះអាងរបស់ព្រះអង្គត្រង់ចំណុចនេះ បាននាំឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលដូចនេះ ដើម្បីបញ្ជាក់ អំពីទំនាក់ទំនងដែលព្រះអង្គមានជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលជាអ្នកបង្កើតពន្លឺ និងជីវិត និងជាអ្នកចាត់ព្រះអង្គឲ្យយាងចុះមក។
ពេលណាយើងទទួលសេចក្តីសង្រ្គោះពីព្រះយេស៊ូវ ហើយដើរតាមការបង្រៀនរបស់ព្រះអង្គ គឺមានន័យថា យើងចាប់ផ្តើមមានទំនាក់ទំនងជាមួយព្រះ ហើយព្រះអង្គប្រទានឲ្យយើងមានអំណាច និងគោលបំណងថ្មី។ ព្រះជន្ម និងក្តីស្រឡាញ់របស់ព្រះអង្គ មានអំណាចកែប្រែជីវិតមនុស្ស និងជា “ពន្លឺសម្រាប់មនុស្សទាំងអស់”(១:៤) ដែលបានចែងចាំងក្នុងយើង និងតាមរយៈយើង ចូលទៅក្នុងលោកិយដែលងងឹត ហើយពេលខ្លះ មានពេញទៅដោយគ្រោះថ្នាក់។
ក្នុងនាមយើងជាអ្នកដើរតាមព្រះយេស៊ូវ យើងក្លាយជា “អ្នកបញ្ចាំងពន្លឺ” ដល់លោកិយ។ សូមឲ្យអ្នកដទៃបានឃើញពន្លឺព្រះអង្គចេញពីយើង ហើយរកឃើញជីវិត និងក្តីសង្ឃឹម ដែលមានតែព្រះអង្គទេ ដែលអាចប្រទានឲ្យបាន!—James Banks