មាន​រឿង​ខ្លះ​ដែល​យើង​មិន​យល់ ទាល់​តែ​យើង​បាន​ជួប​រឿង​នោះ​ខ្លួន​ឯង។  កាល​ខ្ញុំ​មាន​ផ្ទៃ​ពោះ​កូន​ដំបូង ខ្ញុំ​បាន​អានសៀវភៅ​ជា​ច្រើន ដែល​និយាយ​អំពី​ការ​ប្រសូត្រ និង​ស្តាប់​ស្រ្តី​ជា​ច្រើន​នាក់​ចែក​ចាយ​បទ​ពិសោធន៍ ដែល​ពួក​គេ​ធ្លាប់​ឆ្លង​កាត់ នៅ​ក្នុង​ការ​ពរពោះ និង​ឆ្លង​ទន្លេ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​មិន​អាច​ស្រមៃ​ថា បទ​ពិសោធន៍​នោះ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច​ទេ។ ​អ្វី​ដែល​រូប​កាយ​ខ្ញុំ​នឹង​ធ្វើ​នៅ​ពេល​នោះ ហាក់​ដូច​ជា​រឿង​ដែល​មិន​អាច​ធ្វើ​ទៅ​បាន។​

ក្នុង​បទ​គម្ពីរ ១កូរិនថូស សាវ័ក​ប៉ុល​បាន​បង្រៀន​អំពី​ការ​ចាប់​កំណើត ចូល​នគរ​ព្រះ គឺ​សេចក្តី​សង្រ្គោះ ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​តាម​រយៈ​ព្រះ​គ្រីស្ទ។ អ្នក​ដែល​មិន​ធ្លាប់​បាន​ឆ្លង​កាត់​ការ​ចាប់​កំណើត​នោះ ហាក់​ដូច​ជា​មិន​អាច​យល់អំពី​រឿង​នេះ។ សម្រាប់​អ្នក​ដែល​កំពុង​វិនាស ដំណឹង​ល្អ​ពី​ឈើ​ឆ្កាង គឺ​ជា “សេចក្តីចំកួត” ព្រោះគេ​មិន​ជឿ​ថា សេចក្តី​សង្រ្គោះ​អាច​កើត​មាន ពី​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដែល​ជា​សញ្ញា​សំគាល់​នៃ​ភាព​កម្សោយ បរា​ជ័យ និង​ការ​បន្ទាប​បន្ថោ​កនោះឡើយ។ ប៉ុន្តែ សាវ័ក​ប៉ុល​នៅ​តែ​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្តី​សង្រ្គោះ ទោះ​គេ​គិត​ថា វា​ជា​សេចក្តី​ចំកួត​ក៏​ដោយ។​

អ្នក​មិន​ជឿ​​នឹក​ស្មាន​ថា សេចក្តី​សង្រ្គោះ​នឹង​មាន​លក្ខណៈ​ដូច​ម្តេច​ឡើយ។ អ្នក​ខ្លះ​គិត​ថា សេចក្តី​សង្រ្គោះ នឹង​កើត​មានតាម​រយៈ​អ្នក​ដឹក​នាំ​នយោបាយ​ដ៏​រឹង​មាំ ឬ​តាម​រយៈ​ទីសំគាល់​នៃ​ការ​អស្ចារ្យ។ អ្នក​ខ្លះ​ទៀត​គិត​ថា ជោគ​ជ័យ​នៅ​ក្នុង​ការ​សិក្សា ឬ​ទស្សន​វិជ្ជា គឺ​ជា​សេចក្តី​សង្រ្គោះ​របស់​ពួក​គេ​(១កូរិនថូស ១:២២)។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​ឲ្យ​គេ​រាល់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ប្រទាន​សេចក្តី​សង្រ្គោះ តាម​របៀប​មួយ ដែល​មាន​តែ​អ្នក​ជឿ និង​អ្នក​ដែល​បាន​ពិសោធន៍​នឹង​សេចក្តី​សង្រ្គោះ​ទេ ដែល​អាច​យល់​បាន។

ព្រះ​ជាម្ចាស់​ប្រើ​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដែល​ជា​រឿង​ខ្មាស់​អៀន និង​ទន់​ខ្សោយ ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ប្រាជ្ញា និង​អំណាច​ចេស្តា។ ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​នូវ​រឿង​ដែល​មនុស្ស​មិន​នឹក​ស្មាន​ដល់។ ព្រះ​អង្គ​បាន​ជ្រើស​រើស​ពួក​ល្ងង់ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស់​វិញ(ខ.២៧)។

ហើយ​ជា​និច្ច​ជា​កាល ផ្លូវ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​ព្រះ​អង្គ គឺ​ជា​ផ្លូវ​ដែល​ល្អ​បំផុត។—AMY PETERSON