ព្រះទ្រង់ចូលចិត្តប្រើមនុស្ស ដែលលោកិយអាចមើលរំលង។ លោកវីលៀម ខារេយ(William Carey) បានទទួលការចិញ្ចឹមបីបាច់ ក្នុងភូមិតូចមួយ កាលទីទសវត្សរ៍ឆ្នាំ១៧០០ ហើយបានទទួលការអប់រំក្នុងប្រព័ន្ធតិចតួច។ គាត់មានជោគជ័យបន្តិចបន្តួច ក្នុងមុខជំនួញដែលគាត់បានជ្រើសរើស ហើយបានរស់នៅក្នុងភាពក្រីក្រ។ ប៉ុន្តែ ព្រះជាម្ចាស់បានប្រទានឲ្យគាត់មានចិត្តចង់ផ្សាយដំណឹងល្អ ហើយក៏បានត្រាស់ហៅគាត់ ឲ្យធ្វើការជាបេសកជន។ លោកខេរេយក៏បានរៀនភាសាក្រិក ហេព្រើរ និងឡាតំាង ហើយទីបំផុត ក៏បានបកប្រែព្រះគម្ពីរសញ្ញាថ្មី ទៅជាភាសាបង់កាលី នៅប្រទេសឥណ្ឌា។ សព្វថ្ងៃនេះ គេបានចាត់ទុកគាត់ ជា “ឪពុកនៃការងារបេសកកម្មសម័យទំនើប” ប៉ុន្តែ ក្នុងសំបុត្រមួយច្បាប់ ដែលគាត់បានសរសេផ្ញើទៅក្មួយប្រុសរបស់គាត់ គាត់បាននិយាយដោយបន្ទាបខ្លួន អំពីសមត្ថភាពរបស់គាត់ថា “ខ្ញុំអាចដើរទៅមុខយឺតៗ យ៉ាងពិបាក។ ខ្ញុំអាចស៊ូទ្រំា”។
ពេលណាព្រះជាម្ចាស់ត្រាស់ហៅយើង ឲ្យធ្វើកិច្ចការអ្វីមួយ ព្រះអង្គក៏ប្រទានយើង នូវកម្លាំង ដើម្បីសម្រេចកិច្ចការនោះ ទោះយើងមានចំណុចខ្វះខាតយ៉ាងណាក៏ដោយ។ ក្នុងបទគម្ពីរពួកចៅហ្វាយ ៦:១២ ទេវតានៃព្រះអម្ចាស់បានលេចមកឲ្យលោកគេឌានឃើញ ហើយក៏បានប្រាប់គាត់ថា “នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង”។ បន្ទាប់មក ទេវតាក៏បានប្រាប់គាត់ ឲ្យសង្រ្គោះពួកអ៊ីស្រាអែល ឲ្យរួចពីសាសន៍ម៉ាឌាន ដែលកំពុងតែចូលលុកលុយទីក្រុង និងស្រែចំការពួកគេ។ ប៉ុន្តែ លោកគេឌាន ដែលមិនបានគិតថាខ្លួនជាអ្នកក្លាហាន ក៏បានឆ្លើយតបថា “ឱព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំជួយសង្គ្រោះ ដល់សាសន៍អ៊ីស្រាអែលបាន មើល ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង”(ខ.១៥)។ ប៉ុន្តែ ព្រះជាម្ចាស់នៅតែប្រើលោកគេឌាន ឲ្យរំដោះរាស្រ្តព្រះអង្គឲ្យមានសេរីភាព។
គន្លឹះនៃជ័យជម្នះរបស់លោកគេឌាន គឺស្ថិតនៅត្រង់ពាក្យថា “ព្រះអម្ចាស់គង់នៅជាមួយឯង”(ខ.១២)។ កាលណា យើងដើរដោយបន្ទាបខ្លួនជាមួយព្រះអង្គសង្រ្គោះនៃយើង ហើយពឹងផ្អែកលើកម្លាំងរបស់ព្រះអង្គ នោះព្រះអង្គនឹងប្រទានកម្លាំងយើង ឲ្យសម្រេចកិច្ចការ ដែលអាចសម្រេចបាន តាមរយៈព្រះអង្គ។—JAMES BANKS