អាឡេសាជាឧបករណ៍គ្រប់គ្រងសម្លេងរបស់ក្រុមហ៊ុនអាម៉ាហ្សូន ដែលមានលក្ខណៈពិសេសមួយ ដែលគួរឲ្យចាប់អារម្មណ៍។ វាអាចលុបសម្លេងទាំងអស់ ដែលវាបានថតទុក។ ទោះអ្នកបានប្រាប់វាឲ្យធ្វើអ្វី ហើយទោះអ្នកបានឲ្យវាទាញយកពត៌មានអ្វី មកប្រាប់អ្នក អ្នកអាចឲ្យវាលុបចោលសម្លេងរបស់អ្នក ដែលវាថតទុក ក្នុងរយៈពេលមួយពព្រិចភ្នែក ដោយគ្រាន់តែនិយាយមួយឃ្លាថា “ចូរលុបអ្វីទាំងអស់ដែលខ្ញុំបាននិយាយ នៅថ្ងៃនេះ”។ រាល់ពាក្យដែលយើងបាននិយាយ សកម្មភាពដែលគួរឲ្យខ្មាស់អៀន ដែលបានថតសម្លេងទុកក្នុងឧបករណ៍នេះ ខ្ញុំអាចលុបចោលបានទាំងអស់ ដោយគ្រាន់តែនិយាយបង្គាប់វាឲ្យលុបប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ យើងមានដំណឹងល្អមួយ។ ព្រះជាម្ចាស់បានប្រទានឲ្យយើងនូវការចាប់ផ្តើមជាថ្មី។ ព្រះអង្គមិនគ្រាន់តែបានលុបចោលនូវកំហុស ឬទង្វើរអាក្រក់ដែលយើងបានធ្វើកាលពីមុនប៉ុណ្ណោះទេ។ ព្រះអង្គក៏បានប្រទាននូវការប្រោសលោះ ការប្រោសឲ្យជាដ៏ជ្រាលជ្រៅ ដែលកែប្រែយើង និងធ្វើឲ្យយើងមានជីវិតថ្មី។ ព្រះអង្គមានបន្ទូលហៅយើង ឲ្យចូលមករកព្រះអង្គ ព្រោះព្រះអង្គបានប្រោសលោះយើងហើយ(អេសាយ ៤៤:២២)។ ទោះពួកអ៊ីស្រាអែលបានបះបោរប្រឆំាង និងមិនស្តាប់បង្គាប់ព្រះអង្គក៏ដោយ ក៏ព្រះអង្គបានឈោងទៅរកពួកគេ ដោយសេចក្តីមេត្តាដ៏ហូរហៀរ។ ព្រះអង្គបានលុបអំពើរំលងរបស់ពួកគេចេញ ដូចជាពពកយ៉ាងក្រាស់ និងអំពើបាបពួកគេដូចជាពពក (ខ.២២)។ ព្រះអង្គបានប្រមូលគ្រប់ទាំងភាពអាម៉ាស់ និងកំហុស ហើយលាងសម្អាត ដោយព្រះគុណដ៏បរិបូរ។
ព្រះជាម្ចាស់ក៏លាងសម្អាតអំពើបាប និងកំហុសរបស់យើង។ គ្មានកំហុសអ្វីដែលព្រះអង្គមិនអាចលុបចោល ហើយក៏គ្មានរបួសអ្វី ដែលព្រះអង្គមិនអាចប្រោសឲ្យជានោះឡើយ។ សេចក្តីមេត្តារបស់ព្រះបានប្រោសឲ្យជា និងប្រោសលោះផ្នែកដែលឈឺចាប់បំផុត ក្នុងវិញ្ញាណយើង សូម្បីតែផ្នែកដែលយើងបានលាក់ទុកជាយូរមកហើយក៏ដោយ។ សេចក្តីមេត្តារបស់ព្រះអង្គសម្អាតកំហុសយើង ហើយក៏លាងជម្រះវិប្បដិសារីទាំងអស់ផង។—WINN COLLIER