អាឡេសា​ជា​ឧបករណ៍​គ្រប់​គ្រង​សម្លេង​របស់​ក្រុម​ហ៊ុន​អាម៉ាហ្សូន ដែល​មាន​លក្ខណៈ​ពិសេស​មួយ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ វា​អាច​លុប​សម្លេង​ទាំង​អស់​ ដែល​វា​បាន​ថត​ទុក។ ទោះ​អ្នក​បាន​ប្រាប់​វា​ឲ្យ​ធ្វើ​អ្វី​ ហើយ​ទោះ​អ្នក​បាន​ឲ្យ​វាទាញ​យក​ពត៌​មាន​អ្វី​ មក​ប្រាប់​អ្នក អ្នក​អាច​ឲ្យ​វា​លុប​ចោល​សម្លេង​របស់​អ្នក ដែល​វា​ថត​ទុក ក្នុង​រយៈ​ពេល​មួយ​ពព្រិច​ភ្នែក ដោយ​គ្រាន់​តែ​និយាយ​មួយ​ឃ្លា​ថា “ចូរ​លុប​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​បាន​និយាយ នៅ​ថ្ងៃ​នេះ”។ រាល់​ពាក្យ​ដែល​យើង​បាននិយាយ សកម្មភាព​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន ដែល​បាន​ថត​សម្លេង​ទុក​ក្នុង​ឧបករណ៍​នេះ ខ្ញុំ​អាច​លុប​ចោល​បាន​ទាំង​អស់ ដោយ​គ្រាន់​តែ​និយាយ​បង្គាប់​វា​ឲ្យ​លុប​ប៉ុណ្ណោះ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មាន​ដំណឹង​ល្អ​មួយ។ ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​នូវ​ការ​ចាប់​ផ្តើម​ជា​ថ្មី។ ព្រះ​អង្គមិន​គ្រាន់​តែ​បាន​លុប​ចោល​នូវ​កំហុស ​ឬ​ទង្វើរ​អាក្រក់​ដែល​យើង​បាន​ធ្វើ​កាល​ពី​មុន​ប៉ុណ្ណោះ​ទេ។ ព្រះ​អង្គ​ក៏​បាន​ប្រទាននូវ​ការ​ប្រោស​លោះ ការ​ប្រោស​ឲ្យ​ជា​ដ៏​ជ្រាល​ជ្រៅ ដែល​កែ​ប្រែ​យើង និង​ធ្វើ​ឲ្យ​យើង​មាន​ជីវិត​ថ្មី។ ព្រះ​អង្គ​មាន​បន្ទូលហៅ​យើង ឲ្យ​ចូល​មក​រក​ព្រះ​អង្គ ព្រោះ​ព្រះ​អង្គ​បាន​ប្រោស​លោះ​យើង​ហើយ​(អេសាយ ៤៤:២២)។ ទោះ​ពួក​អ៊ីស្រាអែល​បាន​បះ​បោរ​ប្រឆំាង និង​មិន​ស្តាប់​បង្គាប់​ព្រះ​អង្គ​ក៏​ដោយ ​ក៏​ព្រះ​អង្គ​បាន​ឈោង​ទៅ​រក​ពួក​គេ ដោយ​សេចក្តី​មេត្តា​ដ៏​ហូរ​ហៀរ។  ព្រះ​អង្គ​បាន​លុប​អំពើ​រំលង​របស់​ពួក​គេ​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ និង​អំពើ​បាប​ពួកគេ​ដូច​ជា​ពពក​ (ខ.២២)។ ព្រះ​អង្គ​បាន​ប្រមូល​គ្រប់​ទាំង​ភាព​អាម៉ាស់ និង​កំហុស ហើយ​លាង​សម្អាត ដោយ​ព្រះ​គុណ​ដ៏​បរិបូរ។​

ព្រះ​ជា​ម្ចាស់​ក៏​លាង​សម្អាត​អំពើ​បាប និង​កំហុស​របស់​យើង។ គ្មាន​កំហុស​អ្វី​ដែល​ព្រះ​អង្គ​មិន​អាច​លុប​ចោល ហើយ​ក៏គ្មាន​របួស​អ្វី ដែល​ព្រះ​អង្គ​មិន​អាច​ប្រោស​ឲ្យ​ជា​នោះ​ឡើយ។ សេចក្តី​មេត្តា​របស់​ព្រះ​បាន​ប្រោស​ឲ្យ​ជា និង​ប្រោស​លោះផ្នែក​ដែល​ឈឺ​ចាប់​បំផុត ក្នុង​វិញ្ញាណ​យើង សូម្បី​តែ​ផ្នែក​ដែល​យើង​បាន​លាក់​ទុក​ជា​យូរ​មក​ហើយ​ក៏​ដោយ។ សេចក្តី​មេត្តា​របស់​ព្រះ​អង្គ​សម្អាត​កំហុស​យើង ហើយ​ក៏​លាង​ជម្រះ​វិប្បដិសារី​ទាំង​អស់​ផង។​—WINN COLLIER