ភាពឯកោស្ថិតក្នុងចំណោមការគំរាមកំហែងខ្លាំងបំផុត មកលើការរស់នៅរបស់យើង ដែលមានផលប៉ះពាល់មកលើសុខភាពរបស់យើង តាមរយៈអាកប្បកិរិយា ដែលយើងមានចំពោះពត៌មានសង្គម ការបរិភោគអាហារ ។ល។ ការសិក្សាមួយបានរកឃើញថា ២ភាគ៣ នៃមនុស្សទាំងអស់នៅលើផែនដី គ្រប់វ័យ និងភេទ ធ្លាប់មានអារម្មណ៍ឯកោ យ៉ាងហោចណាស់ ក្នុងពេលណាមួយនៃជីវិត។ ផ្សារទំនើបមួយនៅប្រទេសអង់គ្លេស បានបង្កើត “តុសម្រាប់ជជែកគ្នា” ក្នុងតូបកាហ្វេរបស់ខ្លួន ដើម្បីជំរុញឲ្យមនុស្សមានទំនាក់ទំនងជាមួយគ្នា។ អ្នកដែលចង់បានមនុស្សអង្គុយនិយាយគ្នាលេង គឺគ្រាន់តែអង្គុយនៅតុនោះ ដោយចូលរួមជាមួយអ្នកដទៃ ឬបង្ហាញឲ្យគេដឹងថា ខ្លួនចង់មានអ្នកនិយាយជាមួយ។ ពេលនោះ ការសន្ទនាក៏បានកើតមាន ដោយធ្វើឲ្យពួកគេមានអារម្មណ៍ថាបានតភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ឬមានទំនាក់ទំនងជាសហគមន៍។
ពួកជំនុំដំបូង ក៏មានការប្តេជ្ញាចិត្ត នៅក្នុងការប្រកបទាក់ទងគ្នាផងដែរ។ បើគ្មានការប្រកបគ្នាទេ ពួកគេមានអារម្មណ៍ថាឯកោខ្លាំងណាស់ នៅក្នុងការអនុវត្តន៍នូវជំនឿរបស់ខ្លួន ដែលនៅមានភាពថ្មីស្រឡាង សម្រាប់លោកិយ នៅសម័យនោះ។ ពួកគេមិនគ្រាន់តែមានការប្តេជ្ញាចិត្ត ចំពោះការបង្រៀនរបស់ពួកសាវ័ក ដើម្បីស្វែងយល់អំពីអត្ថន័យនៃការដើរតាមព្រះយេស៊ូវប៉ុណ្ណោះទេ តែថែមទាំងបានជួបជុំគ្នា ក្នុងទីធ្លាព្រះវិហារ និងកាច់នំប៉័ងនៅផ្ទះរបស់ពួកគេ ដើម្បីធ្វើការលើកទឹកចិត្តគ្នាទៅវិញទៅមក និងប្រកបគ្នា(កិច្ចការ ២:៤២,៤៦)។
យើងត្រូវការការទំនាក់ទំនងជាមួយអ្នកដទៃ ព្រោះព្រះជាម្ចាស់បានបង្កើតយើងមក ឲ្យមានទំនាក់ទំនងជាមួយគ្នា។ យើងចាំបាច់ត្រូវមានការប្រាស្រ័យទាក់ទង និងរួបរួមគ្នា ដើម្បីឲ្យមានការលូតលាស់ខាងវិញ្ញាណ គឺមិនខុសពីពួកជំនុំដំបូងនោះឡើយ។—Kirsten Holmberg