បន្ទាប់ពីក្មេងប្រុសម្នាក់ បានជួបបញ្ហាប្រឈម នៅសាលា ឪពុករបស់គាត់ ក៏បានចាប់ផ្តើមបង្រៀនគាត់ ឲ្យទន្ទេញការប្តេជ្ញាចិត្តមួយឲ្យចាំ ហើយរៀងរាល់ពេលព្រឹក មុនទៅសាលា គាត់ត្រូវសូត្រថា “ខ្ញុំអរព្រះគុណព្រះអង្គ សម្រាប់ការដាស់ខ្ញុំឡើង នៅថ្ងៃនេះ។ ខ្ញុំទៅរៀននៅថ្ងៃនេះ ដើម្បីឲ្យខ្ញុំអាចធ្វើជាអ្នកដឹកនាំ តាមបំណងព្រះទ័យព្រះ”។ បុរសជាឪពុកសង្ឃឹមថា ការប្តេជ្ញាចិត្តនេះនឹងជួយឲ្យកូនប្រុសគាត់ អនុវត្តតាមអ្វីដែលគាត់បានប្តេជ្ញាចិត្ត ហើយអាចជម្នះបញ្ហាប្រឈមក្នុងជីវិត ដែលមិនអាចជៀសរួច។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអ្វីដែលព្រះជាម្ចាស់បានបង្គាប់ឲ្យពួកអ៊ីស្រាអែលធ្វើ កាលពួកគេនៅវាលរហោស្ថាន។ កាលនោះព្រះអង្គបានបង្គាប់ថា “សេចក្តីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ត្រូវឲ្យប្រិតប្រៀនសេចក្តីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង”(ចោទិយកថា ៦:៦-៧)។
បន្ទាប់ពីពួកអ៊ីស្រាអែលបានវង្វេងនៅវាលរហោស្ថាន អស់រយៈពេល៤០ឆ្នំា អ្នកជំនាន់ថ្មីក៏បានត្រៀមខ្លួនចូលទឹកដីសន្យា។ ព្រះជាម្ចាស់ជ្រាបថា ការនេះមិនងាយទទួលជោគជ័យឡើយ ទាល់តែពួកគេផ្តោតទៅលើព្រះអង្គ។ ដូចនេះហើយ ព្រះអង្គក៏បានជំរុញពួកគេតាមរយៈលោកម៉ូសេ ឲ្យចងចាំ និងស្តាប់បង្គាប់ព្រះអង្គ ហើយជួយកូនពួកគេ ឲ្យស្គាល់ និងស្រឡាញ់ព្រះ ដោយជជែកគ្នាអំពីព្រះបន្ទូលព្រះអង្គ “កាលពួកគេអង្គុយនៅផ្ទះ និងនៅពេលពួកគេដើរតាមផ្លូវ ពេលដែលពួកគេអង្គុយចុះ ក្នុងកាលដែលដេក និងក្រោកឡើងផង”(ខ.៧)។
ជារៀងរាល់ថ្ងៃ យើងក៏អាចប្តេជ្ញាចិត្ត អនុញ្ញាតឲ្យព្រះគម្ពីរដឹកនាំចិត្ត និងគំនិតយើង ខណៈពេលដែលយើងកំពុងរស់នៅ ដោយការដឹងគុណដល់ព្រះអង្គ។—ALYSON KIEDA