មានរឿងខ្លះដែលយើងមិនយល់ ទាល់តែយើងបានជួបរឿងនោះខ្លួនឯង។ កាលខ្ញុំមានផ្ទៃពោះកូនដំបូង ខ្ញុំបានអានសៀវភៅជាច្រើន ដែលនិយាយអំពីការប្រសូត្រ និងស្តាប់ស្រ្តីជាច្រើននាក់ចែកចាយបទពិសោធន៍ ដែលពួកគេធ្លាប់ឆ្លងកាត់ នៅក្នុងការពរពោះ និងឆ្លងទន្លេ។ ប៉ុន្តែ ខ្ញុំនៅតែមិនអាចស្រមៃថា បទពិសោធន៍នោះមានលក្ខណៈយ៉ាងដូចម្តេចទេ។ អ្វីដែលរូបកាយខ្ញុំនឹងធ្វើនៅពេលនោះ ហាក់ដូចជារឿងដែលមិនអាចធ្វើទៅបាន។
ក្នុងបទគម្ពីរ ១កូរិនថូស សាវ័កប៉ុលបានបង្រៀនអំពីការចាប់កំណើត ចូលនគរព្រះ គឺសេចក្តីសង្រ្គោះ ដែលព្រះជាម្ចាស់បានប្រទានតាមរយៈព្រះគ្រីស្ទ។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់ការចាប់កំណើតនោះ ហាក់ដូចជាមិនអាចយល់អំពីរឿងនេះ។ សម្រាប់អ្នកដែលកំពុងវិនាស ដំណឹងល្អពីឈើឆ្កាង គឺជា “សេចក្តីចំកួត” ព្រោះគេមិនជឿថា សេចក្តីសង្រ្គោះអាចកើតមាន ពីការសុគតនៅលើឈើឆ្កាង ដែលជាសញ្ញាសំគាល់នៃភាពកម្សោយ បរាជ័យ និងការបន្ទាបបន្ថោកនោះឡើយ។ ប៉ុន្តែ សាវ័កប៉ុលនៅតែផ្សាយដំណឹងល្អអំពីសេចក្តីសង្រ្គោះ ទោះគេគិតថា វាជាសេចក្តីចំកួតក៏ដោយ។
អ្នកមិនជឿនឹកស្មានថា សេចក្តីសង្រ្គោះនឹងមានលក្ខណៈដូចម្តេចឡើយ។ អ្នកខ្លះគិតថា សេចក្តីសង្រ្គោះ នឹងកើតមានតាមរយៈអ្នកដឹកនាំនយោបាយដ៏រឹងមាំ ឬតាមរយៈទីសំគាល់នៃការអស្ចារ្យ។ អ្នកខ្លះទៀតគិតថា ជោគជ័យនៅក្នុងការសិក្សា ឬទស្សនវិជ្ជា គឺជាសេចក្តីសង្រ្គោះរបស់ពួកគេ(១កូរិនថូស ១:២២)។ ប៉ុន្តែ ព្រះជាម្ចាស់បានធ្វើឲ្យគេរាល់គ្នាមានការភ្ញាក់ផ្អើល ដោយប្រទានសេចក្តីសង្រ្គោះ តាមរបៀបមួយ ដែលមានតែអ្នកជឿ និងអ្នកដែលបានពិសោធន៍នឹងសេចក្តីសង្រ្គោះទេ ដែលអាចយល់បាន។
ព្រះជាម្ចាស់ប្រើការសុគតនៅលើឈើឆ្កាង ដែលជារឿងខ្មាស់អៀន និងទន់ខ្សោយ ធ្វើជាមូលដ្ឋានគ្រឹះនៃប្រាជ្ញា និងអំណាចចេស្តា។ ព្រះជាម្ចាស់បានធ្វើនូវរឿងដែលមនុស្សមិននឹកស្មានដល់។ ព្រះអង្គបានជ្រើសរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាស់វិញ(ខ.២៧)។
ហើយជានិច្ចជាកាល ផ្លូវដែលគួរឲ្យភ្ញាក់ផ្អើលរបស់ព្រះអង្គ គឺជាផ្លូវដែលល្អបំផុត។—AMY PETERSON