ភាព​ឯកោ​ស្ថិត​ក្នុង​ចំណោម​ការ​គំរាម​កំហែង​ខ្លាំង​បំផុត មក​លើ​ការ​រស់​នៅ​របស់​យើង ដែល​មាន​ផល​ប៉ះ​ពាល់​មកលើ​សុខ​ភាព​របស់​យើង តាម​រយៈ​អាកប្ប​កិរិយា ដែល​យើង​មាន​ចំពោះ​ពត៌​មាន​សង្គម ការ​បរិភោគ​អាហារ ។ល។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ២​ភាគ​៣ នៃ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី គ្រប់​វ័យ និង​ភេទ​ ធ្លាប់​មាន​អារម្មណ៍​ឯកោ យ៉ាង​ហោច​ណាស់ ក្នុង​ពេល​ណា​មួយ​នៃ​ជីវិត។ ផ្សារ​ទំនើប​មួយ​នៅ​ប្រទេស​អង់​គ្លេស បាន​បង្កើត “តុ​សម្រាប់ជជែក​គ្នា” ក្នុង​តូប​កាហ្វេ​របស់​ខ្លួន ដើម្បី​ជំរុញ​ឲ្យ​មនុស្ស​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា។ អ្នក​ដែល​ចង់​បាន​មនុស្សអង្គុយ​និយាយ​គ្នា​លេង​ ​គឺគ្រាន់​តែ​អង្គុយ​នៅ​តុ​នោះ ដោយ​ចូល​រួម​ជា​មួយ​អ្នក​ដទៃ ឬ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ខ្លួន​ចង់​មាន​អ្នក​និយាយ​ជា​មួយ។​ ពេល​នោះ ការ​សន្ទនា​ក៏​បាន​កើត​មាន ដោយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​បាន​តភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ឬ​មានទំ​នាក់​ទំនង​ជា​សហគមន៍។

ពួក​ជំនុំ​ដំបូង ក៏​មាន​ការ​ប្តេជ្ញា​ចិត្ត នៅ​ក្នុង​ការ​ប្រកប​ទាក់​ទង​គ្នា​ផង​ដែរ។ បើ​គ្មាន​ការ​ប្រកប​គ្នា​ទេ ​ពួក​គេ​មាន​អារម្មណ៍​ថា​ឯកោ​ខ្លាំង​ណាស់ នៅ​ក្នុង​ការ​អនុវត្តន៍​នូវ​ជំនឿ​របស់​ខ្លួន ដែល​នៅ​មាន​ភាព​ថ្មី​ស្រឡាង សម្រាប់​លោកិយ នៅ​សម័យ​នោះ។​ ពួក​គេ​មិន​គ្រាន់​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​ការ​បង្រៀន​របស់​ពួក​សាវ័ក ដើម្បី​ស្វែងយល់​អំពី​អត្ថ​ន័យ​នៃ​ការ​ដើរ​តាម​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ជួប​ជុំ​គ្នា ក្នុង​ទី​ធ្លា​ព្រះ​វិហារ និង​កាច់​នំប៉័ង​នៅ​ផ្ទះ​របស់​ពួក​គេ ដើម្បី​ធ្វើ​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រកប​គ្នា​(កិច្ចការ ២:៤២,៤៦)។

យើង​ត្រូវ​ការ​ការ​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​បង្កើត​យើង​មក ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា។ យើង​ចាំ​បាច់​ត្រូវ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង និង​រួប​រួម​គ្នា​ ដើម្បី​ឲ្យ​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ គឺ​មិន​ខុសពី​ពួក​ជំនុំ​ដំបូង​នោះ​ឡើយ។—Kirsten Holmberg