មានពេលមួយ ទឹកប្រាក់ចំនួន ១២ម៉ឺនដុល្លា ត្រូវបានគេច្រឡំដាក់ចូលក្នុងកុងធនាគារបស់ប្តីប្រពន្ធមួយគូរ។ អ្នកទាំងពីរក៏បានដើរទិញរបស់ថ្លៃ យ៉ាងវក់វី។ ពួកគេក៏បានទិញឡានប្រភេទ SUV មួយគ្រឿង ឡានសម្រាប់បោះជុំរំមួយគ្រឿង និងម៉ូតូកង់បួន២គ្រឿង ព្រមទំាងយកលុយនោះទៅបង់ថ្លៃចំណាយផ្សេងៗប្រចាំខែទៀត។ ពេលដែលធានាគាបានរកឃើញថា ទឹកប្រាក់នោះត្រូវបានគេដាក់ក្នុងកុងខុស ធានាគាក៏បានប្រាប់ប្តីប្រពន្ធនេះ ឲ្យយកលុយប្រគល់ឲ្យធានាគាវិញ។ តែគួរឲ្យស្តាយណាស់ ប្តីប្រពន្ធមួយគូរនេះបានចាយលុយនោះអស់ហើយ។ ក្រោយមក គេក៏បានចោទប្រកាន់អ្នកទាំងពីរពីបទចោរកម្ម។ ពេលដែលអ្នកទាំងពីរធ្វើដំណើរមកដល់តុលាការក្នុងតំបន់ បុរសជាប្តីក៏បានប្រាប់អ្នកយកពត៌មានថា គាត់បានប្រព្រឹត្តខុស ដោយសារគាត់បានទទួលការប្រឹក្សាយោបលផ្នែកច្បាប់ដ៏អាក្រក់។ អ្នកទាំងពីរក៏បានដឹងថា ការធ្វើតាមការប្រឹក្សាដ៏អាក្រក់(ហើយយកលុយរបស់អ្នកដទៃទៅចាយ) អាចនាំឲ្យមានបញ្ហាដ៏រញ៉េរញ៉ៃ ក្នុងជីវិតរបស់ពួកគេ។
ផ្ទុយទៅវិញ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានផ្តល់ឲ្យនូវយោបល់ប្រកបដោយប្រាជ្ញា ដែលអាចជួយយើង ឲ្យជៀសវាងការបំផ្លាញជីវិតខ្លួនឯង។ គាត់ថា អ្នកដែលមានពរពិត គឺជាអ្នកដែលបដិសេធមិនព្រមធ្វើតាមយោបល់របស់អ្នក ដែលមិនជឿព្រះ(ទំនុកដំកើង ១:១)។ ពួកគេដឹងថា ការប្រឹក្សាយោបល់ដែលមិនប្រកបដោយប្រាជ្ញា គ្មានការកោតខ្លាចព្រះ អាចនាំទៅរកគ្រោះថ្នាក់ដែលមើលមិនឃើញ និងការខាតបង់ខ្ពស់។ ហើយពួកគេក៏អនុវត្តតាមព្រះបន្ទូលព្រះអង្គ ដោយចិត្តដែលអរសប្បាយ និងជញ្ជឹងគិតអំពីសេចក្តីពិតនៃព្រះបន្ទូលដែលមិនចេះរង្គោះរង្គើរ(ខ.២)។ ពួកគេរកឃើញថា ការចុះចូលនឹងការដឹកនាំរបស់ព្រះ អាចនាំទៅរកស្ថេរភាព និងផលផ្លែក្នុងជីវិត(ខ.៣)។
ពេលណាយើងធ្វើការសម្រេចចិត្ត ទោះតូច ឬធំក្តី ក្នុងរឿងការងារ ប្រាក់កាស ទំនាក់ទំនង ។ល។ នោះយើងចាំបាច់ត្រូវស្វែងរកប្រាជ្ញារបស់ព្រះ ដែលមានក្នុងព្រះគម្ពីរប៊ីប និងស្វែងរកការប្រឹក្សាដែលមានការកោតខ្លាចព្រះ និងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ។ ការដឹកនាំរបស់ព្រះអង្គមានសារៈសំខាន់ និងអាចទុកចិត្តបាន សម្រាប់ការរស់នៅ ក្នុងជីវិតពេញបរិបូរ ដោយមិនមានភាពរញ៉េរញ៉ៃ។—Marvin Williams